39.4 C
Phnom Penh

លីកាដូថា រយៈពេល១០ឆ្នាំចុងក្រោយនេះ សិទ្ធិមនុស្ស និងសិទ្ធិនយោបាយកាន់តែរងការរំលោភបំពាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការការពារសិទ្ធិមនុស្សលីកាដូរកឃើញថា បញ្ហាសិទ្ធិមនុស្ស សិទ្ធិដីធ្លី សិទ្ធិបញ្ចេញមតិ និងសិទ្ធិនយោបាយនៅកម្ពុជា ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ កាន់តែរងការរំលោភបំពានធ្ងន់ធ្ងរ។

ក្នុងរបាយការណ៍របស់ខ្លួនដែលចេញផ្សាយរយៈពេល១០ថ្ងៃ ពីថ្ងៃទី ១ ធ្នូ ដល់ថ្ងៃទី ១០ធ្នូ ដើម្បីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំនេះ លីកាដូបានបង្ហាញឯកសារចងក្រងព្រឹត្តិការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សសំខាន់ៗក្នុងរយៈពេល ១ទសវត្សចុងក្រោយនេះដោយគិតចាប់ ឆ្នាំ ២០១០ ដល់ខែធ្នូឆ្នាំ២០១៩។ របាយការណ៍ចងក្រងនេះ មានចំណងជើងថា «ការពិនិត្យឡើងវិញរយៈពេល ១០ឆ្នាំ នៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជា» ។

របាយការណ៍នេះបានផ្តោតជាសំខាន់ទៅលើការរំលោភសិទ្ធិដីធ្លី សិទ្ធិនយោបាយ សិទ្ធិការងាររបស់ក្រុមសង្គមស៊ីវិល និងសិទ្ធិបញ្ចេញមតិ ក្នុងរយៈពេល១០ឆ្នាំមកនេះ នៅមិនទាន់មានការគោរពឲ្យបានប្រសើរនៅឡើយទេ ប៉ុន្តែកាន់តែអាក្រក់ជាងមុខទៅទៀត។

ជាក់ស្តែងបញ្ហាដីធ្លីកើតឡើងស្ទើរគ្រប់ទីកន្លែង ក្នុងប្រទេស ទោះបីជា រដ្ឋាភិបាលបានចេញគោលនយោបាយក្រុមនិស្សិតស្មគ្រចិត្តវាស់វែងដីធ្លីជូនពលរដ្ឋកាលពីឆ្នាំ២០១២យ៉ាងណាក៏ដោយ ក៏បញ្ហាដីធ្លីនៅតែកើតឡើង ហើយការតវ៉ារបស់ពលរដ្ឋ តែងរងការបង្ក្រាបដោយហិង្សាឬ គំរាមកំហែងពីសំណាក់អាជ្ញាធរ និងអ្នកមានអំណាចជាដើម។

ចំណែកសិទ្ធិបញ្ចេញមតិ និងសិទ្ធិរបស់អង្គការសង្គមស៊ីវិល កាន់តែរួមចង្អៀត ស្របពេលដែលអ្នករិះគន់រដ្ឋាភិបាលរងនូវការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត។ បន្ថែមពីនេះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងប្រព័ន្ធផ្សាយបន្តសារព័ត៌មានឯករាជ្យ ក៏ត្រូវបានបិទទ្វារក្រោមហេតុផលពន្ធដារ និងការអនុវត្តច្បាប់។

ចំពោះការបំពេញការងាររបស់ក្រុមអង្គការសង្គមស៊ីវិលវិញ ក៏កាន់តែលំបាក ពិសេសក្នុងរយៈពេលចុងក្រោយ បន្ទាប់ពីច្បាប់អង្គការសង្គមស៊ីវិលត្រូវបានអនុម័ត។ ហើយរីឯសកម្មភាពបំពេញការងាររបស់ពួកគេនៅតាមមូលដ្ឋានតែងរងការ តាមដានជាប្រចាំពីសំណាក់                    អាជ្ញាធរមូលដ្ឋានដែរ។

ដោយឡែកក្រុមបក្សប្រឆាំងក៏តែងរងការធ្វើទុក្ខបុកម្នេញ រហូតដល់ឈានទៅចាប់ខ្លួនមេបក្សសង្រ្គោះជាតិ និងរំលាយបក្សប្រឆាំងនេះកាលពីចុងឆ្នាំ២០១៧ទៀតផង។ ក្រៅពីនេះ ក្នុងឆ្នាំ២០១៩នេះ ស្ថានភាពបង្ក្រាបទៅលើសំឡេងបក្សប្រឆាំងកាន់តែអាក្រក់ឡើង។

ចំណែកស្ថានភាពសិទ្ធិការងារវិញ ក៏មិនល្អប្រសើរដែរក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដោយសារមានការបង្ក្រាបដោយហិង្សាលើក្រុមកម្មករខ្លះដែលតវ៉ាទាមទារលក្ខខណ្ឌការងារប្រសើរ និងមានករណីខ្លះបណ្តាលឱ្យកម្មករស្លាប់បាត់បង់ជីវិតទៀតផង។ ជាក់ស្តែងព្រឹត្តិការណ៍តវ៉ាទាមទារតម្លើងប្រាក់ខែគោល១៦០ ដុល្លារនៅដើមឆ្នាំ២០១៤ នៅលើផ្លូវវេងស្រេង បណ្តាលឱ្យមានកម្មករយ៉ាងហោច៤នាក់ស្លាប់ និងបាត់ខ្លួនម្នាក់ ប៉ុន្តែរហូតមកទល់ពេលនេះរដ្ឋាភិបាលនៅមិនទាន់រកយុត្តិធម៌ជូនពួកគេនៅឡើយ។

កាលពីថ្ងៃទី ១២ វិច្ឆិកា សហភាពអឺរ៉ុប បានផ្ញើរបាយការណ៍ស្រាវជ្រាវរបស់ខ្លួនទៅកាន់រដ្ឋាភិបាលកម្ពុជាដើម្បីពិនិត្យ និងធ្វើការឆ្លើយតបជុំវិញការរកឃើញរបស់ពួកគេ ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិនយោបាយ ក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយ។

ជាការឆ្លើយតបនឹងរបាយការណ៍ការណ៍នេះ រដ្ឋាភិបាលកម្ពុជាមានពេលត្រឹមថ្ងៃទី១២ ខែធ្នូនេះប៉ុណ្ណោះ។

តែយ៉ាងណាក៏ដោយ នៅខែកុម្ភឆ្នាំ២០២០ សហភាពអឺរ៉ុបនឹងធ្វើការសម្រេចជាផ្លូវការថាតើត្រូវព្យួរឬ មិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់ខ្លួនពីកម្ពុជា។

ក្រុមអ្នកជំនាញព្រមានថា ប្រសិនបើ EBA ត្រូវបាត់បង់មែន នោះកម្ពុជានឹងត្រូវខាតបង់ប្រាក់ជាង២លានដុល្លារអាមេរិក្នុងមួយថ្ងៃៗ ហើយនឹងធ្វើឱ្យខាតបង់ប្រាក់ជិត៧រយលានដុល្លារក្នុងមួយឆ្នាំៗ ដោយការនាំទំនិញចេញទៅសហភាពអឺរ៉ុប ដោយការរួចកាត្វកិច្ចបង់ពន្ធ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស