30.4 C
Phnom Penh

តុលាការកំពូលបដិសេធសំណើរសុំនៅក្រៅឃុំករណី លោក រ៉ាត់ រត្នមុនី ជាថ្មីទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការកំពូល បានប្រកាសសាលដីកាសម្រេចបដិសេធសំណើរសុំនៅក្រៅឃុំករណីអតីតអ្នកបកប្រែទូរទស្សន៍រុស្ស៊ី RT  គឺ លោក រ៉ាត់ រត្នមុនី ជាថ្មីទៀត។

ការសម្រេចនេះ ធ្វើឡើងក្នុងសវនាការប្រកាសសាលដីកាសុំនៅក្រៅឃុំរបស់អតីតអ្នកបកប្រែទូរទស្សន៍RTលោក រ៉ាត់ រ័ត្នមុនី នៅព្រឹកនេះ។

ភរិយាលោក រ៉ាត់ រត្នមុនី គឺ អ្នកស្រី ឡុង គឹមហ៊ាង បានលើកឡើងថាពលរដ្ឋខ្មែរ ព្រមទាំងគ្រួសារអ្នកស្រីផង កំពុងព្រាត់ប្រាស់គ្រួសារ សាច់ញាតិ និងកំពុងរងភាពអយុត្តិធម៌ ដោយសារតែតុលាការកម្ពុជា ចោលម្សៀតនាពេលបច្ចុប្បន្ន។

អ្នកស្រី បញ្ជាក់ថា តុលាការកំពូល មិនបានដោះលែងប្តីអ្នកស្រីឲ្យនៅក្រៅឃុំតាមការស្នើសុំទេ នៅព្រឹកថ្ងៃទី ២៨ ខែ តុលា នេះ។

អ្នកស្រីបានផ្តាំទៅប្តីរបស់អ្នកស្រី ថាត្រូវតែរឹងមាំ អត់ធ្មត់ តស៊ូឲ្យបាន ដើម្បីជាតិ និងទឹកដីដ៏កំសត់របស់ខ្មែរ បើទោះជាប្តីរបស់អ្នកស្រី នៅមិនទាន់បានយុត្តិធម៌យ៉ាងណាក៏ដោយ។

លោក រ៉ាត់ រត្នមុនី គឺជាអ្នកបកប្រែភាសាខ្សែភាពយន្តឯកសាររឿង «ម្តាយខ្ញុំលក់ខ្ញុំ»  ដែលផលិតដោយទូរទស្សន៍រុស្ស៊ីRT ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសកាលពីថ្ងៃទី២៦ ខែមិថុនា ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ក្រោមបទចោទថាបាន «ញុះញង់ឱ្យមានការរើសអើង»។

លោក ត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចថៃនៅក្នុងទីក្រុងបាងកកកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ខណៈលោកព្យាយាមសុំសិទ្ធិជ្រកកោនទៅប្រទេសហូឡង់។ ក្រុមគ្រួសាររបស់លោក បានសុំអន្តរាគមន៍ជាច្រើនដងច្រើនសារទៅកាន់ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា ប៉ុន្តែមិនមានចម្លើយតបពីស្ថានទូតឬ រដ្ឋាភិបាលមួយនេះម្តងណាឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស