28.4 C
Phnom Penh

គ្រូ​បង្រៀន​ជាង​១០​នាក់​ប្តឹង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ក្រោយ​លុប​ឈ្មោះពួក​គេ​ចេញពី​ក្រប​ខ័ណ្ឌ​ក្រសួង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រូ​បង្រៀន​ចំនួន​ជាង​១០​នាក់​ បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​កាលពី​ព្រឹកមិញ​​នេះប្តឹង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​គឺ​លោក​ហង់ ជួនណារ៉ុន​ ក្រោយ​ពេល​ពួកគេ​ត្រូវ​បាន​រដ្ឋមន្ត្រី​រូប​នេះ ​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខ័ណ្ឌ​ក្រសួង​កាលពី​ឆ្នាំ​មុន។​

ក្រុម​គ្រូ​បង្រៀន​ទាំងនោះ​អះអាង​ថា​ ប្រសិន​បើ​គ្មាន​សម្ពាធ​នយោបាយ​ទេ​ ពួក​គាត់​ក៏មិន​ត្រូវ​បាន​ក្រសួង​អប់រំ​លុប​ឈ្មោះ​ចេញពី​ក្រប​ខណ្ឌ​របស់​រដ្ឋ​កាលពី​ឆ្នាំ​មុន​នោះ​ដែរ។​

លោក​រ៉ុង ឈុន ដែល​ជា​បុគ្គលិក​ក្រសួង​អប់រំ​ម្នាក់​ក្នុង​ចំណោម​គ្រូ​បង្រៀន​ជាង​១០​នាក់​ទៀត​ ដែល​ត្រូវ​បាន​ក្រសួង​អប់រំ​លុប​ឈ្មោះ​ចេញពី​ក្រប​ខណ្ឌ​រដ្ឋ​ដែរ​នោះ ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ តុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​គ្រូ​បង្រៀន​ទាំង​១០​នាក់​នេះរួច​ហើយ។ ​លោក​មាន​ជំនឿ​ថា ​ប្រសិន​បើ​តុលាការ​មិន​ទទួល​រង​សម្ពាធ​នយោបាយ​ទេ​ នោះ​តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ជូន​ពួក​គាត់​ទាំង​១១​ នាក់​មិន​ខាន​ ព្រោះ​​គាត់​មិន​បាន​ព្រឹត្ត​ខុស​ដូច​ការចោទ​ប្រកាន់​របស់​ក្រសួង​អប់រំ​ទេ។​ ​

នៅក្នុង​ពាក្យ​បណ្តឹង​នោះ ​ពួកគេ​ស្នើឱ្យ​តុលាការ​ចេញ​សាលក្រម​បដិសេធ​ចោល​សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំ​កាលពី​ថ្ងៃ​ទី​៣០​ ខែ​មករា​ឆ្នាំ​២០១៨។ ​លើស​ពី​នេះ​ ពួកគេ​ស្នើ​សុំឱ្យ​តុលាការ​ផ្តល់​ក្រប​ខណ្ឌ​ជា​គ្រូ​បង្រៀន​នៅ​ក្រសួង​អប់រំ​ ដល់​ពួក​គេ​ឡើង​វិញ។​

កាលពី​ដើម​ឆ្នាំ​២០១៨​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​លោក​ហង់ ជួនណារ៉ុន​ បាន​សម្រេច​លុប​ឈ្មោះ​គ្រូ​បង្រៀន​និង​បុគ្គលិក​អប់រំ​ចំនួន​១៣​នាក់ ​ដែល​ជា​អតីត​មន្ត្រី​ជាប់​ឆ្នោត ​និង​មន្ត្រី​គ.ជ.ប.​ពីខាង​បក្ស​ប្រឆាំង ​ចេញពី​ក្រប​ខណ្ឌ​ក្រសួង​អប់រំ​ ក្រោម​ហេតុផល​ថា​ គ្រូ​បង្រៀន​ទាំង​នោះ​អ​វត្តមាន​ពីការងារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស