32.5 C
Phnom Penh

កូនស្រី លោក កឹម សុខា ថា ការវាយប្រហារលើសកម្មជនគណបក្សសង្រ្គោះជាតិ ជាការរៀបចំជាប្រព័ន្ធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនស្រីប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានឡើងថា  ការវាយប្រហាមកលើសកម្មជនគណបក្សសង្រ្គោះជាតិ ជាការធ្វើឡើងជាប្រព័ន្ធ ហើយជាអំពើព្រៃផ្សៃ និងកំសាកបំផុត។

កញ្ញាបានសរសេរនៅលើគណនេយ្យហ្វេសប៊ុករបស់កញ្ញានៅថ្ងៃនេះ អមដោយរូបភាព អតីតចៅសង្កាត់កោះដាច់គណបក្សសង្រ្គោះជាតិ លោក ស៊ិន បូណា និងរូបភាពអតីតប្រធានកងអង្គរ័ក្សលោក សម រង្ស៊ី គឺ លោក ពួក ចិន្តា ដែលត្រូវបានជនមិនស្គាល់មុខវាយឱ្យរងរបួសធ្ងន់ធ្ងរ។ កញ្ញា កឹម មនោវិទ្យា បានលើកឡើងសំណួរជាច្រើនថា តើពលរដ្ឋខ្មែរទូទៅ អាចទទួលយកសង្គមអប្រិយនេះតទៅទៀតទេ? តើលោកអ្នកកាន់អំណាច មិនទាន់ឆ្អែតនឹងសមយ័ខ្មែរក្រហម មិនទាន់ឆ្អែតនឹងអំពើហិង្សាទេឬ? ពូកែណាស់ឫ ការលួចវាយឆ្មក់បែបនេះ?

កូនស្រីរបស់អ្នកនយោបាយដែលកំពុងជាប់ឃុំក្នុងផ្ទះរូបនេះ បានណែនាំដល់រដ្ឋាភិបាលថា ត្រូវព្យាយាមធ្វើចិត្តជាអ្នកកាន់ពុទ្ធសាសនាផង ដោយមិនត្រូវហួសហេតុពេកនោះទេ។

ការលើកឡើងរបស់ កញ្ញាពេលនេះ ស្របពេលការវាយប្រហារទៅលើអតីតមន្ត្រី និងសកម្មជនថ្នាក់មូលដ្ឋានគណបក្សសង្រ្គោះជាតិបានកើតឡើងជាបន្តបន្ទាប់ក្នុងខែកញ្ញានេះ។

ជាក់ស្តែងកាលពីថ្ងៃទី ២២ ខែកញ្ញា ប្រធានកងអង្គរ័ក្សលោក សម រង្ស៊ី គឺ លោកពួក ចិន្តា ត្រូវបានជនមិនស្គាល់មុខពីរនាក់ វាយពីក្រោយបណ្តាលឱ្យរងរបួសបែកក្បាលធ្ងន់ធ្ងរ។

ដោយឡែកកាលពីថ្ងៃម្សិលមិញ អតីតចៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ លោក ស៊ិន បូណា ត្រូវបានជនមិនស្គាល់មុខពីរនាក់ជិះម៉ូតូក្បែរវាយនឹងដំបងដែក បណ្តាលឱ្យលោក បាក់ដៃឆ្វេង៣កំណាត់ និងគ្រាំគ្រាមួយចំហៀងខ្លួន។

លោក ស៊ិន បូណា បានអះអាងថា លោកគ្មានសត្រូវទេ ហើយក៏មិនដែលមានគំនុំជាមួយនរណាដែលពីមុនមក ប៉ុន្តែលោកយល់ថាការប៉ុនប៉ងវាយសម្លាប់លោកនេះ ជាការរឿងនយោបាយច្រើនជាង ព្រោះមុនមានហេតុការណ៍អាក្រក់នេះ មានមនុស្សចូលមកថតស្លាកលេខឡាន ម៉ូតូ និងរូបលោកផងដែរ។

អតីតមន្ត្រីមូលដ្ឋានបក្សប្រឆាំងរូបនេះ បញ្ជាក់ថាក្រោយគណបក្សសង្រ្គោះជាតិត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧ លោកត្រូវបានគេហៅឱ្យចុះចូលបក្សកាន់អំណាច ប៉ុន្តែលោកបដិសេធ ដោយមិនចង់ពាក់ព័ន្ធរឿងនយោបាយ ហើយកន្លងមកនេះ លោកក៏មិនបានធ្វើសកម្មភាពនយោបាយអ្វីនោះដែរ។

កាលពីថ្ងៃទី១០ ខែកញ្ញា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណាស្មីត លើកឡើងថាក្នុងរយៈពេលជាង១ឆ្នាំ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨  ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រងការគាបសង្កត់សិទ្ធិនយោបាយទៅលើក្រុមប្រឆាំងកាន់តែមានសភាពអាក្រក់។ ជាពិសេសអ្នកស្រីថា ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា នៅតែបន្តឃុំខ្លួន ស្របពេលគណបក្សប្រជាជនកម្ពុជា កំពុងក្តោបក្តាប់អំណាចក្នុងដៃតែម្នាក់ឯង។

របាយការណ៍គណបក្សសង្រ្គោះជាតិឱ្យដឹងថា មកទល់ចុងខែកញ្ញានេះ មានអតីតសកម្មជននិងអ្នកគាំទ្របក្សប្រឆាំងជិត៤០នាក់ហើយត្រូវបានចាប់និងឃុំខ្លួន ក្រោមការចោទប្រកាន់ពីបទញុះញង់ និងទទួលផែនការពីលោក សម រង្ស៊ី ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស