30.4 C
Phnom Penh

សាលាឧទ្ធរណ៍ សម្រេចដោះលែងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ដែលជាជនពិការម្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាឧទ្ធរណ៍ បានសម្រេចដោះលែងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិនៅខេត្តសៀមរាប ដែលជាជនពិការម្នាក់ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីលោកត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារអស់រយៈពេលជាង៥ខែ។

ការសម្រេចនេះ ធ្វើឡើងកាលពីថ្ងៃម្សិលមិញ ក្នុងពេលបើកសវនាការជំនុំជម្រះលើបណ្តឹងជំទាស់របស់មេធាវីការពារក្តីរបស់លោក ធុន យុទ្ធ ដែលជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិនៅខេត្តសៀមរាប។

កាលពីថ្ងៃ៣១ ខែតុលា លោក ធុន យុទ្ធ ដែលជាជនពិការពីកំណើត និងមានមុខរបរលក់គ្រឿងវត្ថុអនុស្សាវរីយ៍ក្នុងតំបន់អង្គរ ត្រូវបានសាលាដំបូងខេត្តសៀមរាប កាត់ទោសឱ្យលោក ជាប់ពន្ធនាគាររយៈពេល ១៨ខែ ពីបទ «ញុះញង់ និងជេរប្រមាថជាសាធារណៈ»

ក្នុងពេលសវនាការកាលពីថ្ងៃម្សិលមិញ ចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍បានសម្រេចកាត់តំរឹមទោសលោក ធុន យុទ្ធ ឱ្យជាប់ទោសចំនួន ៥ខែ ៨ថ្ងៃ ដែលជាពេលលោក ធុន យុទ្ធ បានជាប់ក្នុងពន្ធនាគារ ហើយទោសដែលនៅសល់ត្រូវព្យួរ។

លោក ធុន យុទ្ធ ដែលជាជនពិការ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៨ ខែកក្កដាកន្លងមក នៅផ្ទះជួល ក្រោយវត្តកេសារារាម ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បន្ទាប់ពីលោកបានបង្ហោះសាររិះគន់រដ្ឋាភិបាលបច្ចុប្បន្នលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន។

ក្រោយពេលអ្នកគាំទ្រ បក្សប្រឆាំងរូបនេះ ត្រូវបានសមត្ថកិច្ចចាប់និងយកទៅឃុំខ្លួនក្នុងពន្ធនាគារនោះ សាធារណជនមួយចំនួនបានរិះគន់ចំណាត់ការនេះ ថាសូម្បីតែជនពិការដែលហ៊ានរិះគន់រដ្ឋាភិបាលក៏ រដ្ឋាភិបាលឯកបក្សមិនលើកលែងដែរ។ ក្រុមប្រជាពលរដ្ឋចាត់ទុកវិធានការរបស់រដ្ឋាភិបាលថា ជាការបំបិទសិទ្ធិសេរីភាពពលរដ្ឋ និងជារឿងអមនុស្សធម៌ជាដើម។

ការសម្រេចដោះលែងសកម្មជន និងអ្នកគាំទ្របក្សសង្រ្គោះជាតិឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នជាបន្តបន្ទាប់នេះ ក្រោយពេលលោក ហ៊ុន សែន បានប្រកាសកាលពីខែវិច្ឆិកាថា រាល់សំណុំរឿងរបស់សកម្មជនគណបក្សប្រឆាំងដែលជាប់ព័ន្ធពាក់ ការចោទថារួមគំនិតក្បត់ប៉ុនប៉ងធ្វើរដ្ឋប្រហាររដ្ឋាភិបាលតាមរយៈការចូលរួមព្រឹត្តការណ៍ថ្ងៃទី ៩ វិច្ឆិកា ដែលរត្រូវបានចាប់ខ្លួនជិត១រយនាក់ គឺត្រូវបានដោះលែងទាំងអស់។

បន្ថែមពីនេះ សំណុំរឿងចោទប្រកាន់អំពីការញុះញង់ ឬជេរប្រមាថ ក៏ត្រូវបានដោះលែងផងដែរ។ លោក ហ៊ុន សែន ពេលនោះ ក៏បានអំពាវនាវឱ្យសកម្មជននិងមន្ត្រីបក្សប្រឆាំងដែលរត់គេចខ្លួនទៅក្រៅប្រទេសទាំងអស់វិលត្រឡប់ចូលស្រុកវិញ ដោយសន្យាថានឹងមិនឱ្យនរណាម្នាក់រងការចាប់ខ្លួនឡើយ ហើយលោកក៏បានបញ្ជាឱ្យមន្ត្រីអាជ្ញាធរមូលដ្ឋានទាំងឡាយត្រូវការពារសន្តិសុខសុវត្ថិភាពរបស់ពួកគេទៀត ផង។ ជាងនេះទៅទៀតលោកថា រាល់ដីកាចោទប្រកាន់ និងចាប់ខ្លួនទាំងប៉ុន្មានក៏ត្រូវលុបចោល។

យ៉ាងនេះក្តី មានសកម្មជនបក្សប្រឆាំងជាច្រើននាក់កំពុងរស់នៅភៀសខ្លួននៅក្រៅប្រទេស ដោយពួកគេថានឹងមិនហ៊ានវិលចូលស្រុកឡើយ ដោយបារម្ភខ្លាចអាជ្ញាធររដ្ឋាភិបាលលោកហ៊ុន សែន ចាប់ខ្លួនជាបន្តទៀត ត្បិតបញ្ជារបស់លោកហ៊ុន សែន និងអាជ្ញាធររបស់ខ្លួនតែង              អនុវត្តផ្ទុយពីគ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស