39.4 C
Phnom Penh

ភាគីជជែកប្រាក់ឈ្នួលកម្មករឆ្នាំ២០២០បានបង្ហាញតួលេខរៀងខ្លួន ប៉ុន្តែនៅមិនទាន់រកចំណុចរួមឃើញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភាគីចរចាប្រាក់ឈ្នួលរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានតំណាងសហជីព និយោជក និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃនេះ នៅមិនទាន់មានការឯកភាពរួមសម្រាប់ប្រាក់ឈ្នួលកម្មករវិស័យវាយនភណ្ឌ កាត់ដេរ សម្លៀកបំពាក់ និងស្បែកជើងនាឆ្នាំក្រោយនៅឡើយទេ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនៅថ្ងៃនេះ បានឱ្យដឹងថា ភាគីសហជីព និងនិយោជក សុទ្ធតែបានដាក់ស្នើនូវតួលេខប្រាក់ឈ្នួលរៀងៗខ្លួនសម្រាប់កម្មករនៅ ឆ្នាំ២០២០ខាងមុខ ដោយខាងតំណាងកម្មករបានដាក់ស្នើតួលេខប្រាក់ឈ្នួល១៩៩ដុល្លារ តែសម្រាប់តំណាងនយោជកបានដាក់ស្នើតួលេខប្រាក់ឈ្នួលត្រឹមតែ១៨៤ដុល្លារប៉ុណ្ណោះ ដោយតួលេខខាងនយោជកស្នើនេះគឺ លើសតែ២ដុល្លារសម្រាប់ប្រាក់ឈ្នួលកម្មករដែលមានស្រាប់នៅឆ្នាំនេះ។

ទោះជាយ៉ាងនេះក្តី សេចក្តីប្រកាសព័ត៌មានដដែលអះអាងថា ការជជែកពិភាក្សាអំពីប្រាក់ឈ្នួលកម្មករឆ្នាំ ២០២០ នឹងបន្តនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីឈានទៅដល់ការសម្រេចតួលេខមួយដែលភាគីពាក់ព័ន្ធអាចទទួលយកបាន។

ការបើកកិច្ចប្រជុំចុងក្រោយ នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា ដើម្បីសម្រេចប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិត  ស្បែកជើង សម្រាប់ឆ្នាំ២០២០ នឹងធ្វើឡើងនៅខែតុលា ហើយកាលបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បរមា នឹងចាប់ផ្តើមអនុវត្តន៍                  ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០តទៅ។

រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បរមា ដល់កម្មករនិយោជិក ក្នុងវិស័យកាត់ដេរ ជារៀងរាល់ឆ្នាំ ក្រោយពេលមានព្រឹត្តិការណ៍បង្ក្រាបដោយហិង្សាលើកម្មករពីសំណាក់អាជ្ញាធរលោកហ៊ុន សែន កាលពីដើមឆ្នាំ២០១៤ ដែលបណ្តាលឱ្យកម្មករជាច្រើននាក់ស្លាប់ និងរបួស ព្រមទាំងចាប់ខ្លួនអង្គការសង្គមស៊ីវិល សហជីព និងកម្មករជាង២០នាក់ថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស