32.5 C
Phnom Penh

សមត្ថកិច្ចសម្រេចបញ្ជូនសំណុំរឿងកូនប្រុសអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម មួយរូប ទៅតុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីសមត្ថកិច្ចរាជធានីភ្នំពេញបានសម្រេចបញ្ជូនខ្លួន ថៅកែស្ថានីយ៍ប្រេងឥន្ធនៈ PTT នៅចំណុចរង្វង់មូលគួរស្រូវ ផ្លូ វជាតិលេខ២ គឺលោក សារុន វិធុរៈ ដែលជាកូនប្រុសអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបច្ចុប្បន្នជាអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តតាកែវ លោក ច័ន្ទ សារុន ទៅតុលាការនៅថ្ងៃនេះ។

ការសម្រេចនេះ ធ្វើឡើងតាមការបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងអំពើហិង្សាលើមន្ត្រីក្រសួងអប់រំម្នាក់ដើម្បីចាត់ការតាមច្បាប់។

កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ថៅកែស្ថានីយ៍ប្រេងឥន្ធនៈ PTT នៅរង្វង់មូលគួរស្រូវ លោក សារុន វិធុរៈ បានបង្ហោះវីដេអូមួយ ដោយបង្ហាញទិដ្ឋភាពបុរសម្នាក់ អមដោយស្នាមបែកមុខបែកមាត់ហើយដៃត្រូវបានគេចងព័ទ្ធទៅក្រោយ និងចាប់បោចសក់ផង។

កូនប្រុសបង្កើតលោក ច័ន្ទ សារុន ដែលជាអតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម និងបច្ចុប្បន្នជាតំណាងមណ្ឌលតាកែវ លោក សារុន វិធុរៈ បានអះអាងក្នុងវីដេអូនោះថា លោកបានចាប់ជនពាលម្នាក់ ដោយមានគេជួលមកអុកឡុកកន្លែងស្ថានីយ៍ប្រេងរបស់លោក និងបានលួចចូលទៅក្នុងបន្ទប់ស្រី ដើម្បីថតរូបមនុស្សស្រីចូលក្នុងបន្ទប់បត់ជើង។

ក្នុងវីដេអូនោះ ក៏មានការបង្ខិតបង្ខំបុរសរូបនោះ ឱ្យសារភាព និងទទួលយកចំពោះការចោទប្រកាន់ទាំងនេះថែមទៀតផង។

កាលពីម្សិលមិញ បុរសដែលរងការប្រើហិង្សានោះ ដែលមានឈ្មោះ អ៊ឹម សិរីរដ្ឋ បានចេញមកបកស្រាយនៅលើ គណនេយ្យ Facebook របស់ខ្លួនដោយបដិសេធ ទាំងស្រុងចំពោះការចោទប្រកាន់ទាំងនេះ។

មន្ត្រីរាជការក្របខណ្ឌក្រសួងអប់រំរូបនេះ  បញ្ជាក់ថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ លោកបន្តថាហេតុការណ៍យប់ថ្ងៃទី ១៦ ខែធ្នូនោះ គឺជាការយល់ច្រឡំប៉ុណ្ណោះ។ លោកថា យប់នោះពេលធ្វើដំណើរទៅខេត្តតាកែវ លោកក៏បានចូលចាក់សាំងនៅស្ថានីយ៍ចាក់សាំង PTT  ហើយក៏ដើរទៅបត់ជើងនៅបន្ទប់ទឹក ប៉ុន្តែលោក ច្រឡំចូលទៅក្នុងបន្ទប់ទឹកនារីទាំងអចេតនា ហើយនៅពេលចេញមកវិញ ក៏ត្រូវបានគេចាប់វាយដំ និងបង្ខំឱ្យសារភាពកំហុសតែម្តង។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថាទង្វើវាយដំ និងបង្ខំឱ្យសារភាពក្នុងវីដេអូដែលបានចែកចាយនៅលើបណ្តាញសង្គមជាប់ព័ន្ធនឹងកូនអតីតរដ្ឋមន្ត្រីក្រសួងកសិកម្មនោះ គឺជាអំពើឃោឃៅ និងអមនុស្សធម៌។

លោកថា ករណីនេះ គប្បីមានការស៊ើបអង្កេតបន្ថែមទៀត ប្រសិនបើរកឃើញថាកូនប្រុសអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបក្ខពួក បានប្រព្រឹត្តបទល្មើសហិង្សាមែន ហើយតុលាការត្រូវចាត់វិធានការដាក់ទោសទណ្ឌទៅតាមផ្លូវច្បាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស