39.4 C
Phnom Penh

អង្គការសុខភាពពិភពលោក WHO បន្តព្រមានប្រទេសក្នុងតំបន់ អាស៊ានអំពីភាពធ្ងន់ធ្ងរនៃការឆ្លងមេរោគកូរ៉ូណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមអាស៊ាន គឺជាសហគមន៍តំបន់ដ៏ធំមួយ ដែលមានភូមិសាស្ត្រ នៅក្នុងអាស៊ីអាគ្នេយ៌។ សមាគមនេះមានសមាជិករបស់ខ្លួន ១០ ប្រទេស។ បើតាម Wikipedia គិតមកដល់ឆ្នាំ២០២០នេះ សមាគមនេះ  មានប្រជាជន សរុប ជិត៦៥០លាននាក់ ។ ក្នុងចំណោមប្រទេសទាំង១០នេះ គឺប្រទេសខ្លះមានប្រព័ន្ធសុខភាព ទន់ខ្សោយ ជាខ្លាំង និងប្រទេសខ្លះ មានប្រព័ន្ធការពារសុខភាព របស់ខ្លួនមានភាពរឹងមាំ។

ក្នុងស្ថានភាពដែលពិភពលោកទាំងមូលកំពុង់គ្រោះថ្នាក់ដោយសារ             មេរោគកូរ៉ូណា ដែលមានប្រភពដើមផ្ទុះចេញពីប្រទេសចិន ដោយសម្លាប់មនុស្សកាន់តែកើនឡើងៗ សឹងរាល់ថ្ងៃ បាននាំអោយអង្គការសុខភាពពិភពលោកWHO បន្តចេញសារព្រមានជាថ្មីទៀតអោយប្រទេសក្នុងសមាគមអាស៊ាន ត្រូវចាត់វិធានការអោយមានប្រសិទ្ធភាពបំផុតដើម្បីទប់ស្កាត់ នូវការរីករាលដាលមេរោគកូរ៉ូណា ឬ កូវិដ-១៩ដ៏កំណាចនេះ។

គិតមកដល់ថ្ងៃទី១៩ ខែមីនានេះ តំបន់អាស៊ានទាំងមូល មានអ្នកផ្ទុកមេរោគនេះដល់ទៅជាង១៥០០០ករណី ហើយអ្នកស្លាប់ក៏ចាប់ផ្ដើមមានដែរ។

នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ អាស៊ីអាគ្នេយ៌ លោកវេជ្ជបណ្ឌិត Poonam Khetrapal Singh បាននិយាយថា នៅពេលរដ្ឋ បុណ្យសាសនា និងប្រពៃណីចូលមកដល់នេះ គឺជាពេលវេលានៃការជួបជុំគ្នា ដ៏ច្រើនកុះកនៃអ្នកប្រណិបត្តិសាសនា ទៅតាមទំលាប់នៃប្រទេស និងតំបន់ គឺពេលនោះហើយ ដែលអ្នកផ្ទុកមេរោគកូរ៉ូណានឹងមានវត្តមានផងដែរនៅក្នុងពិធីសាសានារបស់ពួកគេ។

លោកព្រមានថា មេរោគកូរ៉ូណា ក៏មានឱកាសនៃការឆ្លងរីករាលដាលនៅពេលនោះដែរ។ ទាំងនេះគឺជាកត្តាចាំបាច់ដែលសមាជិកអាស៊ានទាំងអស់ត្រូវចាត់វិធានការទប់ស្កាត់អោយមានប្រសិទ្ធភាពបំផុត។

តាមការអង្កេតរបស់លោកវេជ្ជបណ្ឌិត Poonam ឲ្យដឹងថា តំបន់នៃសមាគមអាស៊ាន មានប្រទេសខ្លះនៅមើលស្រាលអំពីឥទិ្ធពលនៃការផ្ទុះមេរោគដ៏គ្រោះថ្នាក់នេះ។

តើសមាគមអាស៊ាន បានចាត់វិធានការអ្វីខ្លះដើម្បីទប់ស្កាត់មេរោគកូរ៉ូណា?

ខណៈនេះ ការរីករាលដាល់នៃការឆ្លងមេរោគកូរ៉ូណា ដែលនាំអោយមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ បានកំពុងមានសន្ទុះខ្លាំងនៅ គ្រប់ប្រទេសទាំង១០ នៃសមាគមអាស៊ាន ដែលអាចមានមួយថ្ងៃ កើនឡើងជិត៥០ ក្នុងទូទាំងតំបន់។

ស្ថានភាពនៃការឆ្លងដំណាក់កាលចុងក្រោយនេះ មិនសូវមានមកពីប្រទេសចិន ដែលជាប្រភពដំបូងនៃការផ្ទុះមេរោគនេះទេ។ ប៉ុន្តែ វាបានឆ្លង ពីអ្នកទេសចរណ៍អឺរ៉ុប និងពលរដ្ឋក្នុងតំបន់ខ្លួនឯងតែម្ដងដោយ សារពួកគេ ទៅជួបជុំសាសនា។

កាលពីប៉ុន្មានថ្ងៃមកនេះ មានពិធីសាសនា ម៉ូស្លិមដ៏ធំមួយនៅម៉ាឡេស៊ី ដែលប្រមូល អ្នកប្រណិបត្តិជួបជុំគ្នា មកពីគ្រប់ទិសទីនៃតំបន់ ប៉ុន្តែ មួយថ្ងៃក្រោយមក ប្រទេសម៉ាឡេស៊ី បានរកឃើញមនុស្សឆ្លង មេរោគនេះជិត២០០នាក់ ហើយប្រទេសខ្លះទៀតរួមមានកម្ពុជា វៀតណាម និង ថៃក៏មានអ្នកឆ្លង ថ្មីថែមទៀត។

ក្នុងស្ថានភាពបែបនេះ គេសង្កេតឃើញ ប្រទេសក្នុងតំបន់ក៏ចាប់ផ្ដើម រឹតបន្តឹងការធ្វើចរាចរណ៍ឆ្លងប្រទេសមួយរយៈ។ ប្រទេសវៀតណាម និងប្រទេសឡាវ ដំបូងគេ បានសម្រេចបិទច្រកព្រំដែន។

វៀតណាម និងឡាវបិទច្រកព្រំដែន រួមជាមួយគ្នា ជាបណ្ដោះអាសន្ន ហើយចាប់ពីថ្ងៃទី១៩មីនានេះក្នុង បំណងទប់ស្កាត់មិនអោយពលរដ្ឋនៃប្រទេសទាំងពីរចូលឆ្លងព្រំដែន នាំអោយមានការឆ្លងរាលដាលនៃមេរោគកូរ៉ូណា។

ប៉ុន្តែសំរាប់ប្រទេសកម្ពុជា វិញ ដែលធ្លាប់រស់នៅក្រោមឥទ្ធិពលនៃប្រទេសសង្គមនិយមវៀតណាម ជាង២ទសវត្ស គឺនៅពេលនេះ ក៏បានបិទច្រកព្រំដែនជាមួយនឹងវៀតណាមដែរ។ ប៉ុន្តែវិធានការរបស់កម្ពុជា បានធ្វើឡើងក្រោយពី វៀតណាម បានសម្រេចបិទច្រកព្រំដែន ជាឯកតោភាគី ឬខ្លួនគេផ្ទាល់ ដោយមិនបានសុំការឯកភាពពីរដ្ឋាភិបាល កម្ពុជានោះទេ។

ដោយសារហេតុការណ៍នេះ កម្ពុជា តាមរយៈក្រសួងការបរទេសក៏បានជូនដំណឹងទៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាថា ចាំពីម៉ោង១២ សូន្យៗ ទៅ គឺនៅយប់ថ្ងៃទី១៩ ខែមីនានេះ គឺគ្រប់ច្រកចេញចូលពីវៀតណាម មកកម្ពជា ត្រូវបានបិទ ជាបណ្ដោះអាសន្ន។ ប៉ុន្តែការដោះដូរទំនិញ នឹងគ្នា អាចដោះដូរនៅតាមព្រំដែន។

ចំណែកឯពលរដ្ឋចូលកម្ពុជាដោយចេញពីប្រទេសវៀតណាម គឺត្រូវបង្ឃាំង១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប៉ុន្តែមុនវៀតណាមសម្រេចបិទច្រកព្រំដែន របស់ខ្លួនជាមួយនឹងកម្ពុជា គឺវៀតណាមបាន បង្ឃាំងនាវាទេសចរ៤គ្រឿងដែលបើកចេញពីកម្ពុជានៅពេលទៅដល់ដែនទឹកវៀតណាម។

នេះជាវិធានការនៃប្រទេស៣ ក្នុងភូមិសាស្ត្រឥណ្ឌូចិនមានកម្ពុជា ឡាវ និងវៀតណាម។ ប្រទេសបីនេះ ក៏បានរឹតបន្តឹងនិងបិទជើងហោះហើរ ជាមួយប្រទេសក្នុងអឺរ៉ុបដែលកំពុងផ្ទុះមេរោគកូរ៉ូណាផងដែរ។ ចំណែកប្រទេសថៃដែលមានពលករខ្មែរជិត២លាននាក់ធ្វើការនៅក្នុងប្រទេសនេះ នៅពុំទាន់បិទច្រកព្រំដែន ជាមួយនឹងកម្ពុជានៅឡើយទេ។

តែផ្ទុយទៅវិញ កម្ពុជាខ្លួនឯងវិញទេ បានស្នើសុំអោយពលករខ្មែរកុំមកកាន់ប្រទេសកម្ពុជា នៅពេលនេះ ដោយរង់ចាំស្ថានភាពវិលដល់ចំនុចធម្មតាវិញ។

ជារួមទៅ ប្រទេសក្នុងតំបន់អាស៊ាន ទើបមានវិធានការតឹងតែងនៅ ប៉ុន្មានថ្ងៃមកនេះ ដោយ ប្រទេសនិមួយៗ បានបិទសាលារៀន បិទ ក្លឹបរាត្រី បិទរោងគុន និងបិទព្រឹត្តិការណ៍កីឡាជាដើម។

សម្រាប់ ប្រទេសថៃ ឡាវ និងភូមា បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដែលនឹងមកដល់នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥មេសា ។ តែសម្រាប់កម្ពុជា នៅមិនទាន់ប្រកាសដូចប្រទេសបីនេះនៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស