32.5 C
Phnom Penh

តុលាការខេត្តកណ្តាល សម្រេចឃុំនិងចេញដីកាតាមចាប់ខ្លួន អតីតសកម្មជនបក្សសង្រ្គោះជាតិ៥នាក់បន្ថែមទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនអតីតសកម្មជនគណបក្សសង្រ្គោះជាតិចំនួន៤ នាក់ជាបណ្តោះអាសន្ន ព្រមទាំងបានចេញដីកាតាមចាប់ខ្លួនអតីតសកម្មជនបក្សនេះមួយរូបទៀត ពាក់ព័ន្ធសំណុំរឿងរួមគំនិតក្បត់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។

ស្នងការនគរបាល ខេត្តកណ្ដាល លោក អ៊ាវ ចំរើន បានប្រាប់កាសែតក្នុងស្រុក ដែលចុះផ្សាយនៅថ្ងៃនេះថា មនុស្សទាំងនោះរួមមានឈ្មោះ ផុន សុភា ភេទប្រុស ឈ្មោះ ឈុន ថៃ ឈ្មោះ លី ម៉េងឃៀង និង ឈ្មោះ លី លីន។ លោកបញ្ជាក់ថាពួកគេទាំង៤រូប ត្រូវបានតុលាការចោទប្រកាន់ពីបទរួម រួមគំនិតក្បត់ និងបានសម្រេចបញ្ជូនខ្លួនពួកគេទៅឃុំនៅក្នុងពន្ធនាគាររួចហើយដែរកាលពីថ្ងៃម្សិលមិញ។

កាលពីថ្ងៃព្រហស្បតិ៍អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួងមួយដោយបញ្ជាក់ថា តុលាការខេត្តនេះបានសម្រេចចោទប្រកាន់ទៅលើអតីតសកម្មជនគណបក្សសង្គ្រោះជាតិ២រូប គឺលោក ផុន សុភា ដែលត្រូវបានចាប់ឃុំខ្លួនរួចទៅហើយ និងមួយរូបទៀត គឺលោក ភ្លឺ ប៊ុនស៊ុន ពាក់ព័ន្ធ ការរួមគំនិតក្បត់ប៉ុនប៉ងចូលរួមធ្វើរដ្ឋប្រហាររដ្ឋាភិបាល ក្រោមផែនការវិលត្រឡប់ចូលប្រទេសរបស់លោក សម រង្ស៊ី នៅថ្ងៃទី ៩ វិច្ឆិកា។ បន្ថែមពីនេះ តុលាការក៏បានចេញដីកាតាមចាប់ខ្លួន លោក ភ្លឺ ប៊ុនស៊ុន ផងដែរ។

សន្ទុះនៃការចាប់ខ្លួនអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិកាន់តែខ្លាំង ក្រោយពេលពួកគេមួយចំនួនបានទៅជួបលោក សម រង្ស៊ី នៅថ្ងៃទី ១៥ ខែកញ្ញា នៅប្រទេសម៉ាឡេស៊ី។ រូបភាពនិងវីដេអូនៃការជួបជុំគ្នានោះ ត្រូវបានចែកចាយដោយលោក សម រង្ស៊ី នៅលើទំព័រហ្វេសប៊ុករបស់លោក។

ក្រោយការបង្ហោះរូបភាពនិងវីដេអូ នោះមិនបានប៉ុន្មាន អាជ្ញាធរលោកហ៊ុន សែន ក៏ចាប់ផ្តើមធ្វើយុទ្ធនាការតាមចាប់ខ្លួនអតីតមន្ត្រីនិងសកម្មជនបក្សប្រឆាំងទាំងនោះជាបន្តបន្ទាប់ ដោយរដ្ឋាភិបាលបានចោទពួកគេថាទទួលផែនការពីលោក សម រង្ស៊ី ដើម្បីអូសទាញ ប្រជាពលរដ្ឋឱ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាលក្រោមផែនការនៃការវិលត្រលប់ចូលស្រុក របស់លោក សម រង្ស៊ី នៅថ្ងៃទី ៩ ខែវិច្ឆិកា។

ទោះបីជាជាមានការចាប់ខ្លួនអតីតមន្ត្រីរបស់ខ្លួនជាបន្តបន្ទាប់ក្តី ប៉ុន្តែលោក សម រង្ស៊ី នៅតែប្រកាសប្តេជ្ញាវិលចូលប្រទេសកម្ពុជាឱ្យបាននៅថ្ងៃ៩ វិច្ឆិកាខាងមុខ ហើយលោកថែមទាំងបានហៅការចាប់ខ្លួនអតីតសកម្មជនរបស់ខ្លួនថាជារឿងកំសាក និងជាអំពើព្រៃផ្សៃ ប្រៀបដូចទៅនឹងសម័យខ្មែរក្រហមទៀតផង។ រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិជិត៦០នាក់ហើយ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួន និងចោទប្រកាន់ពាក់ព័ន្ធ ការរួមគំនិតក្បត់ ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស