29.6 C
Phnom Penh

លោក ហ៊ុន សែន ស្នើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុលើកលែងការប្រាក់ឬពន្យារពេលបង់ប្រាក់ដល់កម្មករដែលត្រូវបានព្យួរការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ស្នើទៅគ្រឺះស្ថានហិរញ្ញវត្ថុទាំងអស់ ឱ្យពន្យាពេលក្នុងការបង់ និងមិនយកការប្រាក់ពីកម្មកររោងចក្រ ដែលត្រូវបានព្យួរការងារ ដោយសាររោងចក្របិទទ្វារបណ្ដោះអាសន្ន។

ថ្លែងក្នុងពីពិធីដាក់ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ នៅព្រឹកថ្ងៃទី៩ ខែមីនានេះ លោក ហ៊ុន សែន អះអាងថា នៅគ្រាដែលចិនជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមដ៏ធំ សម្រាប់កម្ពុជាមានបញ្ហា ដោយបញ្ហាវីរុស COVID-19 គឺធ្វើឱ្យរោងចក្រមួយចំនួននៅកម្ពុជាត្រូវបិទជាបណ្តោះអាសន្ន ហើយក៏ធ្វើឱ្យកម្មករជាច្រើនត្រូវព្យួរការងារជាបណ្តោះអាសន្ន ដែរ។

ជាមួយបញ្ហាប្រឈមនេះលោក ហ៊ុន សែន ក៏បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយសម្រួល និងដោះស្រាយបញ្ហាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ឬធនាគារទាំងអស់ ឱ្យពន្យារពេល ឬបន្ធូបន្ថយការបង់ប្រាក់ ឬយកការប្រាក់ ពីកម្មករទាំងនោះ។

បន្ថែមពីនេះ លោក បានបញ្ជាឱ្យរដ្ឋាករទឹកកម្ពុជា ឬអគ្គីសនីកម្ពុជាអនុញ្ញាតឱ្យកម្មកររោងចក្រទាំងអស់ អាចជំពាក់ថ្លៃទឹក និងភ្លើង ជាបណ្តោះអាសន្នសិន។ លោក ហ៊ុន សែន ក៏ហាមថៅកែរោងចក្រទាំងអស់ មិនត្រូវលុបចោលកិច្ចសន្យាការងារកម្មករ នៅពេលដែលព្យួរការងារពួកគេនោះទេ។

កាលពីខែកុម្ភៈកាលពីខែមុន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ប្រកាសថា ក្នុងខែមីនានេះ ដោយសារឥទ្ធិពលនៃវីរុសកូវីដ-១៩ ឬកូរ៉ូណា នឹងធ្វើឱ្យប៉ះពាល់ដល់រោងចក្រកាត់ដេរប្រមាណ ២០០ ហើយនឹងប៉ះពាល់ដល់ការងារកម្មករ-កម្មការិនីប្រមាណ ១៦ម៉ឺននាក់។

ក្រៅពីបញ្ហាជំងឺកូរ៉ូណា លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ ក៏ប្រកាសទទួលស្គាល់ថាការសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ២០ % កាលពីថ្ងៃទី១២ ខែកុម្ភៈ ក៏ធ្វើឱ្យប៉ះពាល់ដល់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ពិសេសនឹងធ្វើឱ្យកម្មករត្រូវប្រឈមបញ្ហាព្យួរការងារផងដែរ។

សេចក្តីថ្លែងការណ៍រួមមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានៅថ្ងៃទី៩ ខែមីនានេះ បានប្រកាសគាំទ្រនូវវិធានការការពារ ដែលប៉ះពាល់ជាអវិជ្ជមានបណ្តាលមកពីការរីករាលដាលជាសកលនៃវីរុសកូវីដ-១៩។

ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកទឹកចិត្តដល់សមាជិករបស់ខ្លួន ឱ្យបន្តផ្តល់ឥណទានដល់វិស័យអាទិភាព ជាពិសេសចំពោះអាជីវកម្មផ្នែកសណ្ឋាគារផ្ទះសំណាក់ ទេសចរណ៍ សំណង់ វាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងជាដើម ដើម្បីធានានិរន្តរភាពអាជីវកម្មទាំងនោះ។ សេចក្តីថ្លែងការណ៍ដដែល ក៏បានរំលឹកទៅសមាជិករបស់ខ្លួនឱ្យរក្សាភាពទន់ភ្លន់ និងពិនិត្យតាមលទ្ធភាពជាក់ស្តែងក្នុងការដោះស្រាយបំណុលយឺតយ៉ាវដែលបណ្តាលមកពីផលប៉ះពាល់នៃវីរុសកូវីដ-១៩នេះផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស