32.5 C
Phnom Penh

ក្រុមការងារយុវជនខេត្តកំពង់ចាមរបស់បក្សប្រឆាំងបដិសេធចូលបំភ្លឺតាមដីកាកោះរបស់តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតសមាជិកក្រុមការងារយុវជនខេត្តកំពង់ចាម មួយរូបត្រូវបានតំណាងអយ្យអមសាលាដំបូងខេត្តនេះ  ចេញដីកាកោះហៅ ឱ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងសំណុំរឿងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៩  តំណាងអយ្យអមសាលាដំបូងខេត្តកំពង់ចាម  លោក ហាក់ ហ៊ាន់ បានចេញដីកាកោះមួយ ដោយបង្គាប់ឱ្យអតីតសមាជិកក្រុមការងារយុវជនខេត្តនេះ គឺលោក រិន រដ្ឋ រស់នៅភូមិព្រះអណ្ដូងទី២ ឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ចូលទៅកាន់តុលាការខេត្តនៅថ្ងៃទី១៩ ខែកញ្ញា ជាកំហិត ពាក់ព័ន្ធសំណុំរឿងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ប៉ុន្តែតំណាងអយ្យការមិនបានបញ្ជាក់លម្អិតថាញុះញង់អំពីរឿងអ្វីនោះឡើយ ហើយប្រព្រឹត្តនៅពេលណាជាក់លាក់នោះដែរ។

លោក រិន រដ្ឋ បានឱ្យដឹងថា គ្រួសារលោកទើបនឹងទទួលបានដីកានោះនៅព្រឹកនេះ ហើយលោក នឹងមិនចូលបំភ្លឺតាមដីកាកោះរបស់តុលាការខេត្តកំពង់ចាមឡើយ ព្រោះលោកយល់ថាជារឿងអយុត្តិធម៌។

លើសពីនេះ លោកក៏ទទួលបានដំណឹងថា អតីតមេឃុំបុសខ្នុរ ស្រុកចម្ការលើរបស់គណបក្សសង្រ្គោះជាតិម្នាក់ឈ្មោះ ហ៊ុន សុខគង់ ត្រូវបានសមត្ថកិច្ចខេត្តបន្ទាយមានជ័យចាប់ខ្លួន ហើយបញ្ជូនទៅឱ្យសមត្ថកិច្ចនៅខេត្តកំពង់ចាមនៅព្រឹកនេះផងដែរ។

យ៉ាងនេះក្តី គណនេយ្យហ្វេសប៊ុករបស់លោក រិន រដ្ឋ នៅថ្ងៃនេះបានបញ្ជាក់ថា ឱ្យតែសកម្មភាពប្រឆាំងនឹងលោក ហ៊ុន សែន គឺត្រូវទទួលបានដីកាកោះហៅពីតុលាការតែម្តង។ ប៉ុន្តែលោក ថាដីកានោះនឹងអស់សុពលភាពត្រឹមថ្ងៃទី៩ ខែវិច្ឆិកា នៅពេលលោក សម រង្ស៊ី ចូលប្រទេសវិញ។

ទិន្នន័យរបស់គណបក្សសង្រ្គោះជាតិ ឱ្យដឹងថាមកទល់ពេលនេះ មានសកម្មជន និងមន្ត្រីគណបក្សរបស់ខ្លួនចំនួនជាង២០នាក់ហើយ ដែលត្រូវបានចាប់ និងឃុំខ្លួនពាក់ព័ន្ធការបញ្ចេញមតិរបស់ខ្លួន។

យុទ្ធនាការបង្ក្រាបលើសំឡេងបក្សប្រឆាំងឥតឈប់ឈរនេះ ក្រោយពេលលោកហ៊ុន សែន ធ្លាប់បានប្រកាសពីគម្រោងកម្ចេចរចនាសម្ព័ន្ធគណបក្សសង្រ្គោះជាតិឱ្យអស់ ដោយមិនឱ្យក្រុមនេះអាចមានលទ្ធភាពចូលរួមការបោះឆ្នោតឆ្នាំ២០២២ឬ ២០២៣ ខាងមុខនោះឡើយ។

លើសពីនេះ ការគំរាមកំហែង និងចាប់ខ្លួនអតីតសកម្មជនបក្សប្រឆាំងក្នុងរយៈពេលចុងក្រោយកាន់តែខ្លាំង ក្រោយពេលអតីតប្រធាន                គណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី បានប្រកាសឱ្យអ្នកគាំទ្រខ្លួន និងពលរដ្ឋត្រៀមទទួលវត្តមានលោក នៅថ្ងៃទី ៩ វិច្ឆិកា ដោយថាដើម្បីមកដណ្តើមអំណាចពីលោកហ៊ុន សែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស