39.4 C
Phnom Penh

សកម្មជនព្រៃឈើ ថាឆ្នាំ២០២០ ជាឆ្នាំនៃក្តីបារម្ភបំផុតចំពោះវិនាសសកម្មព្រៃឈើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនការពារព្រៃឈើ បានបង្ហាញក្តីបារម្ភបន្ថែមទៀត ដោយថាឆ្នាំ២០២០នេះ ឈ្មួញឈើធំៗ អាចនឹងងាកមកប្របករបរជួញដូរឈើរបស់ខ្លួនបន្ថែមទៀត។

សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ បានប្រាប់The Cambodia Daily  ថា សម្រាប់ឆ្នាំ២០២០នេះ លោកនៅតែមានក្តីបារម្ភជាខ្លាំងចំពោះវិនាសសកម្មព្រៃឈើនៅកម្ពុជា។

លោកបន្តថា ក្តីបារម្ភនេះ ក្រោយពេលឆ្នាំ២០១៩កន្លងមក គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចុះបង្ក្រាបឈ្មួញ និងបទល្មើសជាច្រើន ដែលធ្វើឱ្យពួកគេខាតបង់។ ការខាតបង់ទាំងនោះ លោកថា ក្រុមឈ្មួញឬ ក្រុមឧកញ៉ាធំៗទាំងឡាយ នឹងងាកមករកស៊ីរត់ពន្ធឈើកាន់តែខ្លាំងថែមទៀត ដើម្បីស្តារដើមឡើងវិញ។

បន្ថែមពីនេះ លោកថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ មិនទាន់បង្ហាញឬ ប្តេជ្ញាចិត្តជាក់លាក់ណាមួយ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនៅឆ្នាំ២០២០នៅឡើយទេ។  សកម្មជនព្រៃឈើរូបនេះយល់ថា បើទោះបីជាឆ្នាំ២០១៩ មានការបង្ក្រាបបទល្មើសព្រៃឈើខ្លះក៏ដោយ ប៉ុន្តែរដ្ឋាភិបាលនៅមិនទាន់បង្ហាញឆន្ទៈពិតប្រាកដនៅឡើយទេ។ ជាក់ស្តែងរដ្ឋាភិបាល តាមរយៈស្ថាប័នពាក់ព័ន្ធ នៅតែអនុញ្ញាតឱ្យមានការដឹកជញ្ជូនឈើ និងការធ្វើអាជីវកម្មឈើនៅកម្ពុជា តាមរយៈការផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាប័ណ្ណដល់ម្ចាស់អាជីវកម្មដដែល។

យ៉ាងនេះក្តី លោកថា ដើម្បីបង្ហាញឆន្ទៈពិតប្រាកដ ក្នុងការការពារព្រៃឈើនៅកម្ពុជា រដ្ឋាភិបាលគប្បីបញ្ឈប់ការផ្តល់លិខិតដឹកជញ្ជូនឈើទៅក្រុមហ៊ុន ឬ ឈ្មួញទាំងឡាយ។ បញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មកែច្នៃឈើក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច សង្គមកិច្ច និងតាមដេប៉ូលក់ឈើនៅកម្ពុជាបន្តទៀត។  លើសពីនេះ គឺបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច គ្រប់រូបភាព ត្បិតការផ្តល់ដីសម្បទានសេដ្ឋកិច្ចកន្លងមកក៏ជាកត្តាជំរុញឱ្យព្រៃឈើនៅកម្ពុជា កាន់តែវិនាស។

កាលពីខែកក្កដា និងខែសីហា គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានខ្លួនឧកញ៉ារកស៊ីឈើចំនួន២ នាក់រួមមានឧកញ៉ា ស៊ឹង សំអុល ឧកញ៉ា គង់ គ្រឹង និងបក្ខពួករបស់ឧកញ៉ាទាំងនោះ មួយចំនួនទៀត។

ដោយឡែក ក៏មានឧកញ៉ាចំនួន៣រូបទៀត រួមមាន ឧកញ៉ា ស្រ៊ុន ម៉េងលាង ជាម្ចាស់ក្រុមហ៊ុន ម៉េងលាងគ្រុប ដែលមានទីលំនៅ ក្នុងឃុំមេមត់  ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឧកញ៉ា តុប វីរដា ជាម្ចាស់ក្រុមហ៊ុនវិជ្ជរី នៅភូមិដីដុះលើឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងឧកញ៉ា វន់ ប៊ុនថៃ នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានរត់គេចខ្លួនបាត់កាលពីខែសីហា បន្ទាប់ពីតុលាការចេញដីកាកោះហៅពួកគេឱ្យចូលបំភ្លឺពាក់ព័ន្ធសំណុំរឿងបទល្មើសព្រៃឈើ នៅតំបន់ភូមិភាគឦសាន្ត។

លោក ហេង ស្រស់ មិនមានជំនឿលើសមត្ថកិច្ចរដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការចាប់ខ្លួនឧកញ៉ាទាំងបីរូបនេះ ព្រមទាំងឧកញ៉ាធំៗ ផ្សេងទៀតដែលពាក់ព័ន្ធបទល្មើសព្រៃឈើ យកមកផ្តន្ទាទោសតាមច្បាប់នោះឡើយ។ លោកថា ឧកញ៉ារកស៊ីឈើខុសច្បាប់ទាំងនោះ មិនមែនរដ្ឋាភិបាលមិនដឹងអំពីបទល្មើសរបស់ពួកគេទេ ហើយក៏មិនមែនរដ្ឋាភិបាលមិនអាចចាប់បាននោះឡើយ ប៉ុន្តែរដ្ឋាភិបាលមានចេតនាមិនចេះក្រុមឧកញ៉ារកស៊ីឈើទាំងនោះតែម្តង៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស