30.4 C
Phnom Penh

របបក្រុងភ្នំពេញអះអាងថា ខ្លួនបានអញ្ជើញមន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទៅទស្សនកិច្ចនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របបក្រុងភ្នំពេញអះអាងថា ខ្លួនបានអញ្ជើញមន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទៅទស្សនកិច្ចនៅកម្ពុជា លោកហ៊ុន សែនអះអាងថា លោកបានអញ្ជើញឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ក្នុងវេលាសមស្របខាងមុខ។

លោកហ៊ុន សែនបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៣ខែតុលាថា ការអញ្ជើញលោកស្រីMichelle Bachelet ធ្វើឡើងក្នុងជំនួបរបស់លោកជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិរូបនេះនាទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីថ្ងៃទី២២ខែតុលា។

មេដឹកនាំដែលកំពុងប្រឈមនឹងការរិះគន់ជាខ្លាំងអំពីការសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជារូបនេះ អះអាងថា បើទោះបីកម្ពុជានិងអង្គការសហប្រជាជាតិមានជំហរខុសគ្នាទៅលើបញ្ហាសិទ្ធិមនុស្ស ប៉ុន្តែកម្ពុជានៅតែមានឆន្ទៈសហប្រតិបត្តិការជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។

កាលពីដើមខែកញ្ញាកន្លងទៅ អ្នកស្រីMichelle Bachelet ប្រធានឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានទាមទារឲ្យរបបលោកហ៊ុន សែនត្រូវតែទម្លាក់ចោលរាល់បទចោទប្រកាន់ប្រឆាំងលោកកឹម សុខា និងបទចោទប្រកាន់ទាំងឡាយប្រឆាំងអ្នកទោសនយោបាយ សកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ហើយត្រូវឈប់ធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរ ចំពោះការប្រើប្រាស់សិទ្ធិក្នុងជីវភាពប្រចាំថ្ងៃ និងជីវភាពនយោបាយ។

អ្នកស្រីធ្លាប់ក្រើនរំឭកដល់របបលោកហ៊ុន សែនថា ការអភិវឌ្ឍប្រកបដោយចីរភាពអាចកើតមានទៅបាន លុះត្រាអាជ្ញាធរការពារ និងផ្តល់សិទ្ធិសេរីភាព ដល់អង្គការសង្គមស៊ីវិលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសំឡេងបក្សប្រឆាំងឲ្យបានពេញលេញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស