39.4 C
Phnom Penh

ប្រធានាធិបតីចិនអះអាង​ថាបាតុករ​ហុងកុង​បំផ្លាញគោលនយោបាយប្រទេស​១ប្រព័ន្ធ២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចាប់តាំងពីចក្រភពអង់គ្លេស ប្រគល់ដែនដីហុងកុងមកឲ្យចិនវិញនៅឆ្នាំ ១៩៩៧មក ក្រុងហុង កុង បានស្ថិតនៅក្រោមការគ្រប់គ្រងក្រោមប្រព័ន្ធពិសេសមួយ គឺប្រទេសមួយប្រព័ន្ធ២ ដែលធានាការផ្តល់សិទ្ធិសេរីភាពធំធេងជាងតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសចិន។

មិនតែប៉ុណ្ណោះហុងកុងគឺជាតំបន់សេដ្ឋកិច្ចពិសេស ព្រោះ ទីក្រុងនេះ ធ្លាប់ស្ថិតនៅក្រោម របបសេដ្ឋកិច្ចសេរី ប្រជាធិបតេយ្យ សេរី ជាច្រើន ទសវត្ស មកហើយកាលពេលដែលទីក្រុងនេះស្ថិតក្រោមរបបអាណានិគមអង់គ្លេស។ ប៉ុន្តែទីក្រុងហុងកុងនៅពេលនេះ បានធ្លាក់នៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរមួយបន្ទាប់ពីមានបាតុកម្មជាទ្រង់ទាយធំមួយ បានផ្ទុះឡើងកាលពីខែមិថុនាកន្លងទៅ ហើយនៅពេលនេះបាតុកម្មនេះ បានធ្វើការពង្រឹងខ្លួនកាន់តែរឹងមាំឡើងៗ ស្របពេលដែលស្ថានភាពកាន់តែអាក្រក់និងធ្ងន់ធ្ងរឡើងៗ រហូតដល់មានហិង្សាបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជាការប្រើប្រាស់ព្រួញភ្លើង ពីសំណាក់ក្រុមបាតុករបាញ់ទៅលើកងកម្លាំងប៉ូលិសក្រុងហុងកុងផងដែរនោះ។

បណ្ដាញផ្សាយព័ត៌មាន Channel News Asia នៅថ្ងៃសុក្រនេះ បានចុះផ្សាយថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានលើកឡើង ថាក្រុមបាតុករនៅ ហុង កុង កំពុងតែ បង្កការគំរាមកំហែងជាខ្លាំងដល់គោលការណ៍ ប្រទេសមួយប្រព័ន្ធពីរដែលជាគោលនយោបាយរបស់                          រដ្ឋាភិបាលចិន ។

ដំបូងឡើយសកម្មភាពបាតុកម្មរបស់ពលរដ្ឋហុងកុងបានកើតឡើងដោយសន្តិវិធី ប៉ុន្តែបន្ទាប់ពីអូសបន្លាយចូលដល់សប្ដាហ៍ទី៤ ក៏ចាប់ ផ្ដើមផ្ទុះហិង្សា ហើយឥឡូវនេះបានវិវឌ្ឍន៍ខ្លួន រហូតប្រែក្លាយជាបាតុកម្មហិង្សាយ៉ាងធ្ងន់ធ្ងរ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ជាពិសេសនៅរយៈពេលចុងក្រោយនេះ។

ដោយមើលឃើញ អំពីស្ថានភាពកាន់តែគ្រោះថ្នាក់ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលមួយ នៅប្រទេសប្រេស៊ីលបានលើកឡើងថាក្រុមបាតុករកំពុងតែប្រព្រឹត្តសកម្មភាព ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះមូលដ្ឋាននៃគោលការណ៍ ប្រទេសមួយប្រព័ន្ធ គ្រប់គ្រងពីរដែលលោកព្រមានថាពិបាកអត់ធ្មត់ ណាស់។

ប៉ុន្តែនៅពេលជាមួយគ្នានេះ លោកនៅតែបន្តការគាំទ្ររបស់ រដ្ឋាភិបាលទីក្រុងប៉េកាំង ចំពោះរដ្ឋបាលទីក្រុងហុងកុង និងប៉ូលិសហុងកុងដែលមានវិធានការកន្លងមក។ លោកក៏បានសង្កត់ធ្ងន់ថា ការបញ្ឈប់អំពើហិង្សា និងការគ្រប់គ្រងស្ថានភាពវឹកវរ ឲ្យមានសណ្តាប់ធ្នាប់ឡើងវិញ គឺជាកិច្ចការដ៏សំខាន់ និងបន្ទាន់បំផុតសម្រាប់ទីក្រុងហុងកុង ហើយថាក្រុងប៉េកាំងនឹងនៅតែឈរពីក្រោយជានិច្ច។ 

នៅពេលនេះបានឈានទៅដល់ដំណាក់កាលធ្ងន់ធ្ងរហើយព្រោះតែ   បាតុករភាគច្រើន គឺជាក្រុមនិស្សិតដែលស្លៀកសំលៀកបំពាក់ និងពាក់ម៉ាសពណ៌ខ្មៅ ហើយមិនតែប៉ុណ្ណោះ បាតុករបាន ប្រើប្រាស់ព្រួយភ្លើងបាញ់ទៅលើប៉ូលិសថែមទៀត ដែលកាន់តែធ្វើអោយស្ថានភាពកាន់តែក្តៅខ្លាំង។ ស្ថានភាពក្ដៅ គគុកនេះ បានកើតឡើងក្រោយពី និស្សិតបាតុករម្នាក់បានស្លាប់ កាលពីដើមខែវិច្ឆិកា កន្លងទៅ។

របាយការណ៍របស់មន្ទីរពេទ្យPrince of Wales ក្នុងហុងកុងឲ្យដឹងថា កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា មានបុរសចំណាស់ម្នាក់ វ័យ ៧០ឆ្នាំបានស្លាប់ បន្ទាប់ពីត្រូវបានគេចោលដុំឥដ្ឋត្រូវក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នារវាង ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និងក្រុមដែលគាំទ្រ រដ្ឋាភិបាល។ នៅថ្ងៃទី០៨ ខែវិច្ឆិកា និស្សិត ឈ្មោះ Alex Chow អាយុ ២២ឆ្នាំ បានស្លាប់ក្រោយធ្លាក់ពីលើអាគារក្នុងអំឡុងការប៉ះទង្គិចគ្នា រវាងប៉ូលិស និងក្រុមបាតុករនៅក្នុងអាគារចតរថយន្តមួយកន្លែង។ ទោះជាមានស្ថានភាពបែបនេះក្ដី អ្នកស្រីអភិបាលក្រុង ហុង កុង ខារីឡាំ ដែលមានក្រុងប៉េកាំងនៅពីក្រោយ បានបន្តព្រមានថា ការបាត់បង់សណ្ដាប់ធ្កាប់របស់ក្រុង ហុងកុង គឺអាក្រក់ជាទីបំផុត។ អ្នកស្រីព្រមានថាអ្នកស្រីមិនអាច ទទួលយកដំណោះស្រាយដោយអំពើហិង្សាដូច្នេះទេ។

កាលពីខែកញ្ញា រដ្ឋាភិបាលចិន បានបញ្ជូន កងទ័ពដែលជាក្រុម វាយបង្រ្កាបមិនត្រាប្រណៃ គឺដូចជាការបង្រ្កាបបដិវត្តន៍និស្សិតនៅទីលាន ធៀនអាន់មេន កាលពីឆ្នាំ១៩៨៩ ដែលបានសម្លាប់បាតុករយ៉ាងរង្គាល បានដាក់ពង្រាយនៅតាមព្រំដែនក្រុងហុងកុងរួចទៅហើយ។ បើមានការបញ្ជាគឺក្រុមនេះនឹងចូលទៅវាយបង្រ្កាបបាតុករភ្លាម។ ប៉ុន្តែសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់កាណាដា បានព្រមានថា នឹងដាក់ទណ្ឌកម្មលើក្រុងប៉េកាំង ប្រសិនបើហ៊ានធ្វើការវាយបង្រ្កាបក្រុមបាតុករដូចកាលពីឆ្នាំ១៩៨៩ មែននោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស