29.6 C
Phnom Penh

លោក ហ៊ុន សែន និង លោក ស ខេង មានគំនិតផ្ទុយគ្នាពាក់ព័ន្ធករណី វីរុសកូរ៉ូណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង បានបង្ហាញគំនិតផ្ទុយគ្នា ជុំវិញការយកចិត្តទុកដាក់លើបញ្ហាជំងឺរលាកផ្លូវដង្ហើមថ្មីឈ្មោះ កូរ៉ូណា។

ចាប់តាំងពីមេរោគថ្មីនេះបានផ្ទុះឡើងនៅក្រុងវូហាន ខេត្តហឺប៉ី ប្រទេសចិន លោកហ៊ុន សែន មិនបានបង្ហាញក្តីបារម្ភខ្លាំងណាមួយចំពោះករណីនេះឡើយ ដោយលោកថែមទាំងបញ្ជាឱ្យពលរដ្ឋខ្មែរ និស្សិតខែ្មរនៅស្រុកចិន ត្រូវរួមសុខរួមទុក្ខជាមួយពលរដ្ឋចិននៅតំបន់មានផ្ទុះជំងឺនេះទៀតផង។

បន្ថែមពីនេះ លោកហ៊ុន សែន ក៏បានធ្លាប់ព្រមានដេញចេញអ្នកទាំងឡាយណាដែលពាក់ម៉ាស់នៅមុខលោក ក្នុងពេលសន្និសីទកាសែតអំពីស្ថានភាពជំងឺកូរ៉ូណា ចេញពីបន្ទប់ទៀតផង ព្រោះលោកថា លោកមិនខ្លាចផង ដូច្នេះពួកគេក៏មិនត្រូវខ្លាចនោះដែរ។ លោក ហ៊ុន សែន បានអះអាងម្តងហើយម្តងទៀត ថាជំងឺធ្ងន់ធ្ងរនៅកម្ពុជាបច្ចុប្បន្ន គឺជាជំងឺភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណាឡើយ។

កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ជាថៃ្ងនៃទិវាក្តីស្រលាញ់ បុរសខ្លាំងនៅកម្ពុជាបានចុះទៅជួបសួរសុខទុក្ខអ្នកធ្វើដំណើរលើនាវាទេសចរណ៍ សហរដ្ឋអាមេរិកឈ្មោះ Westerdam ដែលធ្វើដំណើរចេញពីក្រុងហុងកុង ហើយត្រូវបានប្រទេស និងកោះចំនួន៦ បដិសេធមិនឱ្យចុះចតលើទឹកដីរបស់ពួកគេ ព្រោះតែខ្លាចមានអ្នកជំងឺកូរ៉ូណាជិះនៅលើនាវានោះ ហើយឆ្លងទៅកាន់ពលរដ្ឋរបស់គេ។

ក្នុងឱកាសនោះ លោក ហ៊ុន សែន ក៏បានបង្ហាញភាពស្និតស្នាលជាមួយអ្នកដំណើរបរទេសទាំងនោះ និងថាជាកាដូបុណ្យថ្ងៃនៃក្តីស្រលាញ់ ហើយការអនុញ្ញាតឱ្យវានាទេសចរណ៍នោះចុះចត គឺជារឿងមនុស្សធម៌ ព្រមទាំងបង្ហាញទៅពិភពលោកថាកម្ពុជាជាប្រទេសតូច ប៉ុន្តែមានបេះដូងធំ។

តែយ៉ាងណាស្ត្រីម្នាក់ ដែលធ្វើដំណើរលើនាវា Westerdam ជាជនជាតិអាមេរិកមានវ័យ៨៣ឆ្នាំ ដែលចេញដំណើរពីកម្ពុជា ត្រូវបានអាជ្ញាធរម៉ាឡេស៊ីរកឃើញថាមានឆ្លងជំងឺកូរ៉ូណានេះ ហើយអ្នកដំណើរលើនាវានេះជាង១រយនាក់ផ្សេងទៀតដែលចេញពីកម្ពុជាផងដែរនោះ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីដាក់ក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។ 

ដោយឡែក្នុងពិធីចែកសញ្ញាប័ត្រជូនគរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំជិត២ពាន់នាក់នាព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ក៏នៅតែបញ្ជាក់ជាថ្មីទៀតថាជំងឺភ័យខ្លាច គឺសំខាន់ជាងជំងឺកូរ៉ូណា ហើយលោកនៅតែអះអាងថាកម្ពុជាគ្មានប្រជាជនណាម្នាក់កើតជំងឺថ្មីនេះឡើយ។ មិនតែប៉ុណ្ណោះ លោកក៏បានប្រាប់ពលរដ្ឋថា មិនត្រូវបារម្ភហួសហេតុពេកនោះដែរ ។

យ៉ាងនេះក្តី សម្រាប់លោក ស ខេង តាមរយៈសំឡេងដែលចែកចាយលើបណ្តាញសង្គម ហាក់បង្ហាញពីការព្រួយបារម្ភខ្លាំងចំពោះការឆ្លងរីករាលដាលនៃជំងឺ Covid-19 នេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាឱ្យស្ថាប័នក្រោមឱវាទ សហការជាមួយមន្ត្រីសុខាភិបាល តាមដានជំងឺនេះក្នុងប្រទេសកម្ពុជាឱ្យបានដិលដល់ និងបានណែនាំដល់           មន្ត្រីរបស់ខ្លួន ដែលមានការសង្ស័យថាមានជំងឺនេះ ដូចជាក្អក មានកម្តៅក្នុងខ្លួនលើសពី៣៧ អង្សាសេ ត្រូវឈប់សម្រាកតែម្តង និងមិនចាំបាច់ចូលរួមប្រជុំអ្វីនោះទេ។

ជាងនេះទៅទៀត អ្នកទាំងនោះ ត្រូវដាក់ស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិលដល់ ដើម្បីធានាថាពួកគេគ្មានមេរោគកូរ៉ូណានេះ។

នាវា Westerdam ដែលផ្ទុកទៅដោយអ្នកដំណើរជាង២ពាន់នាក់ មាន៤១ជាតិសាសន៍ បានចេញដំណើរពីទីក្រុងហុងកុងកាលពីថ្ងៃទី០១ ខែកុម្ភៈ ត្រូវបានកម្ពុជាអនុញ្ញាតចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ក្រោយពីប្រទេស និងកោះចំនួន៦ បដិសេធមិនឲ្យចូលចត។

មេរោគកូរ៉ូណាថ្មី បានសម្លាប់មនុស្សជិត២ពាន់នាក់ ដែលស្ទើរតែទាំងអស់ជាពលរដ្ឋនៅក្នុងប្រទេសចិន ហើយជំងឺនេះបានឆ្លងទៅកាន់មនុស្សនៅលើពិភពលោកជាង៧ម៉ឺននាក់ ក្នុងប្រទេសចំនួន២៧៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស