39.4 C
Phnom Penh

លោកហ៊ុន សែន៖ កម្ពុជាមិនអនុញ្ញាតឲ្យប្រទេសបោះមូលដ្ឋានទ័ពក្នុងទឹកដីរបស់ខ្លួនទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំរបបក្រុងភ្នំពេញអះអាងថា កម្ពុជាមិនអនុញ្ញាតឲ្យប្រទេសណាមួយបោះមូលដ្ឋានទ័ពក្នុងទឹកដីរបស់ខ្លួននោះឡើយ លោកហ៊ុន សែន កាលពីថ្ងៃច័ន្ទបានអះអាងថា កម្ពុជាដាច់ខាតមិនចូលរួមក្នុងកិច្ចប្រតិបត្តិការយោធាជាមួយប្រទេសណាទាំងអស់ លើកលែងតែក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។

លោកបន្តថាកម្ពុជាក៏មិនអាចអនុញ្ញាតឲ្យកងទ័ពបរទេសណាមួយបោះមូលដ្ឋានយោធានៅលើទឹកដីកម្ពុជានោះឡើយ។

លោកបន្តថា ប្រសិនបើរដ្ឋាភិបាលរបស់លោកធ្វើដូច្នេះ គឺជាការរំលោភដល់រដ្ឋធម្មនុញ្ញរបស់ប្រទេសយ៉ាងធ្ងន់ធ្ងរ។

ការអះអាងរបស់លោកហ៊ុន សែនធ្វើឡើងបន្ទាប់ពីសារព័ត៌មាន Asia Times បានផ្សព្វផ្សាយថា កម្ពុជាបានអនុញ្ញាតឱ្យបរទេសប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីធ្វើជាមូលដ្ឋានយោធា។

លោកហ៊ុន សែនអះអាងថា សារព័ត៌មានមួយនេះបានយកបញ្ហាវត្តមាន អ្នកវិនិយោគ និងអ្នកទេសចរចិនធ្វើជាលេសដើម្បីមួលបង្កាច់ និងដាក់កំហុសចំពោះកម្ពុជា។

លោកហ៊ុន សែនអះអាងថា លោកនឹងធ្វើលិខិតផ្លូវការមួយទៅកាន់លោកMike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីពន្យល់ឱ្យច្បាស់អំពីបញ្ហានេះ។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យនៃសមាគមការពារសិទ្ធិមនុស្សអាដហុកលោកសឹងសែនករុណាធ្លាប់អះអាងថា ករណីនេះ សាធារណៈមតិពិបាកដកការជឿជាក់លើសារព័ត៌មាន Asia Times។

លោកបន្តថា សារព័ត៌មានមួយនេះបានដឹងពីចរន្តនយោបាយកម្ពុជាច្បាស់លាស់ អំពីទំនាក់ទំនងកម្ពុជា និងចិនពុងមានភាពស្អិតល្មួត ទាំងវិស័យសេដ្ឋកិច្ច និងនយោបាយ ហើយថា ប្រមុខដឹកនាំរដ្ឋាភិបាលក៏ធ្លាប់ថ្លែងរួចហើយថា កម្ពុជាមានចិនជាខ្នងបង្អែកដ៏រឹងមាំ។

លោក អះអាងថា រដ្ឋាភិបាលកម្ពុជាគួរបញ្ជាក់ឲ្យបានច្បាស់លាស់ដើម្បីបង្ហាញថា កម្ពុជាពិតជាមិនបានពាក់ព័ន្ធអនុញ្ញាតឲ្យប្រទេសចិនបោះទីតាំងយោធាក្នុងទឹកដីរបស់ខ្លួននោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស