38 C
Phnom Penh

លោក វ៉ា គឹមហុង លើកឡើងផ្ទុយពីពលរដ្ឋតាមមូលដ្ឋាន ដោយថាការបោះបង្គោលព្រំដែនមិនធ្វើឱ្យមានអ្នកទឹកភ្នែក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានថ្លែងការពារនូវកិច្ចការព្រំដែន ដែលរដ្ឋាភិបាលបានធ្វើឡើងកន្លងមក ជាមួយប្រទេសវៀតណាមថា គ្មានភាគីណាមួយ បាត់បង់ទឹកដី ឬខាតបង់នោះឡើយ។

ក្នុងសន្និសីទកាសែត ក្រោយពីបញ្ចប់កិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នៅវិមានសន្តិភាព កាលពីព្រឹកម៉ិញនេះ លោក វ៉ា គឹមហុង បានពន្យល់សាធារណជន ពីការទទួលបានផលប្រយោជន៍រៀងខ្លួន ក្នុងការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម។ 

លោក អះអាងថា ការបោះបង្គោលព្រំដែន រវាងភាគីកម្ពុជា-វៀតណាម កន្លងមកមិនបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ នៅតាមព្រំដែននោះទេ។ លោកថា លោកមិនបានធ្វើឱ្យពលរដ្ឋខ្មែរណាម្នាក់ហូរទឹកភ្នែកទឹកសំបោរនោះឡើយ ដោយរដ្ឋាភិបាលមានយន្តការដើម្បីការពារ មិនឲ្យពលរដ្ឋខ្មែររងទុក្ខវេទនាដោយសារការបោះបង្គោលព្រំដែន។

ការអះអាងបែបនេះធ្វើឡើង ក្រោយពេលរដ្ឋាភិបាលរងការរិះគន់ជាខ្លាំងពីសាធារណៈជន ឬអ្នកឃ្លាំមើលបញ្ហាព្រំដែន បន្ទាប់ពីលោក ហ៊ុន សែន និង នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក បានចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរដែលបោះសម្រេចបាន ៨៤% កាលពីថ្ងៃទី៥ ខែតុលា។ ចំណែក ១៦%ទៀត ដែលនៅសេសសល់ ភាគីទាំងពីរ ប្តេជ្ញាបន្តធ្វើការរួមគ្នា ដើម្បីបញ្ចប់នាពេលឆាប់ៗខាងមុខ។

ការលើកឡើងរបស់លោក វ៉ា គឹមហុង ហាក់ផ្ទុយគ្នាទៅនឹងការចុះស្រាវជ្រាវរបស់អ្នកឃ្លាំមើលបញ្ហាព្រំដែន ជាពិសេសពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមតែម្តង។

កន្លងមកមានពលរដ្ឋខ្មែរនៅតាមព្រំដែនជាច្រើន ដូចជាស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានយំស្រែក ក្រោយពេលដីរបស់ពួកគាត់ត្រូវបានបាត់បង់ទៅខាងភាគីវៀតណាមជាបន្តបន្ទាប់។

ជាក់ស្តែងពលរដ្ឋនៅភូមិជើង ឃុំជាំ ស្រុកមេមត់ កាលពីឆ្នាំ២០១៥ បានហួសចិត្តក្រោយពេលដីស្រែចម្ការរបស់ពួកគាត់មួយចំនួនក៏ចេះតែបាត់បង់ ព្រោះតែអាជ្ញាធរវៀតណាមមិនឱ្យពួកគាត់អាស្រ័យផលបាន ព្រមទាំងបានបាញ់ថ្នាំពុលបំផ្លាញផលដំណាំរបស់ពួកគាត់ពេលនោះទៀតផង។

បន្ថែមពីនេះ ពលរដ្ឋរឹតតែហួសចិត្តនៅពេលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលខ្មែរប្រកាសពេលនោះថា ដីដែលពួកគាត់ធ្លាប់អាស្រ័យផលតាំងពីដូនតាមក គឺជាដីវៀតណាម ដោយពលរដ្ឋនៅភូមិជើងមួយចំនួនអាស្រ័យផលលើដីរបស់វៀតណាមទៅវិញ។

មិនមែនមានតែពលរដ្ឋនៅខេត្តត្បូងឃ្មុំនោះទេ ប៉ុន្តែពលរដ្ឋនៅខេត្តផ្សេងទៀត ដូចជារតនៈគីរី មណ្ឌលគីរី ស្វាយរៀង ខេត្តកណ្តាល និងខេត្តតាកែវ ជាដើម ក៏តែងយំស្រែក ដោយសារដីស្រែចម្ការរបស់ពួកគាត់ត្រូវបានបាត់បង់ជាហូរហែ។

អតីតអ្នកទោសមនសិការដោយសារការរិះគន់រឿងព្រំដែន និងជាអ្នកតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិមណ្ឌលខេត្តសៀមរាប លោក អ៊ុំ សំអាន បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា ផែនទីខ្នាត 1/100 000 ចំនួន២៦ផ្ទាំង និងផែនទីខ្នាត 1/50 000 ចំនួន ៤០ផ្ទាំង ភ្ជាប់សន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨៥ សម័យវៀតណាមគ្រប់គ្រងកម្ពុជា។

លោកថា ផែនទីខ្នាត 1/100 000 ចំនួន២៦ផ្ទាំង គឺវៀតណាមរៀបចំអោយនិងផែនទីខ្លះមានត្រាវៀតណាមតែម្តង ហើយផែនទីទាំងនេះមិនមែនផែនទីតម្កល់នៅអង្គការសហប្រជាជាតិឬតម្កល់នៅប្រទេសបារាំងនោះទេ។

លោកលើកឡើងទៀតថា ទោះបីជាផែនទីខ្នាត 1/50 000 ដែលជាផែនទីរបស់ទាហានអាមេរិកាំង គឺផ្ទុយពីមាត្រា២ នៃរដ្ឋធម្មនុញ្ញ ដែលតម្រូវអោយប្រើផែនទីបោនខ្នាត 1/100 000 ក៏ដោយ ក៏លោក ហ៊ុន សែន បាន បំពានរដ្ឋធម្មនុញ្ញម្តងហើយម្តងទៀត ដោយយកផែនទីទាំងនេះមកប្រើដើម្បីបោះបង្គោលព្រំដែន រហូតមកដល់សព្វថ្ងៃនេះ។

លោកអះអាងថា ផែនទីទាំងនេះ ចុះហត្ថលេខាដោយលោក ឌិត មុន្ទី ជាមួយថ្នាក់ដឹកនាំវៀតណាមលោក លីវ វ៉ាន់ឡឺយ ហើយលោក ហ៊ុន សែនកាលនោះដោយមានតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសដែលលើកបន្តុបដោយវៀតណាម បានចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែនគោកឆ្នាំ១៩៨៥ ជាមួយលោក ង្វៀង កូថាច់ រដ្ឋមន្រ្តីការបរទេស វៀតណាម ដើម្បីកាត់ដីខ្មែរអោយទៅ វៀតណាម។

ក្រោយមក សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ គឺយកតាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨៥នេះឯង។ សន្ធិសញ្ញាព្រំដែន ឆ្នាំ១៩៨៥ ត្រូវបានទុកជាមោឃៈភាពរួចហើយ ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ត្រង់មាត្រា១ ចំណុច ២.ឃ ទាក់ទងនឹងបូរណភាពដែនដីនិងមាត្រា២ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា។

ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន សែន បានបោះបង្គោលព្រំដែនកន្លងមក ជាមួយវៀតណាម ដោយផ្អែកលើសន្ធិសញ្ញាឆ្នាំ១៩៨៥ នេះ ហើយកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ មានការចុះហត្ថលេខា រវាង លោក ហ៊ុន សែន និង នាយករដ្ឋមន្រ្តីវៀតណាម ស្តីពីការទទួលស្គាល់បង្គោលព្រំដែននៃប្រទេសទាំងពីរ ដែលបោះ បានចំនួន៨៤ភាគរយ។

លោក អ៊ុំ សំអាន លើកឡើងភ្លាមៗក្រោយការចុះហត្ថលេខារវាងភាគីទាំងពីរ ថាជាការធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីខ្មែរដោយស្របច្បាប់ទៅលើដៃវៀតណាម ហើយការចុះហត្ថលេខានេះ ប្រៀបដូចមនុស្សស្លាប់ដោយគ្មានថ្ងៃត្រឡប់ឡើយ ប្រសិនបើគ្មានរដ្ឋាភិបាលគ្រប់គ្រងប្រទេសដែលស្នេហាជាតិ ហ៊ានសើរើឬ លុបចោលការចុះហត្ថលេខាទាំងនេះទេ៕  

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស