39.4 C
Phnom Penh

ក្រុមសហជីពនិយាយថា កម្ពុជា មិនទាន់មានលទ្ធភាពបោះបង់ប្រព័ន្ធអនុគ្រោះពន្ធEBAទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសហជីពនិយាយថា កម្ពុជា មិនទាន់មានលទ្ធភាពបោះបង់ប្រព័ន្ធអនុគ្រោះពន្ធEBAទេ ក្រុមសហជីពឯករាជ្យមួយចំនួននិយាយថាកម្ពុជាមិនទាន់បានត្រៀមខ្លួនសម្រាប់ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធលើទំនិញទាំងអស់លើកលែងតែអាវុធនោះ(EBA)របស់សហភាពទេ។

វិទ្យុសំឡេងស.រ.អា.វីអូអេ បានដកស្រង់សម្តីលោកមឿន តុលា នាយកប្រតិបត្តិសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា Central និងលោករ៉ុងឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា កម្ពុជាមិនទាន់បានត្រៀមយុទ្ធសាស្ត្របង្កើនប្រាក់ចំណូលក្នុងវិស័យផ្សេងៗទៀតដូចជាវិស័យទេសចរណ៍ កសិកម្ម ខណៈវិស័យទាំងនេះកំពុងប្រឈមនឹងហានិភ័យ ពីព្រោះកំណើនអ្នកទេសចរជនជាតិចិនប៉ះពាល់កំណើនអ្នកទេសចរពីប្រទេសលោកខាងលិច ។

ម្យ៉ាងទៀត បើទោះជាកម្ពុជាជាប្រទេសកសិកម្មក៏ដោយ ប៉ុន្តែកសិករជាច្រើនមិនមានដីធ្វើស្រែចម្ការដោយខ្លួនឯងទេ ខណៈដីឡើងថ្លៃដែលនាំឲ្យមានការរំលោភយកដីធ្លីដោយក្រុមហ៊ុន អ្នកមានលុយ មានអំណាច។

លោកផៃ ស៊ីផានអ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ការលើកឡើងរបស់សហជីពគ្រាន់តែជាមតិសហជីព ដែលមិនឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលទេ។

សេដ្ឋកិច្ចកម្ពុជានឹងមិនប្រឈមផលវិបាកណានោះទេ ។

កម្ពុជាមានទីផ្សារផ្សេងទៀតសម្រាប់ផលិតផលរបស់ខ្លួនផងដែរ។

សហភាពអឺរ៉ុបបានជូនដំណឹង កាលពីពេលថ្មីៗនេះពីការរៀបចំដកប្រព័ន្ធអនុគ្រោះពន្ធប្រមាណជាង៦០០លានដុល្លារក្នុងមួយឆ្នាំៗហើយថា ការដកប្រព័ន្ធអនុគ្រោះពន្ធនេះឆ្លុះបញ្ចាំងជំហរសហភាពអឺរ៉ុបអំពីការសម្លាប់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។

ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងមន្ត្រីរដ្ឋាភិបាលមួយចំនួនប្រកាសថា សហគមន៍អន្តរជាតិគ្រោងដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដោយសារតែសេដ្ឋកិច្ចកម្ពុជាបន្តជឿនលឿន។

ក្រុមសហជីពឯករាជ្យយល់ថា ការបកស្រាយរបស់រដ្ឋាភិបាលគឺជាការបន្លប់សាធារណជន ជាជាងព្យាយាមរកដំណោះស្រាយ។

ក្រុមសហជីពសង្កត់ធ្ងន់ថា ការដែលរបបលោកហ៊ុន សែនបកស្រាយត្រឡប់ត្រឡិនម្តងថា ការអនុគ្រោះពន្ធបាត់បង់ដោយសារគណបក្សសង្គ្រោះជាតិម្តងថា មកពីសេដ្ឋកិច្ចកម្ពុជារីកចម្រើននោះគឺជាការឆ្លុះបញ្ចាំងពីការមិនទទួលខុសត្រូវ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស