39.4 C
Phnom Penh

គណបក្សសង្រ្គោះជាតិ ប្រាប់ឱ្យរដ្ឋាភិបាលលោកហ៊ុន សែន បើកលំហប្រជាធិបតេយ្យដើម្បីរក្សា EBA

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សសង្រ្គោះជាតិ បានចេញលិខិតចំហជាថ្មីទៀត អំពាវនាវទៅរដ្ឋាភិបាល លោក ហ៊ុន សែន ឱ្យបើកលំហប្រជាធិបតេយ្យឡើងវិញ ដើម្បីសង្គ្រោះប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប 

លិខិតរបស់គណបក្សសង្រ្គោះជាតិកាលពីថ្ងៃម្សិលមិញ បានលើកឡើងថា គណបក្សប្រឆាំងមួយនេះ គាំទ្រជំហររបស់សហភាពអឺរ៉ុប ដែលបានលើកឡើងនៅឯសន្និសីទរបស់ខ្លួន ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អឺរ៉ុប នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១ខែសីហា ដែលថាខ្លួនមិនប្តូរជំហរក្នុងការចាត់វិធានការក្នុងការជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្តារប្រជាធិបតេយ្យឡើងវិញ។

លិខិតដដែលបាន លើកឡើងទៀតថា គណបក្សសង្គ្រោះជាតិ បញ្ជាក់ជំហរជាថ្មីទៀតថាខ្លួនមានឆន្ទះ រួមចំណែកជំរុញឱ្យមានការផ្លាស់ប្តូរក្នុងគុណតម្លៃដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

លិខិតនេះ ចាត់ទុកថា ការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាដោយសន្តិវិធីរបស់ លោក សម រង្ស៊ី ជាផ្នែកមួយនៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិផងដែរ។

ការអំពាវនាវជាថ្មីទៀត របស់គណបក្សប្រឆាំងនេះ ធ្វើឡើងចំពេលដែលសហភាពអឺរ៉ុបចាប់ផ្តើមអនុវត្តវិធានការជំហានទី២ លើវិធានការព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ។

យ៉ាងណា កន្លងមកថ្នាក់ដឹកនាំរដ្ឋាភិបាលលោកហ៊ុន សែន បានប្រកាសម្តងជាពីរដងហើយថា ខ្លួនមិនអោនក្បាលចំពោះការដាក់សម្ពាធឬ ការបង្គាប់បញ្ជាណាមួយ ជាថ្នូរនឹងជំនួយឬ ការអនុគ្រោះពន្ធណាមួយឡើយ។

លើសពីនេះ លោក ហ៊ុន សែន ធ្លាប់ព្រមានថាប្រសិនអន្តរជាតិដាក់សម្ពាធណាមួយដល់កម្ពុជា ខ្លួននឹងបំផ្លាញជីវិតក្រុមបក្សប្រឆាំងឱ្យសាបសូន្យ ហើយអន្តរជាតិលោកសេរី ក៏គ្មានហេតុផលណាមួយមកបង្រៀនកម្ពុជាអំពីសិទ្ធិ សេរីភាព ឬ ប្រជាធិបតេយ្យអ្វីទៀតនោះដែរ។

អ្នកវិភាគធ្លាប់លើកឡើងថា តាមមើលជំហររបស់លោកហ៊ុន សែន និងរដ្ឋាភិបាលរបស់លោកដែលបោះពួយខ្លាំងទៅរកចិន និងចាប់យកចិនកាន់តែខ្លាំងពេលនេះ ជាសញ្ញាមួយបង្ហាញថា រដ្ឋាភិបាលនឹងមិនរុញរា ក្នុងការដាក់សម្ពាធសេដ្ឋកិច្ចពីអន្តរជាតិលោកសេរីនោះឡើយ ហើយក៏គ្មានបំណងរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធអ្វីនោះដែរ ដោយជំហររបស់លោក គឺ ធ្វើយ៉ាងណាដើម្បីតែរក្សាអំណាច ពិសេសអំណាចបន្តត្រកូលរបស់ខ្លួនតែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស