38 C
Phnom Penh

នៅពេលកងទ័ពអាមេរិកឡោមព័ទ្ធប្រទេសអ៊ីរ៉ង់ហើយ តើអ៊ីរ៉ង់ចាប់ផ្ដើមធ្វើសង្រ្គាមជាមួយអាមេរិកនៅពេលណា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានការណ៍នៅលើឈូងសមុទ្រពែក្ស និងតំបន់មជ្ឈឹមបូព៌ា ឃើញថាឡើងកំដៅ កាន់តែខ្លាំង នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពី រោងចក្រចម្រាញប្រេងចំនួនពីរកន្លែងរបស់ ប្រទេស អារ៉ាប់ប៊ីសាអូឌីត រងការវាយប្រហារដោយយន្តហោះដ្រូន ដែលអាមេរិកចោទថា ដ្រូននោះ ជារបស់អ៊ីរ៉ង់ ហើយក៏ជាស្នាដៃរបស់កងទ័ពអ៊ីរ៉ង់ដែរ។ យ៉ាងណាក៏ដោយ អ៊ីរ៉ង់បដិសេធ ថាខ្លួនមិនជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះទេ។ ប៉ុន្តែហេតុការណ៍នេះ នាំអោយ ប្រធានាធិបតីត្រាំ និង រដ្ឋមន្ត្រីការពារជាតិអាមេរិកព្រមានអ៊ីរ៉ង់ថាអាមេរិកបានត្រៀមរួចខ្លួនរួចហើយ ក្នុងការវាយបកលើប្រទេសអ៊ីរ៉ង់។

ការព្រមានរបស់លោកត្រាំ ក៏ចង់អោយអ៊ីរ៉ង់រត់មករកតុចរចា។ តែផ្ទុយទៅវិញ មេដឹកនាំកំពូលរបស់សាធារណរដ្ឋឥស្លាម លោកអាយ៉ាតុឡា ខេមេនី បានទាត់ចោល សំណើរបស់លោកត្រាំ ដែលលោកថាគ្មានការចរចាណាមួយអាចធ្វើបានទេជាមួយអាមេរិកនៅពេលនេះ ប្រសិនបើអាមេរិកមិនដកទ័ពរបស់ខ្លួនចេញអោយផុតពីឈូងសមុទ្រពែក្ស។

មេដឹកនាំផ្ដាច់ការរូបនេះ បន្តថា ការចរចាគឺគ្រាន់តែ ជាការផ្ដល់ប្រយោជន៍ទៅអោយអាមេរិកតែប៉ុណ្ណោះ។ អ្នកសង្កេតការណ៍មើលឃើញថា បើមេដឹកនាំកំពូលអ៊ីរ៉ង់ម្នាក់ នេះ ប្រកាន់ជំហរបែបនេះហើយ គឺគ្មានផ្លូវចរចាទេ ជាមួយអាមេរិក ទោះជាលោកត្រាំចង់ជួបដោយផ្ទាល់នឹងប្រធានាធិបតី ហាសានរូហានី នៅឯមហាសន្និបាតអង្គការសហប្រជាតិក្នុងបុរី New York ក៏ដោយ។  ការណ៍នេះ រឹតតែធ្វើអោយ ស្ថានការណ៍នៅមជ្ឈឹមបូព៌ាកាន់តែតានតឹងថែមទៀតចាប់ពីពេលនេះតទៅ។

នៅពេលនេះ កងទ័ពអាមេរិកបានឡោមព័ទ្ធប្រទេសអ៊ីរ៉ង់រួចទៅហើយ ។ ការឡោមព័ន្ធរបស់កងទ័ពអាមេរិកពេលនេះ គឺស្មើនឹងអាមេរិកដើរជាន់បន្ទាត់ក្រហមនៃសង្គ្រាមរួចទៅហើយ។ ការឡោមព័ទ្ធនេះ មិនត្រឹមតែកងទ័ព នោះទេ គឺអាមេរិកបានបញ្ជូនសព្វាវុធចម្បាំងទំនើបៗ ដោយដាក់ពង្រាយដល់គោលដៅអស់ទៅហើយដែរ។ គ្រឿងអាវុធរបស់អាមេរិកទាំងនោះ មាន នាវាផ្ទុកយន្តហោះ ចំនួន២គ្រឿង ដែលមួយគ្រឿងៗ ផ្ទុកបានយន្តហោះចម្បាំងដល់ទៅ៦០គ្រឿង មានតាំងកាំភ្លើងត្បាល កាំជ្រួច រថក្រោះ និងមាននាវាពិឃាតរាប់សិបគ្រឿង ដែលកំពុងបណ្ដែតខ្លួន នៅលើកឈូងសមុទ្រពែក្ស។

ក្រៅពីនេះ អាមេរិកក៏បានដាក់ពង្រាយ យន្តហោះយក្សទម្លាក់គ្រាប់បែក B-52 យន្តហោះ F-35 យន្តហោះ F-22 ជាច្រើនគ្រឿង និង កាំជ្រួចផ្លោងបាញ់យន្តហោះ កាំជ្រួចបាញ់កាំជ្រួច រាប់រយដើម គឺបានទៅដល់ទីតាំងរួចហើយនៅលើទឹកដីអ៊ីស្រាអ៊ែល អារ៉ាប់ប៊ីសាវអូឌិត ក្វាតា បារ៉ែន និងប្រទេសអូម៉ង់ដែលជាប្រទេសព័ន្ធជុំវិញប្រទេសអ៊ីរ៉ង់។ សកកម្មភាពរបស់កងទ័ពអាមេរិក នេះគឺកំពុងដើរលើបន្ទាត់ក្រហមនៃសង្រ្គាម ហើយរង់ចាំតែបញ្ជារបស់លោកដូណាល់ត្រាំជាថ្មីទៀតតែប៉ុណ្ណោះ។

ដោយឡែកប្រទេសអ៊ីរ៉ង់វិញ ក៏បានចល័តទ័ពប្រយុទ្ធចេញពីទីក្រុងនិងទីប្រជុំជនរួចរាល់ហើយដែរ ដោយដាក់ពង្រាយនៅទីតាំងនៃត្រៀមបើកសមរភូមិវាយប្រហារលើនាវាផ្ទុកយន្តហោះរបស់អាមេរិក។

តែយ៉ាងណាមានការចោទសួរថាតើសង្រ្គាមរវាងអាមេរិកនិងអ៊ីរ៉ង់អាចផ្ទុះឡើងនៅពេលណា?

ជាទម្លាប់នៃសង្រ្គាម គឺបើប្រទេសណាមួយ ចូលឈ្លានពានហើយ គឺសង្រ្គាមអាចនឹងផ្ទុះឡើងយ៉ាងពិតប្រាកដ។

ប៉ុន្តែសម្រាប់ អ៊ីរ៉ង់ ហាក់នៅរួញរានៅឡើយដោយគ្រាន់តែធ្វើការគំរាម និងម្ដងម្កាលបានវាយប្រហារ លើគោលដៅណាមួយជាប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកដូចជាករណីប្រទេស អារ៉ាប់ប៊ីសាអូឌីត នេះជាដើម។

ការពិតទង្វើរបស់អ៊ីរ៉ង់ពិតជាចង់បញ្ឆេះសង្រ្គាមនៅមជ្ឈឹមបូព៌ា ជាមួយ អាមេរិកតែ បែបជា មិនវាយប្រហារចំគោលដៅរបស់អាមេរិកទៅវិញ ដូចជា នាវាផ្ទុកយន្តហោះអាមេរិក ជាដើម លើកលែង អ៊ីរ៉ង់បាញ់ទម្លាក់ដ្រូនរបស់អាមេរិកមួយគ្រឿងជាលើកដំបូង កាលពីខែមិថុនា ដែលស្ទើរធ្វើអោយផ្ទុះសង្រ្គាម ទៅហើយនោះ។

តែក្រោយមកអាមេរិកព្រមានថា បើអ៊ីរ៉ង់វាយលើផលប្រយោជន៍អាមេរិកជាថ្មីទៀតគឺអាមេរិកនឹងវាយទៅលើប្រទេសអ៊ីរ៉ង់ភ្លាមគឺចាប់ពីពេលនោះ មក អ៊ីរ៉ង់មិនដែលបាញ់លើគោលដៅរបស់អាមេរិកម្ដងណាឡើយ។ 

តែស្ថានការណ៍ចុងក្រោយនេះ អាមេរិក ប្រកាសថា ខ្លួនបានត្រៀមហើយដើម្បីសង្រ្កាមវាយលើប្រទេសអ៊ីរ៉ង់ គឺនៅតែរង់ចាំអ៊ីរ៉ង បើកធ្វើសង្រ្គាមតែប៉ុណ្ណោះដែលខណៈនេះទ័ពអាមេរិកបានមកដល់ទ្វារបន្ទាយរបស់អ៊ីរ៉ងទៅហើយ ដើម្បីរង់ចាំប្រយុទ្ធនិងវាយលុក លើអ៊ីរ៉ង់។

តែយ៉ាងណា ក៏ដោយ សង្រ្គាមអាចកើតមាន បើ លោកត្រាំមិនអាចជួបចរចាជាមួយមេដឹកនាំអ៊ីរ៉ង់នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅនៅទីក្រុងញ៉វយ៉ក គឺមានន័យថា អ៊ីរ៉ង់អាចនឹងវាយប្រហារលើគោលដៅរបស់អាមេរិកម្ដងទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស