30.4 C
Phnom Penh

រដ្ឋាភិបាលចាត់ទុកការអនុម័តច្បាប់ដាក់ទណ្ឌកម្មកម្ពុជាពីសំណាក់សភាអាមេរិក ថាមានចរិតនយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលទីក្រុងភ្នំពេញសម្តែងការសោកស្តាយ និងចាត់ទុកការអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យ និងដាក់ទណ្ឌកម្មមកលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ថាមានចរិកនយោបាយ ។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះ ថា រដ្ឋាភិបាលមានភ្ញាក់ផ្អើល និងសោកស្តាយចំពោះការសម្រេចនេះ  ដោយលោកចាត់ទុកច្បាប់នេះ មានចរិតនយោបាយ និងមានគោលបំណងប្រឆាំងទៅនឹងសុច្ឆន្ទៈនយោបាយរបស់ប្រជាជនកម្ពុជា ដែលបានជ្រើសរើសមេដឹកនាំរបស់ខ្លួនតាមផ្លូវច្បាប់ តាមរយៈដំណើរការបោះឆ្នោតប្រកបដោយសន្តិភាព និងប្រជាធិបតេយ្យត្រឹមត្រូវ។

លោកថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មិនអាចទទួលយកបានទេ ដោយសារតែច្បាប់នេះ បានធ្វើឡើងផ្អែកទៅលើការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់បង្ហាញតែមហិច្ឆិតានយោបាយជាប្រវត្តិ ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។ លោកបន្តថា ការចោទប្រកាន់របស់សេចក្តីស្នើច្បាប់នេះជាទង្វើប្រឆាំង សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោក ផៃ ស៊ីផាន ក៏បានស្នើសុំទៅស្ថាប័ននីតិបញ្ញត្តិ និងរដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យពិចារណាឡើងវិញ នូវជំហររបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា ដើម្បីជាផលប្រយោជន៍នៃការថែរក្សាទំនាក់ទំនងល្អនិងគ្នា រួមទាំងផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ការអះអាងរបស់លោក ផៃ ស៊ីផាន ធ្វើឡើងក្រោយពេលសភាសហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ដែលត្រូវនឹងម៉ោងនៅកម្ពុជាបានអនុម័តជា ឯកច្ឆ័ន្ទចំពោះច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាដើម្បីឈានទៅដាក់ទណ្ឌកម្មមន្ត្រីកម្ពុជានិងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឬហៅថា Cambodia Democracy Act ឬ H.R. 526 មានការគាំទ្រដោយគណបក្សធំៗទាំងពីរនៅសហរដ្ឋអាមេរិក ក្នុងបំណងជំរុញឱ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ មានការគោរពសិទ្ធិសេរីភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងឈានទៅដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដូចជាបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការ ឬវីសារលើមន្ត្រីយោធា និងមន្ត្រីស៊ីវិលជាន់ខ្ពស់កម្ពុជាណាដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សនៅកម្ពុជាកន្លងមក។

សេចក្តីប្រកាសព័ត៌មាន របស់សមាជិកសភានៃគណបក្សសាធារណរដ្ឋមកពីរដ្ឋ Florida លោក Ted Yoho ដែលជាអ្នកផ្តួចផ្ដើមគំនិតក្នុងការស្នើច្បាប់នេះ បានលើកឡើងថា «វាដល់ពេលហើយដែលរបបលោក ហ៊ុន សែន ត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន»

លោក Ted Yoho ថា ច្បាប់នេះនឹងដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ឬ បង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការចំពោះមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងយោធាកម្ពុជា ដែលបានចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។ ក្រៅពីនេះ ក៏មានមន្ត្រីជាន់ខ្ពស់របស់សភាអាមេរិកផ្សេងទៀត បានប្រកាសថ្កោសទោសរដ្ឋាភិបាលលោកហ៊ុន សែន ដែលបានបំផ្លាញមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅកម្ពុជាកន្លងមក ដោយសារកណ្តាប់ដៃដែករបស់លោក ហ៊ុន សែន។ 

ជាក់ស្តែង ការចាប់ខ្លួនប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដាក់ពន្ធនាគារ និងរំលាយគណបក្សនេះមុនការបោះឆ្នោតជាតិចូលមកដល់នៅចុងឆ្នាំ២០១៧។ ការដកយកតំណែងមន្ត្រីបក្សប្រឆាំងតាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់រដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងដាក់បំរាមមន្ត្រីជាន់ខ្ពស់បក្សនេះជាង១រយរូបមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ដែលមតិជាតិនិងអន្តរជាតិយល់ថាអយុត្តិធម៌បំផុតនោះ។ ការបំបិទសំឡេងឯករាជ្យ ដូចជាការបិទការសែតឯករាជ្យ និងស្ថានីយ៍វិទ្យុផ្សាយបន្តនូវវិទ្យុ ដែលទទួលជំនួយពីអាមេរិក និងពីលោកខាងលិច មុនការបោះឆ្នោតជាតិ ក្រោមលេសពន្ធដារ។ ការរឹតត្បិតដល់អង្គការ សង្គមស៊ីវិល សហជីព សហគមន៍ ពិសេសសិទ្ធិក្នុងការជួបប្រជុំ ព្រមទាំងការបន្តធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តទៅលើសំឡេងបក្សប្រឆាំងជាដើម។

យ៉ាងនេះក្តី សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាអាមេរិកដើម្បីអនុម័តបន្ត ហើយក្រោយពីព្រឹទ្ធសភាអនុម័តរួច នឹងបញ្ជូនទៅប្រធានាធិបតី លោក ដូណាល់ ត្រាំ ។ នៅពេលដែលប្រធានាធិបតីអនុម័ត សេចក្តីស្នើច្បាប់នេះ នឹងចូលជាធរមាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស