29.6 C
Phnom Penh

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ថាការទាមទារឱ្យទម្លាក់បទចោទលើលោក កឹម សុខា ពីសំណាក់សហរដ្ឋអាមេរិក ថាជាទង្វើមិនអាចទទួលយកបាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ អះអាងថា កម្ពុជា មិនអាចទទួលយកបានឡើយ ចំពោះការទាមទារ ឬការដាក់សម្ពាធ ដោយបង្ខំណាមួយ ឱ្យតុលាការប្រទេសកម្ពុជា ទម្លាក់បទចោទទៅលើប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា។ មន្រ្តីជាន់ខ្ពស់នៃក្រសួងមួយនេះអះអាងទៀតថា ការបង្គាប់បញ្ជាឱ្យរដ្ឋអធិបតេយ្យមួយធ្វើបែបនេះ គឺ ជារឿងមិនអាចធ្វើទៅរួចឡើយ ហើយថាពួកគេក៏គ្មានឥទ្ធិពលណាមួយទៅលើអំណាចរបស់តុលាការកម្ពុជានោះដែរ។

ថ្លែងនៅក្នុងសន្និសីទព័ត៌មានស្តីពីអំពី «សមិទ្ធផល១ឆ្នាំ ក្រោយការបោះឆ្នោត» នៅទីស្តីការគណៈរដ្ឋ មន្រ្តី នាព្រឹកនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានលើកឡើងថា រដ្ឋាភិបាលមិនមានសិទ្ធិអ្វីដើម្បីអន្តរាគមន៍ទៅស្ថាប័នតុលាការ ដែលជាស្ថាប័នឯករាជ្យជុំវិញករណីលោក កឹម សុខា តាមការបង្គាប់បញ្ជា ឬការណែនាំពីរដ្ឋបរទេសណាមួយនោះឡើយ។ លោកបន្តថាប្រសិនបើកម្ពុជាអន្តរាគមន៍បែបនោះមែន កម្ពុជាក៏មិនមែនជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ និងមាននីតិរដ្ឋពិតប្រាកដនោះដែរ។

លោកបន្ថែមថា ការអំពាវនាវដែលដាក់សម្ពាធ ឬបង្ខំឱ្យកម្ពុជាឆ្លើយតបសំណើទូតអាមេរិក ឱ្យទម្លាក់បទចោទលើលោក កឹម សុខា គឺ ​គ្មានឥទ្ធិពលអ្វីមកលើកម្ពុជានោះដែរ ដោយថាពួកគេអាចជួយដល់ជនជាប់ចោទបានគឺ តាមរយៈចូលរួមផ្តល់សក្ខីកម្ម ឬភស្តុតាងដោះបន្ទុកទៅតុលាការ ក្រៅពីនេះ គ្មានផ្លូវនោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ លោក គឹម សុខ ដែលជាអ្នកវិភាគនយោបាយសង្គម បានចោទជាសំណួរថា តើរបៀបធ្វើការរបស់ស្ថាប័នតុលាការឯករាជ្យធ្វើឡើងទៅតាមន័យច្បាប់និងរដ្ឋធម្មនុញ្ញហើយឬនៅ? លោកបន្តថា បទដ្ឋានឯករាជ្យ មិនផ្អែកលើមូលដ្ឋាន និងលក្ខណៈវិនិច្ឆ័យ តាមមាត់និយាយរបស់អ្នកនយោបាយទេ។

លោក គឹម សុខ អះអាងថា ការចាប់ខ្លួនលោក កឹម សុខា និងការបិទសិទ្ធិនយោបាយរបស់គាត់ ជារបៀបប្រើមាត់បំភ្លៃ តាមចំណង់របស់អ្នកកាន់អំណាច ដើម្បីសម្រេចគោលដៅក្នុងការគ្រប់គ្រងអំណាច ដែលមិនមែនដើម្បីទិសដៅយុត្តិធម៌នោះទេ។ ហេតុនេះ សំណើរអន្តរាគមន៍នានា ពីរដ្ឋបរទេស ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ២៣ តុលា ១៩៩១ មិនរាប់ថា ជាការរំលោភអធិបតេយ្យ និងនីតិរដ្ឋកម្ពុជាឡើយ ព្រោះពួកគេមានករណីកិច្ចនិងកាតព្វកិច្ចស្របតាមគោលការណ៍អន្តរជាតិ ក្នុងការដែលត្រូវរួមចំណែកជ្រោមជ្រែងជួយកម្ពុជា និងជាអន្តរាគមន៍ក្នងទិសដៅរកយុត្តិធម៌។

សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារកន្លងទៅ បានអំពាវនាវជាថ្មីទៀតឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាក់ស្តែងនានា ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំង​ទម្លាក់បទចោទប្រកាន់ទាំងឡាយ ប្រឆាំងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត។ ​ រដ្ឋាភិបាលលោកហ៊ុន សែន ត្រូវបញ្ចប់ការអនុវត្តនូវរាល់ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងក្រោមហេតុផលនយោបាយ ដើម្បីយាយីពលរដ្ឋរបស់ខ្លួនឯង។

អាមេរិកថាប្រជាពលរដ្ឋទាំងអស់នៅកម្ពុជា គួរតែ​អាចប្រើសិទ្ធិរបស់គេក្នុងការសម្តែងមតិ ដោយសេរី និងអាចធ្វើការប្រមូលផ្តុំគ្នាដោយសន្តិវិធី ហើយឲ្យពលរដ្ឋចូលរួមនៅក្នុងដំណើរការនៃកិច្ចការជា​សាធារណៈផងដែរ។

កាលពីខែកុម្ភៈ សហរដ្ឋអាមេរិកធ្លាប់បាន លើកឡើងត្រង់ៗថា ការឃុំខ្លួនលោកកឹម សុខា ជារឿងអយុត្តិធម៌បំផុត និងជាការឃុំខ្លួនដោយគ្មានភស្តុតាង ហើយបំពានច្បាប់ថែមទៀតផង។

អាមេរិក ថែមទាំងធ្លាប់ណែនាំឱ្យមេដឹកនាំរដ្ឋាភិបាលលោកហ៊ុន សែន ត្រូវតម្កល់ផលប្រយោជន៍ជាតិឱ្យធំជាងផលប្រយោជន៍បុគ្គល ឬ ផលប្រយោជន៍នយោបាយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស