38.8 C
Phnom Penh

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក​សម រង្ស៊ី​ប្រកាស​យុទ្ធនាការ​បញ្ចុះ​បញ្ចូល​ឱ្យ​កងទ័ព​ប្រឆាំង​របប​លោក​ហ៊ុន សែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​កំពុង​នីរទេស​ខ្លួន​នៅ​ក្រៅប្រទេស​បាន​រៀបចំ​យុទ្ធនាការ​កៀងគរ​ពលរដ្ឋ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅស្រុក​ដើម្បី​បញ្ចុះ​បញ្ចូល​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ ព្រមទាំង​ក្រុម​គ្រួសារ​របស់​ពួកគេ​ឱ្យ​ឈប់​ការពារ​របប​លោក​ហ៊ុន សែ​ន ដែល​លោក​ហៅ​​ថា​ ជា​របប​ផ្តាច់ការ​តទៅ​ទៀត។​

ការ​អះអាង​របស់​លោក​សម រង្ស៊ី​ធ្វើ​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​២៩​មករា​ ខណៈ​លោក​បន្តជួប​ជាមួយ​អ្នក​គាំទ្រ​របស់​លោក​ក្នុង​សហ​រដ្ឋ​អាមេរិក។​

លោក​ប្តេជ្ញា​ថា ​លោក​នឹង​កែប្រែ​ឬ​បញ្ចុះ​បញ្ចូល​ និង​បំផុស​ឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ​ដក​ខ្លួន​ចេញ​ពី​លោក​ហ៊ុន សែន​ឬ​ លែង​គាំទ្រ​របប​នេះ​បន្ត​ទៅ​ទៀត​ ដោយចាប់​ផ្តើម​និយាយ​ជាមួយ​កងទ័ព​ផ្ទាល់​តែ​ម្តង។ ​ មិន​តែ​ប៉ុណ្ណោះ​ លោក​​ថា ​លោក​នឹង​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ កងទ័ព ​ទាហាន ​ប៉ូលិស​ កងរាជ​អាវុធ​ហត្ថទាំង​អស់​ឱ្យចេះ​ឈឺ​ចាប់​នឹង​ការ​ដឹក​ក្រោម​របប​លោក​ហ៊ុន សែន​បច្ចុប្បន្ន​ ហើយ​ទុក​អាវុធ​របស់​ខ្លួន​សម្រាប់​ការពារ​ខ្លួន​ឯង ​ការពារ​ប្រជារាស្ត្រ ​និង​ការពារ​ទឹក​ដី ​ដោយមិន​ត្រូវ​ការពារ​របប​ផ្តាច់ការ​ឡើយ។​

លោក​អះអាង​ថា ​កង​កម្លាំង​ប្រដាប់​អាវុធ​ភាគច្រើន​ ជាពិ​សេស​កូន​ទាហាន ​ឬ​មន្ត្រី​តូចតាច​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក​ហ៊ុន សែន​ឡើយ ​ហើយ​មាន​តែ​ក្រុម​មន្ត្រី​ឧត្តម​សេនីយ៍​គ្រាគ់ៗ​ មួយ​ចំនួន​ដែល​ទទួល​លាភ​សក្ការៈ​ពី​អំពើ​ពុករលួយ​ ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​ និង​ការ​រក​ស៊ីខុស​ច្បាប់​ប៉ុណ្ណោះ​ដែល​សប្បាយ​ជាមួយ​របប​ដឹកនាំ​មួយ​នេះ។​

ការ​អះអាង​របស់​អតីត​មេបក្ស​ប្រឆាំង​រូប​នេះ​ធ្វើឡើង​ក្រោយពី​ក្រុម​មេទ័ព ​មេទាហាន​ មេ​ប៉ូលិស​ ដឹកនាំ​កូន​ចៅ​របស់​ខ្លួន​ចេញ​ប្រកាស​ និង​ស្បថ​សច្ចា​ការពារ​របប​លោក​ហ៊ុន សែន ​និង​ប្រកាស​កម្ចេច​លោក​សម រង្ស៊ី ​ព្រមទាំង​ក្រុម​បក្ស​ប្រឆាំង​ចោល ​ប្រសិន​បើ​លោក​ហ៊ាន​ឈាន​ជើង​ចូល​មក​ប្រទេស​កម្ពុជា​មែន​នោះ។​

កាលពី​ពេល​ថ្មីៗ​នេះ ​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ស ខេង​បាន​ប្រកាស​ថា​ ការ​លើក​ឡើង​របស់​លោក​សម រង្ស៊ី​​ថា​ នឹង​ចូល​ប្រទេស​វិញ​នោះ​គឺ​ជា​កលល្បិច​ទុច្ចរិត​ដើម្បី​ស្តារ​ប្រជា​ប្រិយភាព​របស់​ខ្លួន​ និង​ជា​ល្បែង​នយោបាយ​ទាល់​ច្រក​ប៉ុណ្ណោះ។​

យ៉ាងណាក៏​ដោយ ​អ្នក​វិភាគ​មើល​ឃើញ​ថា​  ប្រសិន​បើ​អ្នក​នយោបាយ​ខ្មែរ​មិន​ព្រម​រក​ច្រក​ចរចា​គ្នា​ដើម្បី​ស្តារ​ស្ថាន​ការណ៍​ឡើង​វិញ​ និង​ដោះ​ស្រាយ​បញ្ហា​ជាតិ​ ហើយ​នៅតែ​បន្ត​ឈ្លោះ​គ្នា​ទៀត ​កម្ពុជា​ នឹង​កាន់តែ​បែក​បាក់ផ្ទៃ​ក្នុង​ខ្លាំង​ឡើង។ ​ បន្ថែម​ពី​នេះ​ កម្ពុជា​នឹង​បាត់បង់​ប្រយោជន៍​សេដ្ឋ​កិច្ច​ច្រើន ​ហើយ​វិបត្តិ​សង្គម​នឹង​កើត​ឡើង​ធ្ងន់ធ្ងរ​ ហើយ​អ្នក​ដែល​ទទួល​ផល​ប្រយោជន៍​ពិត​ប្រាកដ​គឺ​ជា​បរទេស​ទៅ​វិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស