32.5 C
Phnom Penh

អតីតអ្នកជាប់គុកមនសិការមួយរូប អះអាងថា កូនប្រុសច្បងលោកហ៊ុន សែន ទៅរៀននៅអាមេរិកដោយមិនបានឆ្លងកាត់ការប្រឡង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតអ្នកជាប់ឃុំឃាំង ក្នុងរដ្ឋាភិបាលលោកហ៊ុន សែន និងជាអ្នកតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិមណ្ឌលខេត្តសៀមរាប បានអះអាងថា លោកហ៊ុន សែន ធ្លាប់ភូតភរពលរដ្ឋ ដោយថាកូនខ្លួនបានទៅរៀននៅសាលាបណ្ឌិតសភាយោធា West Point សហរដ្ឋអាមេរិក គឺតាមរយៈការប្រឡងសមត្ថកិច្ច មិនមែនទៅតាមរយៈជាប់សែស្រឡាយកូនមេដឹកនាំប្រទេសនោះទេ។

ការលើកឡើងនេះ ក្រោយពេលលោកហ៊ុន សែន តែងអួតពីសមត្ថភាពកូនប្រុសច្បងរបស់ខ្លួន គឺលោក ហ៊ុន ម៉ាណែត ថាបានទៅរៀននៅសាលាកំពូងមួយរបស់សហរដ្ឋអាមេរិកគឺសាលាបណ្ឌិតសភាយោធា West Point ដោយឆ្លងកាត់ការប្រឡងសមត្ថភាពត្រឹមត្រូវ មិនមែនបានដោយការផ្តល់កិត្តិយសក្នុងនាមកូនថ្នាក់ដឹកនាំប្រទេសនោះឡើយ។

អតីតអ្នកតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិមណ្ឌលខេត្តសៀមរាប និងជាអ្នករិះគន់រឿងព្រំដែនឥតសច្ចៃមាត់ លោក អ៊ុំ សំអាន បានលើកឡើងកាលពីថ្ងៃម្សិលមិញថា លោកក៏ជាបេក្ខជនម្នាក់បានដាក់ពាក្យប្រលងចូលរៀននៅសាលាបណ្ឌិតសភាយោធា West Point ជាមួយលោកហ៊ុន ម៉ាណែត ដែរប៉ុន្តែក្រោយមកសាលាយោធានៅកម្ពុជា ដែលទទួលពាក្យប្រលង តាមការរៀបចំរបស់រដ្ឋាភិបាលកម្ពុជាសហការជាមួយទូតអាមេរិក ដែលលោកបានដាក់ពាក្យប្រលងនោះ ស្រាប់តែ គេលុបចោលការប្រលងនោះវិញ ។

លោកបន្តថា ស្រាប់តែប្រហែល២សប្តាហ៏ក្រោយមក ក្នុងកាសែតរស្មីកម្ពុជា ក៏ឃើញឈ្មោះ លោក ហ៊ុន ម៉ាណែត បានជាប់ទៅរៀននៅសាលាបណ្ឌិតសភាយោធា West Point ដោយគ្មានការប្រឡងទៅវិញ។ តំណាងរាស្ត្របក្សប្រឆាំងរូបនេះ ក៏មិនដឹងមូលហេតុអ្វីក៏គេលុបចោលការប្រលង នោះដែរ។

ប្រភពដដែលឲ្យដឹងទៀតថាបញ្ហានេះ ទើបលោកហ៊ានអះអាងថា កន្លងមក លោក ហ៊ុន សែន ធ្លាប់និយាយកុហក់ពលរដ្ឋថា កូនគាត់រូបនេះបានប្រលងជាប់ទៅរៀននៅសាលាបណ្ឌិតសភាយោធា West Point សហរដ្ឋអាមេរិក ។ ប៉ុន្តែលោកមិនមែននិយាយសំដៅលើសញ្ញាបត្រ័របស់លោក ហ៊ុន ម៉ាណែត នោះទេ ដោយសំដៅលើការប្រលងទៅរៀននៅ West Point តែប៉ុណ្ណោះ។

លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នជាឧត្តមសេនីយ៍ឯកផ្តាយមាសបី និង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។ លើសពីនេះលោកកំពុងកាន់តំណែងជាអគ្គមេបញ្ជាការរងកងទ័ពជើងគោក ជាមេបញ្ជាការរងកងអង្គរក្ស ព្រមទាំងជាមេបញ្ជាការកម្លាំងពិសេសប្រឆាំងភេរវកម្ម ។ ក្នុងរយៈពេលចុងក្រោយនេះ លោក ហ៊ុន ម៉ាណែត ត្រូវបានគេមើលឃើញថា អាចជានឹងស្នងតំណែងនាយករដ្ឋមន្ត្រីពីឪពុកលោកទៀតផង។

នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងការពារកូនរបស់ខ្លួនប្រឆាំងនឹងការលើកឡើងរបស់លោក សម រង្ស៊ី ដែលប្រមាថតម្លៃសញ្ញាបត្រកូនប្រុសខ្លួន ថា ជាសញ្ញាបត្រក្លែងក្លាយជាដើម។

កាលពីថ្ងៃទី ៣០ កញ្ញា តាមរយៈវីដេអូបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន លោក សម រង្ស៊ី បានលើកឡើងថា សញ្ញាបត្រលោក ហ៊ុន ម៉ាណែត ដែលទទួលបានពីសាលាបណ្ឌិតយោធា West Point នោះគឺជាសញ្ញាប័ត្រក្លែងក្លាយឬ ជាសញ្ញាបត្របែបការទូត ដែលអាមេរិកផ្តល់ឱ្យតែប៉ុណ្ណោះ។

ក្រោយការលើកឡើងនេះ លោក ហ៊ុន ម៉ាណែត ក៏បានប្រកាសភ្នាល់ ជាមួយលោក សម រង្ស៊ី ដោយលោកដាក់លក្ខខណ្ឌបញ្ចប់តួនាទីរបស់ខ្លួនទាំងអស់ ប្រសិនបើសញ្ញាបត្ររបស់ខ្លួនមិនមែនបានមកដោយសមត្ថភាព ឬជាសញ្ញាបត្រការទូតដែលអាមេរិកផ្តល់ជូនក្រុមនិស្សិតបរទេសពេលនោះមែន។ ប៉ុន្តែបើលោក សម រង្ស៊ី រកមិនឃើញការពិតទេ លោកសុំឱ្យអតីតមេបក្សប្រឆាំងរូបនេះ ត្រូវលាឈប់ពីជីវិតនយោបាយ ជារៀងរហូត។ យ៉ាងនេះក្តី លោក ហ៊ុន ម៉ាណែត អះអាងថា លោក សម រង្ស៊ី មិនហ៊ានភ្នាល់នោះឡើយ។

The Cambodia Daily បានព្យាយាមទូរស័ព្ទទៅលើលោក សមរង្ស៊ី ជាច្រើនលើកច្រើនសារ ដើម្បីសុំភស្តុតាងអំពីការអះអាងថា សញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ជាសញ្ញាបត្រក្លែងក្លាយ ប៉ុន្តែលោកមិនលើកទូរស័ព្ទ។

ប៉ុន្តែមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិអះអាងថាលោក សមរង្ស៊ី មិនចាំបាច់ចំណាយក្នុងការភ្នាល់គ្នាជាមួយលោក ហ៊ុន ម៉ាណែត នាំតែខាតពេលនោះទេ ហើយទាមទារឲ្យលោក ហ៊ុន ម៉ាណែត ខិតខំធ្វើយ៉ាងជំរុញឲ្យមានដំណើរការប្រជាធិបតេយ្យនៅកម្ពុជាទើបជាការប្រសើជាង។

អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បានប្រាប់សាព័ត៌មាន The Cambodia Daily កាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា ថា ប្រសិនបើចង់ឲ្យលោក សមរង្ស៊ី លាឈប់ពីជីវិតនយោបាយលុះត្រាតែលោក ហ៊ុន ម៉ាណែត ប្រាប់ទៅឪពុករបស់លោកគឺលោក ហ៊ុន សែន ថា ត្រូវតែស្តារប្រជាធិបតេយ្យឡើងវិញ និងធានាឲ្យមានការបោះឆ្នោតឡើងវិញដែលលោក សមរង្ស៊ី និងលោក កឹម សុខា អាចចូលរួមដំណើរការបោះឆ្នោតនោះបានដោយស្មើភាពគ្នា។ លោកបន្តថាប្រសិនបើពលរដ្ឋខ្មែរពេលនោះលែងបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ដូច្នេះមានន័យថាលោក សមរង្ស៊ី នឹងអស់ឥទ្ធិពលនយោបាយ ដូចគណបក្ស ហ្វ៊ុនស៊ិនប៉ិចអញ្ចឹងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស