32.5 C
Phnom Penh

មេដឹកនាំចិនថា ទំនាក់ទំនងកម្ពុជា-ចិន ចូលដល់ទំព័រសករាជថ្មីដែលមិនធ្លាប់មានពីមុនមក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំចិន បានអះអាងប្រាប់មេដឹកនាំខ្មែរ ថា ទំនាក់ទំនងប្រទេសទាំងពីរ បានឈានដល់ទំព័រសករាជថ្មីមួយទៀត ដោយពុំធ្លាប់មាន                 ពីមុន។

ការលើកឡើងនេះ ក្នុងជួបពិភាក្សារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ លោក ប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃម្សិលមិញ ។

ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ បានឱ្យដឹងថា ក្នុងជំនួបរវាងមេដឹកនាំប្រទេសទាំងពីរ ប្រធានាធិបតីចិន លោក Xi Jinping បានប្រាប់លោក ហ៊ុន សែន ថា ចាប់ពីឆ្នាំកន្លងទៅនេះ ទំនាក់ទំនងកម្ពុជា និងចិន ចាប់ផ្តើមក្នុងទំព័រសករាជថ្មី ដោយបានអនុវត្តនូវនយោបាយជោគវាសនារួមគ្នា ហើយអាចដាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងកម្រិតថ្មីមួយទៀតចាប់ពីពេលនេះតទៅ។

ប្រជាពលរដ្ឋចិន និង រដ្ឋាភិបាលចិន កំពុងប្រឈមនឹងការរីករាលដាលកាន់តែខ្លាំង នៃជំងឺផ្លូវដង្ហើមបង្កដោយមេរោគ កូរ៉ូណា ដែលបណ្តាលឱ្យជនជាតិចិនជាង៥រយនាក់ស្លាប់ និងជិត២ម៉ឺននាក់ទៀតឆ្លងមេរោគនេះ ស្របពេលពិភពលោកកំពុងព្រួយបារម្ភអំពីបញ្ហានេះផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ខណៈជនជាតិចិន និងរដ្ឋាភិបាលចិនកំពុងមានទុក្ខ ប្រជាពលរដ្ឋកម្ពុជា ជាពិសេសនិស្សិតកម្ពុជាកំពុងរស់នៅក្នុងប្រទេសចិនដោយមិនរត់ចោលមិត្តចិនក្នុងគ្រាមានទុក្ខឡើយ ហើយរដ្ឋាភិបាលកុម្មុយនិស្តមួយនេះកំពុងយកចិត្តទុកដាក់ខ្ពស់ដល់ពលរដ្ឋ និងនិស្សិតខ្មែរទៀតផង។

លោកហ៊ុន សែន អះអាងថា ប្រធានាធិបតីចិន ក៏បានថ្លែងសេចក្តីអរគុណ នៅពេលមេដឹកនាំកម្ពុជា  បានប្រកាស គាំទ្រប្រទេសចិន ហើយប្រកាសរួមសុខ រួមទុក្ខជាមួយប្រទេសចិនជាដើម។

ក្នុងជំនួបជាមួយលោក ស៊ី ជីងពីងនោះ លោក ហ៊ុន សែន ក៏បាននាំកូនច្បងរបស់លោក គឺ លោក ហ៊ុន ម៉ាណែត ជួបជាមួយមេដឹកនាំចិន ខណៈមជ្ឈដ្ឋានមួយចំនួនមើលឃើញថាជាកាយវិការបង្ហាញពីការវិវត្តន៍បណ្តើរៗ ពីតួនាទីរបស់លោក ហ៊ុន ម៉ាណែត លើឆាកអន្តរជាតិឈានទៅកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីឪពុក។

ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញក៏បានថ្លែងប្រាប់មិត្តចិនរបស់លោកថា  មិនមាននរណាឬ ប្រទេសណា អាចបំបែកបំបាក់មិត្តភាពរវាងចិន និងកម្ពុជាបានឡើយ ព្រោះជាមិត្តដែកថែប។ អ្នក

វិភាគធ្លាប់លើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា-ចិន ខ្លាំងហួសហេតុពេក ដោយទាត់ចោលទំនាក់ទំនងជាមួយសហគមន៍លោកសេរី ដែលនឹងនាំហានិភ័យដល់កម្ពុជាយ៉ាងធ្ងន់ធ្ងរទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស