30.4 C
Phnom Penh

រដ្ឋមន្រ្ដីការពារជាតិអាមេរិកព្រមានវាយប្រហារចូលទឹកដីអ៊ីរ៉ង់តែម្ដង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្រ្ដីការពារជាតិអាមេរិកម៉ាកអេស្ព័របានអះអាងដោយព្រមានទៅអ៊ីរ៉ង់ជាថ្មីម្ដងទៀតថាសហរដ្ឋអាមេរិកនឹងបន្ដវាយប្រហារទៅលើទឹកដីនៃប្រទេសអ៊ីរ៉ង់គឺមិនត្រឹមតែប្រទេសអ៊ីរ៉ាក់នោះទេឱ្យតែកងទ័ពអាមេរិកនៅក្នុងមជ្ឈឹមបូព៌ារងការវាយប្រហារពីសំណាក់ប្រទេសអ៊ីរ៉ង់ជាថ្មីម្ដងទៀត។

លោករដ្ឋមន្រ្ដីបានព្រមានដូចនេះ ដោយស្រង់មកចុះផ្សាយ ដោយសារព័ត៌មាន រុស្ស៊ី Sputnik នៅថ្ងៃ អង្គារ ទី១៤មករានេះ។

ប្រធានមន្ទីរប៉ុងតាហ្គោន បាន បញ្ជាក់ថា ទៀតថាច្បាប់និងរដ្ឋធម្មនុញ្ញរបស់អាមេរិកបានអនុញ្ញាតឱ្យកងទ័ពអាមេរិកប្រើប្រាស់សិទ្ធិរបស់ខ្លួនដូចនេះ។

លោកម៉ាកអេស្ព័របានបញ្ជាក់ដោយសេចក្ដីដើមដូចនេះថា៖យើងចាប់ឱ្យអ៊ីរ៉ង់ទទួលខុសត្រូវចំពោះការវាយប្រហារណាមួយមកលើកងទ័ពអាមេរិកហើយសម្រាប់យើងសហរដ្ឋអាមេរិកគឺនឹងប្រើសិទ្ធិការពារខ្លួនហើយវាយបកនៅគ្រប់ទីកន្លែងទាំងអស់ក្នុងការសងសឹកដោយសមហេតុសមផលទៅលើទីតាំងកន្លែង ណាទោះជាលើទឹកដីអ៊ីរ៉ង់ក៏ដោយ ដែលសង្ស័យថាវាយប្រហារមកលើផលប្រយោជន៍របស់អាមេរិក។ 

កាលពីថ្ងៃទី៣មករាមេបញ្ជាការនៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដ៏មានឥទ្ធិពលម្នាក់គឺឧត្តមសេនីយ៍កាសែមសូឡៃម៉ានីត្រូវបានកងទ័ពអាកាសរបស់អាមេរិកបាញ់សម្លាប់។មរណភាពរបស់ឧត្តមសេនីយ៍រូបនេះបាននាំឱ្យភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់ឡើងដល់កម្រិតខ្ពស់បំផុតហើយតែប៉ុន្មានថ្ងៃប៉ុណ្ណោះអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើមូលដ្ឋានទ័ពអាមេរិកក្នុងទឹកដីអ៊ីរ៉ាក់ដែលជាការសងសឹក។ហេតុការណ័នេះធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំងនៃការផ្ទុះសង្គ្រាមពេញទំហឹងនៅមជ្ឈឹមបូព៌ា។មកដល់ពេលនេះស្ថានការណ៍នៅមជ្ឈឹមបូព៌ានៅតែក្ដៅគគុកនៅឡើយទេដោយសារតែមានការវាយប្រហារលើកទី២ទៀតទៅលើមូលដ្ឋានទ័ពអ៊ីរ៉ាក់ក្នុងទឹកដីអ៊ីរ៉ាក់ដោយសំដៅសម្លាប់ទាហានអាមេរិក។ការវាយប្រហារនោះត្រូវបានរាយការណ៍មកថាអ៊ីរ៉ង់ជាអ្នកនៅពីក្រោយកាំជ្រួចចំនួន៨ដើមដែលបានធ្លាក់លើមូលដ្ឋានកងទ័ពនៃប្រទេសអ៊ីរ៉ាក់បណ្ដាលឱ្យទាហានអ៊ីរ៉ាក់បួននាក់រងរបួស។លោករដ្ឋមន្រ្ដីការពារជាតិអាមេរិកម៉ាកអេស្ព័របានហៅព្រឹត្តិការណ៍នេះគឺជាស្នាដៃរបស់អ៊ីរ៉ង់ហើយក្រុងតេហេរ៉ង់នៅតែបង្ខំឱ្យទទួលខុសត្រូវ។

ប្រធានមន្ទីរប៉ុងតាហ្គោនបានបញ្ជាក់ទៀតថា បើយោងតាមរដ្ឋធម្មនុញ្ញមាត្រា២គឺប្រធានាធិបតីត្រាំមានសិទ្ធិវាយបកទៅលើអ៊ីរ៉ង់ដោយវាយលុកចូលទៅក្នុងប្រទេសអ៊ីរ៉ង់តែម្ដង។លោកថាមាត្រានេះបានផ្ដល់អំណាចឱ្យប្រធានាធិបតីចេញបញ្ជាដោយឯកត្តោភាគីក្នុងការបញ្ជាការវាយលុកផ្នែកយោធាទៅលើកម្លាំងសត្រូវទាំងឡាយណាដែលវាយប្រហារលើសហរដ្ឋអាមេរិកទោះបីសត្រូវនោះគឺជាក្រុមភេវកម្មឬជាកងកម្លាំងប្រភេទណាក៏ដោយ។

ក្នុងន័យនេះទៀត លោកពន្យល់ថាសិទ្ធិអំណាចរបស់ប្រធានាធិបតីគឺគាំទ្រដោយច្បាប់ពិសេសអាមេរិកគឺការអនុញ្ញាតិ ឱ្យប្រើប្រាស់កងកម្លាំងយោធាអាមេរិកដើម្បីចាត់វិធានការស្រប ទៅលើអ្នកវាយប្រហារផលប្រយោជន៍អាមេរិកហើយច្បាប់នេះត្រូវបានសភាអាមេរិកអនុម័តកាលពីឆ្នាំ២០០១ បន្ទាប់ពីមានការវាយប្រហារដោយមានការបើកយន្ដហោះបុកអាគារភ្លោះអាមេរិកកាលពីថ្ងៃ១១កញ្ញាឆ្នាំ២០០១។លោករដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា ច្បាប់ដែលអនុញ្ញាតឱ្យប្រធានាធិបតីមានអំណាចដូចនេះគឺមានរយៈពេលពីរទសវត្សហើយបើគិតទៅរហូតដល់ដំណាច់ឆ្នាំ២០២១ទើបពិនិត្យរុះរើច្បាប់នេះម្ដងទៀត។ដោយសារតែច្បាប់ពិសេសនេះនាំឱ្យអាមេរិកដាក់ពង្រាយកងទ័ពរបស់ខ្លួននៅទូទាំងពិភពលោកបន្ថែមទៀតដូចជានៅប្រទេសអាហ្កានីស្ថានអ៊ីរ៉ាក់ហ្វីលីពីន ចរជៀ យ៉េម៉ែន ឌីប៊ូទី កេនយ៉ា អេត្យូពៀ សូម៉ាលីនិងអេរិចទ្រៀលជាដើម។

លោករដ្ឋមន្រ្ដីការពារជាពន្យល់ទៀតថានៅពេលដែលអាមេរិកការពារខ្លួនដូចនេះគឺរដ្ឋការរបស់លោកត្រាំបានកំណត់គោលដៅនៃការបាញ់សម្លាប់ឧត្តមសេនីយ៍សូលៃម៉ានី ព្រោះតែឧត្តមសេនីយ៍រូបនេះរៀបចំកម្លាំងប្រឆាំងនឹងផលប្រយោជន៍របស់អាមេរិក។

សារព័ត៌មានរុស្ស៊ីស្ពុតនីកបានឱ្យដឹងទៀតថាឧត្តមសេនីយ៍កាសែមសូឡៃម៉ានីគឺប៊ិះនឹងត្រូវកងទ័ពអាមេរិកសម្លាប់បានកាលពីថ្ងៃកក្កដាឆ្នាំ២០១៨ម្ដង ហើយមិថុនាឆ្នាំ២០១៩ម្ដងនិងចុងខែកញ្ញាឆ្នាំ២០១៩ម្ដង។

ឧត្តមសេនីយ៍សូឡៃម៉ានីមានអាយុ៦២ឆ្នាំគាត់ត្រូវបានយន្ដហោះដ្រូនរបស់អាមេរិកបាញ់សម្លាប់ខណៈស្ថិតក្នុងក្បូនរថយន្ដនៅក្បែរព្រលានយន្ដហោះក្រុងបាដាដប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី៣មករា។

ឧត្តមសេនីយ៍រូបនេះត្រូវបានអាមេរិករកឃើញថាពាក់ព័ន្ធនឹងបណ្ដាញភេរវកម្មអាល់កៃដាដឹកនាំដោយអតីតអូសាម៉ាបិនឡាឌីនដែលត្រូវបានកងទ័ពអាមេរិកសម្លាប់ក្នុងទឹកដីអាហ្កានីស្ថាន។

មរណភាពរបស់ឧត្តមសេនីយ៍រូបនេះបានក្លាយទៅជារឿងរ៉ាវជម្លោះសងសឹកពីសំណាក់ប្រទេសអ៊ីរ៉ង់។គិតមកដល់ថ្ងៃអង្គារទី១៤មករានេះ គឹសង្គ្រាមចិត្តសាស្រ្ដនិងពាក្យសម្ដីនៅតែបន្ដក្ដៅគគុកនៅឡើយ។រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌អ៊ីរ៉ង់Ebrahim Raisiបានប្រកាសថារដ្ឋាភិបាលអ៊ីរ៉ង់នឹងស្វែងរកការកាត់ទោសដូណាល់ត្រាំនៅឯតុលាការអន្ដរជាតិពាក់ព័ន្ធនឹងការសម្លាប់ឧត្តមសេនីយ៍សូឡៃម៉ានី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស