30.4 C
Phnom Penh

រដ្ឋាភិបាលម៉ាឡេស៊ី បានដោះលែងអ្នកស្រី មូរ សុខហួរ និងសកម្មជនពីរនាក់ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រហូតមកទល់ពេលនេះអាជ្ញាធរប្រទេសម៉ាឡេស៊ី បានដោះលែងអ្នកស្រី មូរ សុខហួរ និងអនុញ្ញាតឲ្យចូលទឹកដីម៉ាឡីស៊ីបានធម្មតា ចំណែក សកម្មជនបក្សប្រឆាំងពីរនាក់ផ្សេងទៀត ក៏ត្រូវបានដោះលែង និង អនុញ្ញាតឲ្យចូលទឹកដីប្រទេសម៉ាឡេស៊ីតាមធម្មតាដែរ។

កាលពីប៉ុន្មានម៉ោងមុនកន្លងទៅនេះ រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី បានអះអាងថា ខ្លួនកំពុងពិភាក្សារកប្រទេសផ្សេងឬប្រទេសទី៣ ក្នុងការបញ្ជូនអនុប្រធានគណបក្សសង្រ្គោះជាតិ អ្នកស្រី មូរ សុខហួរ ចេញឱ្យផុតពីប្រទេសរបស់ខ្លួន។

ការលើកឡើងនេះ ក្រោយពេលសមត្ថកិច្ចអន្តោប្រវេសន៍ម៉ាឡេស៊ី បានឃាត់ខ្លួនអនុប្រធានគណបក្សសង្រ្គោះជាតិរូបនេះ កាលពីយប់ម្សិលមិញនៅព្រលានយន្តហោះកូឡាឡាំពួរ។

ភ្នាក់ងារសារព័ត៌មានReuter បានចុះផ្សាយនៅថ្ងៃនេះ ដោយដកស្រង់សម្តីរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad ដែលbបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃនេះដែរ ថាម៉ាឡេស៊ីកំពុងស្វែងរកប្រទេសទី ៣ ក្នុងការបញ្ជូនមេដឹកនាំគណបក្សប្រឆាំងអ្នកស្រីមូរ សុខហួរ ចេញពីប្រទេសរបស់ខ្លួន។

ប្រភពដដែលឲ្យដឹងទៀតថា លោកម៉ាហាធៀ បាននិយាយសំដៅដល់កិច្ចសហប្រតិបត្តិការ និងគោលការណ៍របស់ អាស៊ាន គឺមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀតនោះឡើយ ។

ដូច្នេះ លោក មិនចង់ឲ្យថ្នាក់ដឹកនាំក្រុមបក្សប្រឆាំងប្រើប្រាស់ទឹកដីប្រទេសម៉ាឡេស៊ីជាមូលដ្ឋានសម្រាប់ការតស៊ូ ឬប្រឆាំងប្រទេសដទៃទៀតនោះឡើយ។ លោកថា ម៉ាឡេស៊ី ចង់បណ្តេញអ្នកស្រី សុខហួរ ចេញភ្លាមៗតែម្តង ប៉ុន្តែរដ្ឋាភិបាលប្រទេសនេះកំពុងព្យាយាមស្វែងរកប្រទេសណាដែលអាចទទួលយកអ្នកស្រីបានជាមុនសិន។

អាជ្ញាធរអន្តោប្រវេសន៍ម៉ាឡេស៊ីបានឃាត់ខ្លួនអ្នកស្រីមូរសុខហួរ បន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន បានស្វែងរកចាប់ខ្លួនអ្នកស្រី និងមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិផ្សេងទៀតក្រោមហេតុផលថាថ្នាក់ដឹកនាំបក្សប្រឆាំងដែលនិរទេសខ្លួនកំពុងរៀបចំផែនការធ្វើរដ្ឋប្រហាររដ្ឋាភិបាល ក្រោមផែនការនៃការវិលត្រឡប់ទៅស្រុកកំណើត               វិញ។

អ្នកស្រី សុខហួរ ត្រូវបានចាប់ខ្លួន ក្រោយពេលអ្នកស្រីបានចេញដំណើរពីប្រទេសឥណ្ឌូនេស៊ី ឆ្ពោះមកប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងជួបមន្ត្រីជាន់ខ្ពស់របស់ប្រទេសនេះ និងក្រុមសង្គមស៊ីវិលផង ដើម្បីស្វែងរកការគាំទ្រដល់ដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ចូលមកប្រទេសកម្ពុជានៅថ្ងៃទី ៩វិច្ឆិកា ខាងមុខនេះ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស