28.5 C
Phnom Penh

រដ្ឋាភិបាល​កម្ពុជា​ជំរុញ​ឲ្យ​បារាំង​ដក​បម្រាម​អង្ករ​របស់​ខ្មែរ​ទៅ​លក់​នៅ​សហគមន៍​អឺរ៉ុប​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​ បាន​ស្នើឱ្យ​ភាគី​បារាំង​ត្រួត​ពិនិត្យ​ឡើង​វិញ​ ចំពោះ​ការ​បោះឆ្នោត​យល់ស្រប​ជាមួយ​បណ្តា​ប្រទេស​ចំនួន​១៨​ទៀត​ ដែល​ប្រឆាំង​ការ​នាំ​អង្ករ​របស់​កម្ពុជា​ទៅលក់​នៅ​ទីផ្សារ​អឺរ៉ុប។​

ការ​ស្នើនេះ ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​១៨​ខែធ្នូ ​ក្នុង​ជំនួប​រវាង​​លោក​ហោ ណាំហុង​ជាមួយ​អនុប្រធាន​រដ្ឋ​សភា​បារាំង​លោក​Sylvain WAERMAN​នៅ​វិមាន​សន្តិភាព។​ ​

លោក​ហោ ណាំហុង​អះអាង​ថា ​ប្រទេស​អ៊ីតាលី​ ជា​ប្រទេស​មួយ​ដែល​លក់​អង្ករ​នៅ​ក្នុង​សហភាព​អឺរ៉ុប​ប្រជែង​ជាមួយ​អង្ករ​របស់​កម្ពុជា​ ប៉ុន្តែ​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​នៅ​ក្នុង​បណ្តា​ប្រទេស​អឺរ៉ុប​ ដូច​អង្ករ​របស់​កម្ពុជា​នោះ​ទេ ​ហេតុ​ដូច្នេះ​ហើយ​បាន​ប្រទេស​អ៊ីតាលី​គៀរគរ​និង​ស្នើឱ្យ​សហគមន៍​អឺរ៉ុប​ បិទ​មិន​ឱ្យ​អង្ករ​កម្ពុជា​ដាក់លក់​អង្ករ​នៅលើ​ទីផ្សារ​ក្នុង​សហគម​អឺរ៉ុប។​

ក្នុង​ចំណោម​ប្រទេស​ចំនួន​២៨​នៅ​សហភាព​អឺរ៉ុប​​មាន​១៨​ប្រទេស​បាន​បោះឆ្នោត​ប្រឆាំង​ការ​នាំចូល​អង្ករ​របស់​កម្ពុជា​ មិន​ឱ្យ​យកទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​ ក្នុង​នោះ​មាន​ប្រទេស​បារាំង​ផង​ដែរ។​ ​

កាល​ពីថ្ងៃ​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ​លោក​សុខ ពុទ្ធិវុធ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និង​ជា​តំណាង​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ហើយ​ដែល​ត្រូវ​ជាកូន​ប្រសារ​របស់​លោក​ហ៊ុន សែន​ ដែរ​នោះ​បាន​ទៅ​ដល់​ទីស្នាក់ការ​កណ្តាល​សហគមន៍​អឺរ៉ុប​(EU)​នាទី​ក្រុង​ប្រ៊ុសសែល​ ប្រទេស​ប៊ែលហ្សិក​ ដើម្បី​ការពារ​អង្ករ​កម្ពុជា​ពី​ការ​ប៉ុនប៉ង​ដក​ការ​អនុ​គ្រោះពន្ធ​លើការ​នាំចូល​អង្ករ​ពី​កម្ពុជា។​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​អះអាង​ថា​ ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​អង្ករ​កម្ពុជា​មិនត្រឹម​ប៉ះពាល់​ដល់​អ្នក​នាំ​អង្ករ​ចេញ​ទីលក់​នៅក្រៅ​ប្រទេស​ទេ​​កសិករ​ខ្មែរ​ទាំងមូល​ក៏​នឹង​ប៉ះ​ទង្គិច​ផង​ដែរ។​

ក្រុម​អ្នកឃ្លាំ​មើល​និយាយ​ថា​ ការ​បោះឆ្នោត​ប្រឆាំង​របស់​សហភាព​អឺរ៉ុប​ មិន​ឱ្យ​កម្ពុជា​នាំ​អង្ករ​ចូលមក​លក់​បន្ត​ទៀត​​ធ្វើឡើង​ក្រោយ​ពេល​សហភាព​អឺរ៉ុប​ ព្រមាន​ម្តង​ហើយ​ម្តងទៀត​ឲ្យ​របប​ក្រុង​ភ្នំពេញ​ស្តារ​ប្រជា​ធិបតេយ្យ​និង​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ។​

ជាង​នេះទៅ​ទៀត​ពួកគេ​ក៏បាន​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ផលិត​ផល​គ្រប់​ប្រភេទ​លើកលែង​អាវុធ​ឬ​EBA​ចេញពី​កម្ពុជា​ផង​ដែរ​ ប្រសិន​មិន​ព្រម​បើក​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​រស់​ឡើង​វិញ​ ដោះលែង​លោក​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​អនុញ្ញាត​ឱ្យ​សារ​ព័ត៌មាន​ឯករាជ្យ ​និង​បើក​ឲ្យ​សង្គម​ស៊ីវិល​អាច​ដំណើរ​ការ​ឡើង​វិញ​ជាដើម៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស