29.6 C
Phnom Penh

តុលាការលោកហ៊ុន សែន នឹងបើកសវនាការសំណុំរឿងលោក កឹម សុខា គៀកថ្ងៃប្រកាសព្យួរឬ មិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការរបស់លោក ហ៊ុន សែន បានប្រកាសសម្រេចបើកសវនាការសំណុំរឿងប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា នៅដើមឆ្នាំក្រោយ។

ការសម្រេចនេះធ្វើឡើង ស្របពេលប្រធានតុលាការសាលាឧទ្ធរណ៍ប្រកាសច្រានចោលបណ្តឹងទាស់ការសម្រេចបញ្ជូនសំណុំរឿងលោកកឹម សុខា ទៅជំនុំជម្រះតាមការសើ្នសុំរបស់សហមេធាវីការពារក្តីលោក កឹម សុខា នៅរសៀលថ្ងៃទី៩ ធ្នូនេះ។ សាលាឧទ្ធរណ៍បានចាត់ទុកការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបញ្ចូនសំណុំរឿងអតីតមេដឹកនាំបក្សប្រឆាំង ទៅជំនុំជម្រះថា ធ្វើឡើងត្រឹមត្រូវតាមនីតិវិធីច្បាប់។

សេចក្តីប្រកាសរបស់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលនេះ បានឱ្យដឹងថា សំណុំរឿងសន្និដ្ឋិភាពជាមួយបរទេសឬ បទក្បត់ជាតិ  របស់លោក កឹម សុខា នឹងត្រូវបើកសវនាការជំនុំជម្រះនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

យ៉ាងណាក៏ដោយចុះ ក្រោយពេលប្រធានក្រុមប្រឹក្សាក្នុងអង្គជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង បានបដិសេធបណ្តឹងរបស់ក្រុមមេធាវីរបស់លោក កឹម សុខា រួចមក ក្រុមមេធាវីការពារក្តីរបស់មេបក្សប្រឆាំងរូបនេះ ថ្លែងប្រាប់អ្នកសារព័ត៌មានដោយចាត់ទុកការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍នេះថា មិនបានផ្ដល់យុត្តិធម៌ឱ្យកូនក្ដីរបស់ពួកគេឡើយ។

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តល់សេរីភាពឱ្យ លោក កឹម សុខា បានច្រើនជាងមុន បន្ទាប់ពីឃុំខ្លួនក្នុងពន្ធនាគារ និងឃុំក្នុងផ្ទះយ៉ាងតឹងរ៉ឹងអស់រយៈពេលជាង២ឆ្នាំ។ ប៉ុន្តែមេបក្សប្រឆាំងរូបនេះនៅតែត្រូវបានតុលាការរបស់លោកហ៊ុន សែន ហាមប្រាមមិនឱ្យធ្វើសកម្មភាពនយោបាយនិងមិនអាចចេញទៅក្រៅប្រទេសបានឡើយ។

ទោះបីជាយ៉ាងនេះក្តី សហគមន៍អន្តរជាតិ រួមមានសហរដ្ឋអាមេរិក សភាពអឺរ៉ុប អ្នករាយការពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានៃអង្គការសហប្រជាជាតិផង បានជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ផ្តល់សិទ្ធិសេរីភាពជាពលរដ្ឋ និងជាអ្នកពេញលេញដល់លោក កឹម សុខា ពិសេសទម្លាក់បទចោទប្រកាន់ទាំងអស់លើមេបក្សប្រឆាំងរូបនេះ និងអ្នកជាប់ឃុំនយោបាយផ្សេងទៀត។ 

សហរដ្ឋអាមេរិក ដែលជាប្រទេសឈានមុខគេ ធ្លាប់បាននិយាយចំៗថា ការចាប់ខ្លួន និងឃុំខ្លួនលោក កឹម សុខា ជាង២ឆ្នាំមកនេះ ធ្វើឡើងដោយអយុត្តិធម៌ គ្មានភស្តុតាង គ្មានសាក្សីអ្វីទាំងអស់។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចលោកហ៊ុន សែន ចូលចាប់ខ្លួនទាំងយប់អាធ្រាត្រ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយថាជាបទល្មើសជាក់ស្តែង ស្របពេលភស្តុតាងដែលឈានទៅចាប់ខ្លួនលោក កឹម សុខា នោះ យកពីវីដេអូដែលលោកនិយាយប្រាប់ពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ប៉ុណ្ណោះ។

ក្រោយចាប់ខ្លួនភ្លាម លោក កឹម សុខា ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដោយលោក ហ៊ុន សែន ចោទអំពីបទក្បត់ជាតិ ហើយលោកក៏ត្រូវបានបញ្ជូនមកឃុំខ្លួនក្នុងផ្ទះរបស់លោកវិញ បន្ទាប់ពីលោកជាប់ពន្ធនាគារត្រពាំងផ្លុងជាង១ឆ្នាំ។

យ៉ាងណាក៏ដោយ រដ្ឋាភិបាលមានពេល៣ថ្ងៃទៀតប៉ុណ្ណោះ ដើម្បីឆ្លើយតបនឹងរបាយការណ៍ស៊ើបអង្កេតជុំវិញស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ ដែលសហភាពអឺរ៉ុបបញ្ជូនមករដ្ឋាភិបាលកាលពីថ្ងៃទី ១២ វិច្ឆិកា។

ក្រោយពេលស្តាប់ឬ ទទួលការឆ្លើយតប គណៈកម្មការសហភាពអឺរ៉ុប នឹងសម្រេចជាផ្លូវការលើការព្យួរឬ មិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់ខ្លួន មកលើកម្ពុជានៅខែកុម្ភៈ ឆ្នាំ២០២០។

យ៉ាងណា មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក ហ៊ីង សុខសាន្ត បានប្រដូចតួអង្គលោក កឹម សុខា  ទៅនឹងវីរៈជនល្បីៗលើលោក ដែលតស៊ូប្រឆាំងអំណាចផ្តាច់ការ។

នៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញ  លោក ហ៊ីង សុខសាន្ត បានលើកឡើងថា លោក នែលសុន មែនដេឡា (Nelson Mandela) បានជាប់ឃុំក្នុងគុក ២៧ឆ្នាំ ដោយពួកផ្តាច់ការ អាប៉ាដេត (Apartheid) នៅអាហ្រ្វិកខាងត្បូង។  មេដឹកនាំបក្សប្រឆាំងនៅប្រទេសភូមា អ្នកស្រី អ៊ុងសាន់ ស៊ូជី (Aung San Suu Kyi) បានជាប់ឃុំក្នុងផ្ទះ ២១ឆ្នាំ ដោយពួកដឹកនាំរបបយោធា។

មន្ត្រីបក្សប្រឆាំងរូបនេះ ថាទាំងលោក នែលសុន មែនដេឡា ទាំងអ្នកស្រី អ៊ុងសាន់ ស៊ូជី សុទ្ធតែបានតស៊ូដោយអហិង្សា ប្រឆាំងនឹងពួកផ្តាច់ការ និងពួកយោធារហូតបានជោគជ័យ។

លោកបន្តថា បើទោះបីជាពួកគាត់ទាំងពីរ ធ្លាប់ជាប់ឃុំក្នុងគុក និងជាប់ឃុំក្នុងផ្ទះម្នាក់ៗជាង២០ឆ្នាំក៏ដោយ ក៏ពួកគាត់រងគ្រោះ តែពីពួកផ្តាច់ការ ឬពួកយោធាតែម្ខាងប៉ុណ្ណោះ ដោយមិនដែលរងគ្រោះដោយសារសហការី និងដៃគូតស៊ូនយោបាយដូចគ្នា ដូចជាប្រមាថ លាបព៌ណ និងមូលបង្កាច់ក្នុងពេលតស៊ូនោះឡើយ គឺមានតែការលើកទឹកចិត្ត និងគោរព កោតសរសើរថែមទៀត។

លោក ហ៊ីង សុខសាន្ត បន្ថែមថា ផ្ទុយពីអ្នកទាំងពីរខាងលើ សម្រាប់លោក កឹម សុខា វិញ ធ្លាប់ជាប់ឃុំក្នុងគុក ជាប់ឃុំក្នុងស្នាក់ការបក្ស និងជាប់ឃុំក្នុងផ្ទះ ទោះរយៈពេលខ្លីជាងវីរៈជនល្បីៗទាំងពីរខាងលើក៏ដោយ  ប៉ុន្តែក្នុងពេលតស៊ូ លោក កឹម សុខា រងគ្រោះពីក្រុមមេដឹកនាំក្រាញអំណាចផង និងរងគ្រោះពីសហការី ពិសេសដៃគូនយោបាយផង ដោយការប្រមាថ ការលាបព៌ណ និងការមូលបង្កាច់ម្តងហើយម្តងទៀតឥតឈប់ឈរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស