30.4 C
Phnom Penh

កម្មកររោងចក្រមួយនៅរាជធានីភ្នំពេញតវ៉ាទាមទារឱ្យថៅកែបើកប្រាក់អតីតភាពការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មកររោងចក្រកាត់ដេរសំលៀកបំពាក់មួយស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញបាននាំគ្នាតវ៉ា ដោយទាមទារឱ្យថៅកែរោងចក្រ បើកប្រាក់អតីតភាពការងារឱ្យពួកគេទៅតាមច្បាប់កំណត់ ឬទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារកាលពីពេលកន្លងមក។

កម្មករប្រមាណ៥០នាក់នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ហ៊ឹង ជីង ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ បាននាំគ្នាឈរតវ៉ានៅខាងមុខរោងចក្រនៅព្រឹកនេះ ដើម្បីទាមទារទៅថៅកែបើប្រាក់អតីតភាពការងាររបស់ពួកគេរយៈពេល៦ខែម្តង។ កម្មករបានអះអាងថា មកទល់ខែសីហាទៅហើយ ថៅកែរោងចក្រនេះ មិនបានដោះស្រាយបញ្ហាប្រាក់អតីតភាពការងារជូនពួកគាត់ទាំងប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ និងនៅក្នុងឆ្នាំ២០១៩នេះនៅឡើយទេ។

រោងចក្រ ហ៊ឹង ជីង មានកម្មករជាង១០០នាក់ កំពុងបម្រើការងារដោយភាគច្រើនជាកម្មករប្រើកិច្ចសន្យារយៈពេលខ្លី និងមានកម្មករមួយចំនួនប្រើកិច្ចសន្យារយៈពេលវែងមិនកំណត់ ។

ទោះជាយ៉ាងណាក៏ដោយ កាលពីពេលកន្លងទៅលោក ហ៊ុន សែន ធ្លាប់អះអាងថា ការទាមទារឱ្យថៅកែបើកប្រាក់អតីតភាពការងារទាំងអស់តែម្តងនោះ នឹងមិនអាចធ្វើទៅរួចឡើយ ហើយបើរោងចក្រធ្វើបែបនេះមែន ថៅកែនឹងដួលរលំឬ ក្ស័យធនតែម្តង។

ប៉ុន្តែក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីឆ្នាំមុន បានសម្រេចផ្លាស់ប្តូរនីតិវិធីអនុវត្តការទូទាត់ប្រាក់អតីតភាពការងារជូនកម្មករនិយោជិកក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងពីការបើកសរុបនៅពេលបញ្ចប់ការងាររបស់កម្មករ មកបើកជាទៀងទាត់ក្នុង ១ឆ្នាំ ២ដងវិញ។ ក្រសួងការងារអះអាងថា ការសម្រេចនេះ នឹងត្រូវអនុវត្តជាដំណាក់កាលទាំងប្រាក់អតីតភាពការងារថ្មី និងប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ ដោយចាប់ពីខែ មិថុនា ឆ្នាំ២០១៩។

ក្រោយមកក្រសួងមួយនេះ ក៏បានចេញសេចក្តីណែនាំជាថ្មីទៀត ដល់ម្ចាស់សហគ្រាស គ្រឹះស្ថានដែលពាក់ព័ន្ធវិស័យវាយនភ័ណ្ឌ កាត់ដេរសំលៀកបំពាក់ និងស្បែកជើងថា ត្រូវអនុវត្តការបើប្រាក់អតីតភាពការងារជូនកម្មករនយោជិតតាមគោលការណ៍ថ្មីឲ្យខានតែបាន។

លើសពីនេះ ក្រសួងថែមទាំងបានព្រមានចាត់វិធានការច្បាប់ចំពោះរោងចក្រសហគ្រាស ទាំងឡាយណា ដែលមិនបានអនុវត្តតាមសេចក្តីណែនាំរបស់ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស