29.6 C
Phnom Penh

តើអ្វីទៅជាសំណាញ់យក្សស្ទាក់ចាប់ជនលួចជាតិ ជនពុករលួយ និងជនរំលោភសិទ្ធិមនុស្ស?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកប្រឆាំងអំពើអយុត្តិធម៌ អំពើពុករលួយ លួចប្លន់ជាតិ អំពើរំលោភសិទ្ធិមនុស្ស ហៅឧបករណ៍ច្បាប់មួយ ដែលអាចទប់ស្កាត់ បំបាត់អំពើទាំងអស់នេះថា ជាសំណាញ់យក្សស្ទាក់

ចាប់ ផ្ចាល ឬ ផ្តន្ទាតាមច្បាប់។ ឧបករណ៍ច្បាប់មួយនេះ ឈ្មោះថា ច្បាប់ទទួលខុសត្រូវអំពី សិទ្ធិមនុស្សពិភពលោក The Magnitsky Human Rights Accountability Act ឬហៅយ៉ាងខ្លីថា The Magnitsky Act ដែលសភាអាមេរិកាំងទាំង២ឧភតោបក្ខ បានអនុម័តនៅឆ្នាំ២០១២។ នីតិបុគ្គលផ្តើមតាក់តែងច្បាប់នេះ គឺសមាជិកព្រឹទ្ធសភាខាងបក្សប្រជាធិបតេយ្យពីរដ្ឋ ម៉ារីឡិន លោក Benjamin Cardin និង តំណាងរាស្រ្តខាងបក្សសាធារណរដ្ឋពីរដ្ឋ ញីវជើហ្ស៊ី លោកChristopher Smith។

គោលដៅនៃច្បាប់សំណាញ់យក្ស គឺគេប្រើជាអន្ទាក់សម្រាប់ទាក់មេដឹកនាំ និង មន្រ្តីនៅប្រទេសនានាក្នុងពិភពលោក ដែលប្រើអំណាចរំលោភបំពានសិទ្ធិមនុស្ស សមគំនិតលួចភោគទ្រព្យជាតិទ្រព្យជាប្រយោជន៍ផ្ទាល់ខ្លួន គ្រួសារ និង បក្ខពួក ហៅថា kleptocracy ពោលគឺរដ្ឋាភិបាលដោយមនុស្សពុករលួយ ដែលប្រើអំណាច តំណែង មុខងារ មុខនាទី ប្រវ័ញ្ចពលរដ្ឋ និង ធនធានធម្មជាតិក្នុងដែនដីមួយ ដើម្បីពង្រីក ពង្រឹងអំណាចនិងធនធានខ្លួនឯង។​ ក្នុងឆ្នាំ២០១៣ អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានដាក់បញ្ចូលឈ្មោះមន្រ្តី រដ្ឋការរុស្ស៊ី១៨នាក់ក្នុងបញ្ជីខ្មៅដែលបាត់បង់សិទ្ធិចូលទឹកដីសហរដ្ឋអាមេរិក និង បាត់បង់សិទ្ធិដកដាក់លុយក្នុងលេខគណនេយ្យធនាគារអាមេរិក គ្រប់គ្រងសម្បត្តិទ្រព្យក្នុងទឹកដីអាមេរិកនិងនៅទីដទៃ។ ការដាក់ទណ្ឌកម្មតាមច្បាប់នេះ ជាការផ្តល់កិត្តិយសដល់លោក Sergei Magnitsky ដែលត្រូវរដ្ឋអំណាចក្រុងមូស្គូ ដឹកនាំដោយលោក  Vladimir Putin ធ្វើទារុណកម្មរហូតដល់ស្លាប់ក្នុងពន្ធនាគារ ព្រោះតែលាតត្រដាងអំពីអំពើពុករលួយ លួចបន្លំលុយជាតិទាក់ទងនឹងមន្រ្តីកាន់អំណាចចំនួន ២៣០លានដុល្លារអាមេរិក។ ច្បាប់សំណាញ់យក្សពិភពលោកនោះ ដាក់ឈ្មោះរបស់លោក Magnitsky ដែលជាគណនេយ្យករ និង មេធាវីខាងពន្ធដាររុស្ស៊ី។ ច្បាប់ សំណាញ់យក្ស អន្ទាក់ចាប់ចោរនិងសែស្រឡាយលួចជាតិ  The Magnitsky Human Rights Accountability Act ត្រូវបានគេពង្រីកឲ្យទូលំទូលាយថែមទៀតនៅឆ្នាំ២០១៦ ហើយមកទល់ពេលនេះ ស.រ.អា បានដាក់ទណ្ឌកម្មលើបុគ្គល ៩៤រូប លើពិភពលោក ស្ថាប័ន ឬ ក្រុមហ៊ុន ១០២ ពីប្រទេសចំនួន២៤។ កាណាដា បានអនុម័តច្បាប់ដូចអាមេរិក ហៅថា ច្បាប់ Sergei Magnitsky ហើយបានដៅដាក់ទណ្ឌកម្មបុគ្គលជាមន្រ្តីរុស្ស៊ីចំនួន ៣០នាក់ មន្រ្តីវ៉េណេ ហ្សុយអេឡា ៩នាក់ និង មន្រ្តីស៊ូដង់ ៣នាក់។ សហភាពអឺរ៉ុប បានផ្តើមធ្វើច្បាប់ Magnitsky ហើយអង់គ្លេស បានបន្ថែមច្បាប់នេះ ទៅនឹងច្បាប់ដែលមានរួចមកហើយ គឺច្បាប់ ប្រឆាំងការលាងលុយកខ្វក់ ដាក់ទណ្ឌកម្មបុគ្គល ៤០នាក់ ពីប្រទេសចំនួន ៣៤។ ក្រៅពីស.រ.អា កាណាដា និង អង់គ្លេស ប្រទេសក្នុងសហភាពអឺរ៉ុប មានអេស្តូនី ឡាតវី លីឌូ អានី ហូឡង់ដ៍ ហ្វាំងឡង់ដ៍ ស៊ុយអែដ ន័វែហ្ស និង ដាណឺម៉ាក ក៏ត្រៀមធ្វើច្បាប់ដូចគ្នានេះដែរ ។ ប្រទេស អូស្រ្តាលី កំពុងសិក្សា ពិចារណាធ្វើច្បាប់ដូចគ្នាដែរ ដើម្បីបញ្ចៀសការរំពៃ គិតពីប្រទេសដទៃថា ជាឋានសួគ៌នៃការលាងលុយកខ្វក់ ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ និង កិត្តិយស ជាប្រទេសប្រជាធិបតេយ្យ គោរពច្បាប់។ មានសេចក្តីរាយការណ៍ក្នុងសារព័ត៌មានភាសាបរទេសមួយចំនួន ដែលផ្សាយថា មានមន្រ្តី ខ្មែរនិងគ្រួសារខ្លះ បានដាក់លុយទិញអចលនទ្រព្យ និង ទិញសញ្ជាតិបរទេស មានដូចជានៅ អង់គ្លេស កោះស៊ីប ឬ សាយប្រ៉ឹស (Cyprus) ក្នុងសមុទ្រ ម៉េឌីតែរ៉ាណេខាងកើត កោះ Saint Kitts & Nevis និង កោះ ខេម៉េន (Cayman Island)  ក្នុងសមុទ្រ អាត្លង់ទិក ប្រទេស ស្វីស ប្រទេស សិង្ហបុរី ប្រទេស អូស្រ្តាលី ជាដើម។ល។ ដទៃពីមន្រ្តីរុស្ស៊ី ១៨នាក់ ដែលស.រ.អាដាក់ទណ្ឌកម្ម រដ្ឋការក្រុងវ៉ាស៊ិនតុន នៅឆ្នាំ២០១៣ បានបន្ថែមឈ្មោះមន្រ្តីរាជការ និង រដ្ឋការពីប្រទេសជាច្រើនទៀតក្នុងបញ្ជីខ្មៅ ដែលមានដូចតទៅនេះ៖

ពាណិជ្ជករអ៊ីស្រាអែល ម្នាក់; មន្រ្តី សាធារណរដ្ឋ ដូមីនីកាំង ២នាក់; មន្រ្តី; សាធារណរដ្ឋ ចេចិន ៣នាក់; មន្រ្តី នីការ៉ាហ្គា ៤នាក់; អតីតប្រធានាធិបតី ហ្គាំប៊ី; មន្រ្តី ភូមា ៩នាក់ ភាគច្រើនជាមេទាហាន; មន្រ្តី ទួរគី ២នាក់; កូនស្រីប្រធានាធិបតី អ៊ូសបិកគិស្ថាន ម្នាក់; មន្រ្តី អារ៉ាប៊ីសាវអ៊ូឌីត ១៨នាក់; មន្រ្តី អ៊ីរ៉ាក់ ៦នាក់; មន្រ្តី អ៊ូហ្គង់ដា ២នាក់; មន្រ្តី ស្លូវ៉ាក់ ម្នាក់; មន្រ្តី ឡាត់វី ម្នាក់;  មន្រ្តី ប៉ាគិស្ថាន ម្នាក់។ ចំពោះប្រទេសកម្ពុជាវិញ មន្រ្តីខ្មែរ មានឈ្មោះក្នុងបញ្ជីខ្មៅតាមច្បាប់ សំណាញ់យក្សអន្ទាក់ចាប់ចោរនិងសែស្រឡាយលួចជាតិ The Magnitsky Human Rights Accountability Act មាន ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហ៊ាង គន់ គីម និង ឧកញ៉ា ទ្រី ភាព។ មនុស្សទាំង៣រូប មានឈ្មោះមុនគេ ទំនងជាមកពី គេដឹងថា ជាមនុស្សជិតស្នីទ្ធនឹងមេដឹកនាំ ហើយរកធនធានចិញ្ចឹមមេដឹកនាំគឺលោក ហ៊ុន សែន និង ភរិយា ហើយនិង បក្សកាន់អំណាច គឺបក្ស ប្រជាជនកម្ពុជា។ អង្គ ការសិទ្ធិមនុស្ស Human Rights Watch បានប្រមូលឈ្មោះមន្រ្តី និង នាយទាហាននៃរបប សព្វថ្ងៃប្រមាណ ១២នាក់ រួចបញ្ជូនទៅសភាអាមេរិកាំង ដើម្បីស្នើឲ្យប្រធានាធិបតី Donald Trump ដាក់ចូលក្នុងបញ្ជីទណ្ឌកម្ម ហាមចូលស.រ.អា ស្វែងរកទ្រព្យសម្បត្តិលាក់ទុកនៅក្រៅ ប្រទេស ហើយបង្ខាំងគណនេយ្យធនាគារ មិនឲ្យប្រើប្រាស់ធនធាន។ មន្រ្តីជុំវិញលោក ហ៊ុន សែន មានទាហាន ប៉ូលិស និង ប៉េអឹម គេថាជំពាក់ជំពិនរឿងរំលោភសិទ្ធិមនុស្ស  មាន៖ ឧត្តមសេនីយ៍ ប៉ុល សារឿន, ឧ. នេត សាវឿន, ឧ. សៅ សុខា, ឧ. សុខ ផល, ឧ. ម៉ក់ ជីតូ, ឧ. ជួន សុវណ្ណ, ឧ. ចាប ភក្តី, ឧ. ប៊ុន សេង, ឧ. ជា ម៉ន, ឧ. រ័ត្ន ស្រ៊ៀង, ឧ. ជឿន សុវណ្ណថា។ ចាប់តាំងពីមរណភាព ឬ ឃាតកម្មក្នុងពន្ធនាគារលើរូបលោក Sergei Magnitsky នាយទុនមួយរូប គឺលោក Bill Browder ដែលប្រធានាធិបតីរុស្ស៊ី ពូទីន ស្អប់ស្ទើរស៊ីសាច់ហុតឈាម នោះ បានជម្រុញនីតិបុគ្គលទូទាំងពិភពលោក ធ្វើច្បាប់ផ្តន្ទាទោសមន្រ្តីមានអំណាចទាំង ឡាយដែលលួចជាតិ បំផ្លាញជាតិ រំលោភសិទ្ធិមនុស្ស រួមនឹងអ្នកសមគំនិត ចូលដៃចូលជើង ដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះ។ ពលរដ្ឋខ្មែរមិនសង្ឃឹមថា នឹងរកឃើញ ទទួលបានយុត្តិធម៌ដោយខ្លួនឯងឡើយ ទោះជាមាន ឬ គ្មានតុលាការក៏ដោយ។ រយៈកាលជិតកន្លះសតវត្សកន្លងមកនេះ ខ្មែរមិនឃើញ មិនទាន់យល់ថាយុត្តិធម៌ពិតនោះ មានលក្ខណៈបែបណាទេ ព្រោះគេចោទថា តុលាការយុត្តិធម៌ បានក្លាយជាតុលាការអយុត្តិធម៌ តុលាការនយោបាយ តុលាការតេឡេ តុលាការកាត់ក្តីឈ្នះចាញ់ពីផ្ទះ តុលាការពុករលួយ។ ជនរងគ្រោះគ្រប់ទិសទីនៅតែទន្ទេញពាក្យ ៖ ទីបំផុត យុត្តិធម៌ ត្រូវតែឈ្នះ។ បើមិនឈ្នះក្នុងប្រទេសរបស់ខ្លួន ក៏អាចនឹងឈ្នះនៅក្នុងប្រទេសដទៃដែរ ព្រោះថា ច្បាប់ សំណាញ់យក្ស អន្ទាក់ចាប់ចោរនិងសែស្រឡាយជនលួចជាតិ នឹងរាយពាសពេញពិភពលោក ដើម្បីចាប់មនុស្សអន្យតិរ្ថិយធ្វើទណ្ឌកម្មដោយមិនរើសមុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស