29.6 C
Phnom Penh

មនុស្សស្លាប់ដោយសារវីរុសរលាកផ្លូវដង្ហើមកូរ៉ូណាមានចំនួនកើនឡើងដល់ ១០៦ នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរចិនបានអះអាងថា ជំងឺរលាកផ្លូវដង្ហើមដែលបង្កឡើងដោយ វីរុសកូរ៉ូណា បានសម្លាប់មនុស្សចំនួន១០៦នាក់ និងបានឆ្លងរាលដាលនៅប្រទេសចិនជាង៤ពាន់ករណី។

សារព័ត៌មានអន្តរជាតិ channel news Asia ឬហៅថា CNA ដែលចេញផ្សាយនៅថ្ងៃនេះ ដោយដកស្រង់ការប្រកាសរបស់អាជ្ញាធរចិនកាលពីថ្ងៃម្សិលមិញ ឲ្យដឹងថា គិតត្រឹមអង្គារនេះ យ៉ាងហោចណាស់មានមនុស្សចំនួន ១០៦ នាក់ ហើយបានស្លាប់ដោយសារវីរុស កូរ៉ូណាថ្មី។

ប្រភពដដែល បញ្ជាក់ថាករណីនេះបានកើតឡើងឬឆ្លងដល់មនុស្សនៅក្នុងប្រទេសចិនសរុបមានចំនួន ៤ពាន់ ៥១៥នាក់ គិតត្រឹមថ្ងៃទី២៧ ខែមករា ម្សិលមិញ។ ដោយឡែកជិត ៧ពាន់ ករណីទៀតត្រូវបានគេសង្ស័យ និងរង់ចាំការបញ្ជាក់អំពីបញ្ហានេះ។

អាជ្ញាធរខេត្តហ៊ើប៉ី (Hubei) និងទីក្រុងវូហាន (Wuhan) ដែលជាចំណុចចាប់ផ្តើម នៃការផ្ទុះវីរុសកូរ៉ូណា អះអាងថា មានមនុស្សសរុប ២៤នាក់បន្ថែមទៀតបានស្លាប់ និង ១ពាន់ ២៩១នាក់ទៀត ឆ្លងនៅក្នុងថ្ងៃច័ន្ទម្សិលមិញនេះ។

បន្ថែមពីនេះក្នុងចំណោមមនុស្សស្លាប់ទាំង ១០៦នាក់ មានម្នាក់នៅទីក្រុងប៉េកាំង ដែលជាករណីមនុស្សស្លាប់ដំបូងដោយសារវីរុស កូរ៉ូណាថ្មីកើតមាននៅក្នុងរដ្ឋធានីនៃប្រទេសចិន។

អាជ្ញាធរចិន កាលពីថ្ងៃម្សិលមិញ បានប្រកាសពន្យារពេលការចូលរៀនឡើងវិញ ក្រោយពេលសម្រាកចូលរួមពិធីបុណ្យចូលឆ្នាំចិនរួច។  ចំណែកសាលារៀន និងសាកលវិទ្យាល័យទូទាំងប្រទេសមានការព្រួយបារម្ភអំពីការផ្ទុះឡើងនៃជំងឺកូរ៉ូណាថ្មីនេះ។

យ៉ាងនេះក្តី គណៈកម្មការសុខភាពជាតិរបស់ចិនក៏បានបញ្ជាក់ថា ខ្លួនបានបញ្ជូនបុគ្គលិកពេទ្យចំនួន ៦ពាន់នាក់ បន្ថែមទៀត ដែលប្រមូលពីតំបន់ផ្សេងៗ ទៅកាន់ខេត្តហ៊ើបី ដើម្បីដោះស្រាយនិងចាត់វិធានការបន្ទាន់លើការផ្ទុះឡើងនៃមេរោគកូរ៉ូណានេះ។

បច្ចុប្បន្នជំងឺនេះ បានកើតឡើងនៅនៅប្រទេស និងតំបន់មួយចំនួនលើពិភពលោក ក្រៅពីប្រទេសចិន រួមមាន ហុងហុង តៃវ៉ាន់ ម៉ាកាវ ថៃ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី អូស្ត្រាលី កាណាដា បាំរាំង វៀតណាម កម្ពុជា អាល្លឺម៉ង់ ស្រីលង្ការ និងនេប៉ាល់ ជាដើម។

យ៉ាងណាក៏ដោយ តួលេខនៃចំនួនអ្នកស្លាប់ដោយមេរោគថ្មីនេះក្រៅពីប្រទេសចិន គេនៅមិនទាន់មានការបញ្ជាក់ថាមានមនុស្សស្លាប់ដោយសារវីរុសនេះនៅប្រទេសផ្សេងទៀតនៅឡើយទេ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស