32.5 C
Phnom Penh

លោក ហ៊ុន សែន ផ្តាំទៅអ្នកវិភាគថាកុំចង់ឱ្យលោក យកអធិបតេយ្យភាពទៅដោះដូរភាពអនុគ្រោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាមានអ្នកវិភាគមួយចំនួនបានជំរុញឱ្យលោកយកអធិបតេយ្យភាពជាតិ ទៅដោះដូរនឹងភាពអនុគ្រោះពន្ធEBA របស់អឺរ៉ុប២០% ដែលសម្រេចដកពីកម្ពុជាកាលពីជាង១០ថ្ងៃមុន។

ក្នុងពិធីថ្លែងសារពិសេសមួយនៅថ្ងៃនេះ លោក ហ៊ុន សែន បានលើកចំឈ្មោះ អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី ថា ដែលជាអ្នកវិភាគមួយរូបក្នុងចំណោមអ្នកវិភាគដទៃទៀត មានចិត្តគំនិតចង់យកអធិបតេយ្យភាពទៅដោះដូរនឹងភាពអនុគ្រោះពន្ធEBA ២០ភាគរយដែលអឺរ៉ុបបានសម្រេចយកពន្ធពីកម្ពុជា។

លោក ហ៊ុន សែន បន្ថែមថា លោកនឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរភាពអនុគ្រោះពន្ធនេះជាដាច់ខាត ដោយសុខចិត្តបង់ពន្ធតាមការទាមទាររបស់អឺរ៉ុប ដែលមានទំហំជាង១០០លានដុល្លារ និងនាំចេញទំនិញទៅកាន់អឺរ៉ុបជាធម្មតា។

បន្ថែមពីនេះ លោកផ្តាំទៅអ្នកនយោបាយគណបក្សសង្រ្គោះជាតិដែលកំពុងមានវត្តមាននៅក្នុងប្រទេស កុំសង្ឃឹមថាគណបក្សនេះរស់ឡើងវិញឱ្យសោះ។

លោកបណ្ឌិត មាស នី កន្លងមកតែងសម្តែងក្តីបារម្ភចំពោះការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA ដោយថានឹងនាំឱ្យកម្ពុជារងផលប៉ះពាល់ធ្ងន់ធ្ងរ។

បន្ថែមពីនេះ លោក និងអ្នកវិភាគដទៃទៀត តែងជំរុញឱ្យអ្នកនយោបាយខ្មែរវិលត្រឡប់ទៅរកតុចរចារ ដើម្បីប្រយោជន៍រួម ហើយថាការដោះស្រាយវិបត្តិនយោបាយដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធEBA គឺពុំមានអ្វីដែលជារឿងត្រូវអោនក្បាលឬ លក់អធិបតេយ្យភាពរបស់ខ្លួននោះឡើយ។

ផ្ទុយទៅវិញការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA នេះ ថៅកែរោងចក្រ និងអ្នកបញ្ជាទិញធំៗ នឹងសំឡឹងមើលគោលដៅប្រទេសផ្សេងទៀត ហើយកម្មកររាប់សែននាក់នឹងបាត់បង់ការងារធ្វើ ព្រមទាំងនាំប្រទេសកម្ពុជាទៅរកវិបត្តិសង្គមធ្ងន់ធ្ងរ។

កាលពីថ្ងៃទី ១២ ខែកុម្ភៈ អឺរ៉ុបសម្រេចយកពន្ធលើការនាំចេញទំនិញពីកម្ពុជាក្នុងទំហំទឹកប្រាក់១ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយប្រាក់ដែលត្រូវបង់ពន្ធមានចំនួនជាង១រយលានដុល្លារសហរដ្ឋអាមេរិកឬ ស្មើប្រមាណ២០ភាគរយ ក្នុងចំណោមទឹកប្រាក់ដែលកម្ពុជារួចពន្ធពីការនាំទំនិញទៅកាន់ទីផ្សារអឺរ៉ុបក្រោមកម្មវិធីអនុគ្រោះពន្ធលើមុខទំនិញទាំងអស់លើកលែងតែអាវុធ ប្រមាណ៧រយលានដុល្លារសហរដ្ឋអាមេរិក។

នីតិវិធីនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១២ ខែសីហា ឆ្នាំនេះ ហើយប្រសិនបើមានសមាជិកគណៈកម្មការសភាអឺរ៉ុបជំទាស់ នីតិវិធីនេះនឹងលើកទៅអនុវត្តនៅត្រឹមខែធ្នូ។ យ៉ាងនេះក្តី អឺរ៉ុបក៏បានព្រមានថា ការសម្រេចយកពន្ធ២០ភាគរយនេះជាជំហានដំបូង ដោយថាប្រសិនបើកម្ពុជានៅតែមិនព្រមងាកមករកផ្លូវត្រូវ អឺរ៉ុបនឹងមានវិធានការ                  បន្តទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស