39.4 C
Phnom Penh

បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ព្រមានធ្វើកូដកម្មមិនចូលធ្វើការងាររហូត បើគ្មានដំណោះស្រាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) រាប់ពាន់នាក់ បន្តធ្វើកូដកម្មនៅថ្ងៃនេះទៀត ដោយទាមទារលក្ខខណ្ឌការងារប្រសើរ សុំតម្លើងប្រាក់ឈ្នួលអប្បរមារ និងស្នើឱ្យក្រុមហ៊ុន ទទួលយកប្រធានសហជីពមួយរូបគឺ កញ្ញា ឈឹម ស៊ីថរ បានចូលធ្វើការងារវិញ។

ឈរនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ក្រុមកូដកររាប់ពាន់នាក់ បានស្រែកទាមទារ អមដោយបដាដែលមានអត្ថន័យផ្សេងៗ សុំឱ្យស្ថាប័នពាក់ព័ន្ធជួយដោះស្រាយតាមការស្នើសុំរបស់ពួកគាត់ បើពុំដូច្នោះ បុគ្គលិកទាំងអស់នឹងបន្តធ្វើកូដកម្មបន្តទៀតរហូត។ 

សំណើរបស់បុគ្គលិកទាំងនោះ រួមមានការទាមទារឱ្យម្ចាស់ក្រុមហ៊ុន អនុញ្ញាតឱ្យប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុន ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ចូលបំពេញការងារក្នុងកាស៊ីណូឡើងវិញ បន្ទាប់ពីក្រុមហ៊ុននេះបានសម្រេចព្យួរការងារកញ្ញាកាលពីឆ្នាំមុន។

ទាមទារតម្លើងប្រាក់ឈ្នួលសម្រាប់បុគ្គលិកផ្នែកសណ្ឋាគារចំនួន ៣០០ដុល្លារ និងផ្នែកកាស៊ីណូចំនួន ៥០០ដុល្លារ។ បន្ថែមពីនេះ ស្នើសុំឱ្យបញ្ឈប់ការប្រើអំពើហិង្សា និង បៀតបៀនផ្លូវភេទ មកលើបុគ្គលិកបម្រើការងារនៅក្រុមហ៊ុនេះ ពីសំណាក់ភ្ញៀវ ហើយក៏ទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ការពារសុវត្ថិភាពជូនបុគ្គលិក។ 

លើសពីនេះទៀត ពួកគេទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើប្រធានសហជីពរបស់ខ្លួន កញ្ញា ឈឹម ស៊ីថរ ទាមទារឱ្យក្រុមហ៊ុនបញ្ឈប់ការរើសអើង ឬ គំរាមកំហែង តំណាងបុគ្គលិក ឬ សហជីពជាដើម ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បានឱ្យដឹងថាការទាមទាររបស់បុគ្គលិកក្រុមហ៊ុននៅមិនទាន់មានការឆ្លើយតបជាវិជ្ជមាននៅឡើយទេ។

កញ្ញាឱ្យដឹងទៀតថា កាលពីម្សិលមិញ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចុះជួបក្រុមកូដករនិងទាមទារឱ្យបុគ្គលិកទាំងនោះធ្វើកូដកម្មដោយត្រូវគោរពតាមច្បាប់។  

ប្រធានសហជីពរូបនេះ  អះអាងថា បុគ្គលិកនាំគ្នាធ្វើកូដកម្មគឺគោរពតាមច្បាប់ និងថាវិធីកូដកម្មនេះជាជម្រើសចុងក្រោយប៉ុណ្ណោះ បន្ទាប់ពីថៅកែមិនបានដោះស្រាយតាមការស្នើសុំរបស់ពួកគាត់។ 

កាលពីថ្ងៃទី៨ មករា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានចេញដីកាបង្គាប់ចាត់ចែងបណ្តោះអាសន្ន ដោយសម្រេចឱ្យបុគ្គលិកក្រុមហ៊ុននេះ បញ្ឈប់ការធ្វើកូដកម្ម និងចូលធ្វើការងារវិញតាមវេនការងាររៀងៗខ្លួនចាប់ពីថ្ងៃទី ៩ មករាតទៅ។ ករណីមិន គោរពតាមសេចក្តីសម្រេចនេះនឹងចាត់ទុកថាជាកូដកម្មខុសច្បាប់  ព្រមទាំងចាត់ទុកថាជាកំហុសធ្ងន់ធ្ងរ។ 

កាលពីថ្ងៃម្សិលមិញអង្គការការពារសិទ្ធិមនុស្សលីកាដូ បានចេញផ្សាយអត្ថបទមួយដោយអះអាងថា ក្រុមហ៊ុនល្បែងស៊ីសង់ និងសណ្ឋាគារណាហ្គាវើលដ៍មានម្ចាស់ជាជនជាតិម៉ាឡេស៊ី។  

ដោយឡែកចំពោះការតវ៉ារបស់បុគ្គលិករាប់ពាន់នាក់នោះ គឺ ដើម្បីប្រឆាំងនឹងការព្យួរការងារដោយមិនច្បាស់លាស់ចំពោះប្រធានសហជីពរបស់ខ្លួនគឺ កញ្ញា ឈឹម ស៊ីថរ និងទាមទារលក្ខខណ្ឌការងារប្រសើរស្របទៅតាមច្បាប់ប៉ុណ្ណោះ។ 

ប្រភពដដែល បញ្ជាក់ថា ក្រុមហ៊ុនណាហ្គាវើលដ៏ បានចំណេញប្រាក់សុទ្ធជាង២៤៥លានដុល្លារ  បន្ទាប់ពីគិតពន្ធរួច ក្នុងរយៈពេល៦ខែដំបូងឆ្នាំ២០១៩ និងមានអាជ្ញាប័ណ្ណក្នុងការដំណើរការកាស៊ីណូជាច្រើនក្នុងរាជធានីភ្នំពេញ។ 

អង្គការលីកាដូអះអាងថា លោកឧកញ៉ា ចេន លីបគឹង (Chen Lip Keong) ដែលជាស្ថាបនិកក្រុមហ៊ុនល្បែងនៅកណ្តាលក្រុងភ្នំពេញមួយនេះ ត្រូវបានប៉ាន់ប្រមាណថា មានប្រាក់ជាង៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈដែល គម្រោងសាងសង់ណាហ្គាទី៣នៅទីតាំងអាគារស ឬអាគារប៊ូឌីង ក្នុងរាជធានីភ្នំពេញ ដែលជាកន្លែងស្នាក់នៅរបស់សាធារណជនកន្លងមកនោះ ត្រូវបានប្រកាសកាលពីឆ្នាំមុន ដែលត្រូវចំណាយទឹកប្រាក់ជាង៤ពាន់លានដុល្លារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស