អ្នកវិភាគនយោបាយឥតសំចៃមាត់ ដែលកំពុងរស់នៅក្រៅប្រទេសលោកគឹម សុខបានលើកឡើងថា ប្រសិនបើរដ្ឋាភិបាលលោកហ៊ុន សែនក្លាហានលាតត្រដាងរូបភាពនៃអង្គចងចាំលើករណីសម្លាប់លោកបណ្ឌិតកែម ឡីលោកនឹងវិលត្រឡប់ចូលស្រុកភ្លាម។
អ្នកវិភាគនយោបាយលោកគឹម សុខបានថ្លែងនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះថា លោកតែងតែផ្ទៀងស្ដាប់ប្រសាសន៍របស់លោកហ៊ុន សែនរហូត គឺស្តាប់ស្ទើរតែមិនដែលបាត់មួយមាត់ឡើយ។
លោកគឹម សុខអះអាងថា មេដឹកនាំដែលកាន់អំណាចយូរជាងគេក្នុងតំបន់រូបនេះថ្លែងអួតអាងអំពីការចិញ្ចឹមចិត្តនិងសកម្មភាពព្យាបាទអ្នកនេះឬអ្នកនោះមិនចេះស្វាង។ ប៉ុន្តែលោកមិនដែលឮសោះឡើយថា តើពេលណាទៅទើបលោកនាយករដ្ឋមន្ត្រីបង្គ្រប់កិច្ចរូបនេះមានផែនការចាក់បង្ហាញអង្គចងចាំពិត នៅស្តាម៉ាតស្តុបបូកគោចំថ្ងៃឃាតកម្មលើលោកបណ្ឌិតកែម ឡី ដែលជាភ័ស្តុតាងសំខាន់ជាងគេ ក្នុងរឿងក្តីរវាងលោកហ៊ុន សែននិងលោកគឹម សុខ។
យ៉ាងនេះក្តីអ្នកវិភាគរូបនេះមិនដឹងថ្ងៃណាទើបបានឮប្រធានគណបក្សប្រជាជនកម្ពុជាហ៊ាននិយាយចេញអំពីរឿងនេះឡើយ?
លោកបណ្ឌិតកែម ឡីត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្តាលថ្ងៃនៅក្នុងស្តារម៉ាត់ស្តុបបូកគោកាលពីថ្ងៃទី១០កក្កដា២០១៦គឺពីរថ្ងៃក្រោយលោកវិភាគទៅលើរបាយការណ៍អង្គការGlobal Witnessអំពីអធិរាជជំនួញត្រកូលហ៊ុនដែលមានទឹកប្រាក់រាប់រយលានដុល្លារសហរដ្ឋអាមេរិក ដោយក្តោបក្តាប់ជំនួញធំៗក្នុងស្រុកខ្មែរស្ទើរតែទាំងស្រុង។
ក្រោយការស្លាប់លោកបណ្ឌិតកែម ឡី អតីតប្រធានគណបក្សសង្រ្គោះជាតិលោកសម រង្ស៊ីបានចោទចំៗថា លោកហ៊ុន សែនជាអ្នកនៅពីក្រោយនៃឃាតកម្មនេះ។ លោកហ៊ុន សែនក៏ធ្លាប់ថ្លែងអំពីអ្នកនៅពីក្រោយខ្នងនៃការស្លាប់នេះដោយថា អ្នកនៅពីក្រោយខ្នងនៃការសម្លាប់លោកកែម ឡីគឺជាអ្នកដែលទទួលបានប្រយោជន៍ពីការស្លាប់នោះ។
មកទល់ពេលនេះ មានមនុស្សម្នាក់ប៉ុណ្ណោះឈ្មោះអឿត អាងហៅជួបសម្លាប់ដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់គុកមួយជីវិតជុំវិញការសម្លាប់លោកបណ្ឌិតកែម ឡីហើយសំណុំរឿងនេះក៏ស្ងាត់សូន្យឈឺង។
អ្នកវិភាគនិងអ្នកឃ្លាំមើលនៅតែចង់ឃើញរដ្ឋាភិបាលពិសេសតុលាការស្វែងរកជននៅពីក្រោយខ្នងនៃការសម្លាប់លោកបណ្ឌិតកែម ឡីបើពុំដូច្នេះទេ រដ្ឋាភិបាលរបស់លោកហ៊ុន សែននៅតែត្រូវបានគេចោទថា ពាក់ព័ន្ធនៃអំពើឃាតកម្មដ៏ធំមួយនេះផងដែរ៕