28 C
Phnom Penh

លោក​ហ៊ុន សែន​ប្រកាស​ត្រៀម​វាយ​ប្រហារ​ កម្លាំង​កងទ័ព​ណា​ប្រឆាំង​រដ្ឋាភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​បញ្ជា​ឱ្យ​ កងទ័ព​ដែល​ស្មោះស្ម័គ្រ​នឹង​របប​របស់​លោក​ត្រូវ​ត្រៀម​ខ្លួន​កម្ទេច​ចោល​កងកម្លាំង​ទាំង​ឡាយ​ណាដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់ ​លោក​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត។​ ប៉ុន្តែ​សហគមន៍​អន្តរ​ជាតិ​ចាត់ទុក​ការ​បោះឆ្នោត​កន្លង​ទៅ ​ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ។ ​

បទបញ្ជា​របស់​លោក​ហ៊ុន សែន​ធ្វើឡើង​ក្នុង​ពិធី​ប្រារព្ធ​ខួប​ ២០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹកមិញ​នេះ។​

លោក​ហ៊ុន សែន​បាន​បញ្ជាក់​ថា​ ក្រុម​កងទ័ព​ទាំង​ឡាយ​ដែល​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​បច្ចុប្បន្ន​គឺ​ជាមុខ​សញ្ញា​ដែល​កម្ចេច​ចោល​ ដោយ​មិន​អនុញ្ញាត​ឱ្យមាន​កម្លាំង​ណាមួយ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោក​ដូចកាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម​ របស់​ព្រះបាទ​នរោត្តម​​សីហនុ​ ដែលត្រូវ​បាន​កម្លាំង​កងទ័ព​សេនា​ប្រមុខ​លន់ នល់​ធ្វើ​រដ្ឋ​ប្រហារ​ កាលពី​ថ្ងៃ​ទី​១៨​មីនា​ឆ្នាំ​១៩៧០។​

មិន​តែ​ប៉ុណ្ណោះ​លោក​ហ៊ុន សែន​បាន​ទទួល​ស្គាល់​ថា​ លោក​ពិតជា​បាន​រៀបចំ​ពង្រឹង​អំណាច​ និង​កម្លាំង​ទ័ព​ក្នុង​ដៃ​របស់​លោក​ដើម្បី​បន្ត​អំណាច​តទៅ​ទៀត​ផង​ដែរ​ ដោយ​មិន​ខ្វល់​ពីអ្នក​រិះគន់​ឡើយ។​

ក្នុង​ក្បួន​ត្រួត​ពល​ នៅ​ព្រឹក​នេះ ​លោក​ហ៊ុន សែន ​និង​ កូនប្រុស​ច្បង​របស់​លោក​គឺ​លោក​ហ៊ុន ម៉ាណែត​ ហាក់​បង្ហាញ​ពី​ឥទ្ធិពល​អំណាច​​របស់​គ្រួសារ​ត្រកូល​ហ៊ុនផង​ដែរ។​

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ លោក​Alejandro Gonzalez Davidson​បាន​យក​រូបថត​ឪពុក​ផ្កាយ​មាស​ប្រាំ ​និង​កូន​ផ្កាយ​មាស​បី ​ទៅ​បង្ហោះ​លើ​បណ្តាញ​សង្គម​ ដោយ​ថា ​សូម​ស្វាគមន៍​របប​កុម្មុនីស្ត​កូរ៉េ​ខាង​ជើង។​

នេះជាលើក​ទី​១​ដែល​លោក​ហ៊ុន សែន​ព្រមាន​កម្ចេក​កម្លាំង​ទ័ព​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​ស្រប​ពេល​ស្ថាន​ភាព​នយោបាយ​ក្នុង​ប្រទេស​កំពុង​ឡើង​កម្តៅ​ខ្លាំង​ ហើយ​ហាក់​បង្ហាញ​ថា ​ កម្លាំង​ទ័ព​ផ្ទៃ​ក្នុង​ នៃ​របប​លោក​ហ៊ុន សែន​មាន​អ្នក​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​លោក។ ​កាលពី​ពេល​កន្លង​មក​ លោក​ហ៊ុន សែន​ធ្លាប់​បាន​ព្រមាន​កម្ចេច​បក្ស​ប្រឆាំង​ចោល​ ព្រមាន​កម្ចេក​សង្គម​ស៊ីវិល​ ក្រោម​ការ​ចោទ​ពីបទ​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស