32.5 C
Phnom Penh

ត្រាំផ្ញើលិខិតជូនលោកគីមជុងអ៊ុន ចង់ជួយទប់ស្កាត់ជំងឺ Covid-19 តែហាក់មិនទទួលបានការស្វាគមន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទោះបីជាការចរចាអំពីកម្មវិធីអាវុធនុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង មិនទាន់អាចប្រព្រឹត្តទៅបានជាថ្មីម្ដងទៀតក៏ដោយ តែសម្រាប់លោកប្រធានាអាមេរិក ដូណាល់ត្រាំ នៅតែចញ្ចឹមចិត្ត ទាក់ទងជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុនដដែល។

កាលពីថ្ងៃទី២២ ខែមីនា សារព័ត៌មាន របស់អាមេរិក AP ក៏ដូចជា ទីភ្នាក់ងារសារព័ត៌មាន កូរ៉េ មជ្ឈឹមបក្ស KCNA បានចុះផ្សាយថា លិខិតរបស់លោកត្រាំ ដែលជាលិខិតផ្ទាល់ខ្លួនរបស់លោក បានផ្ញើជូនលោកគីមជុងអ៊ុន ដោយបង្កប់នូវអត្ថន័យ ស៊ីជ្រៅ ប៉ុន្តែមានខ្លឹមសារលិចធ្លោដោយប្រាប់លោក គីម ជុងអ៊ុនថា អាមេរិកចង់ជួយ ទប់ស្កាត់មិន                  អោយកូរ៉េខាងជើងជួបវិបត្តិធ្ងន់ធ្ងរពីការឆ្លងមេរោគកូរ៉ូណា។

សារលិខិតរបស់លោកត្រាំ ផ្ញើមកកាន់មេដឹកនាំផ្ដាច់ការវ័យក្មេង នៃរបបក្រុងព្យុងយ៉ាង បន្ទាប់ពីមានព័ត៌មានមកថា លោក គីមជុងអ៊ុន បានគេចខ្លួនទៅស្នាក់នៅបណ្តោះអាសន្នក្នុងខេត្តជាប់ឆ្នេរសមុទ្រ ដាច់ស្រយ៉ាលនៅភាគខាងកើតប្រទេស ព្រោះតែភ័យខ្លាចការឆ្លងមេរោគកូរ៉ូណា ក្រោយពីមានរបាយការណ៍សម្ងាត់មួយទំលាយថា យ៉ាងហោចណាស់មានកងទ័ពកូរ៉េខាងជើង ២០០នាក់បានស្លាប់ ក្នុងបន្ទាយយោធា ក្បែរក្រុងព្យុងយ៉ាង ហើយយ៉ាងហោចណាស់មានមនុស្សជាង៣ពាន់ ៧រយនាក់ផ្សេងទៀតបានឆ្លងមេរោគដ៏កំណាចនេះ ជាហេតុធ្វើអោយ លោក គីម ជុងអ៊ុន រត់ទៅនៅទីជនបទ។

សាព័ត៌មាន AP បានចុះផ្សាយថា សារលិខិតរបស់លោកត្រាំ គឺក្រុងវ៉ាស៊ីនតោន ចង់ស្វែងរកការបន្តការពង្រឹងទំនាក់ទំនងអោយបានល្អឡើងវិញ ដោយកំណត់យកសេនារូយូ ប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណា ជាចំនុចនៃការធ្វើទំនាក់ទំនង។

អ្នកស្រី Kim Yo Jong ដែលជាស្ត្រីត្រៀមស្នងតំណែងពីលោក គីម ជុងអ៊ុន ជាអ្នកបកស្រាយ ទៅកាន់សារព័ត៌មាន អំពីខ្លឹមសារនៃលិខិតរបស់លោកត្រាំផ្ញើមកបងប្រុសរបស់អ្នកស្រី។

អ្នកស្រីបាន រៀបរាប់ថា លិខិតរបស់លោកត្រាំ បានបង្ហាញនូវ ឥរិយាបថល្អ ផ្ដោតសំខាន់ទៅលើទំនាក់ទំនងផ្ទាល់រវាងមេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ប៉ុន្តែអ្នកស្រីមិនទាន់អាចសន្និដ្ឋាន                 ភ្លាមៗបានថា អាមេរិកមានសុទិដ្ឋិនិយម អំពីទំនាក់ទ្វេភាគី កម្រិតណានោះឡើយ។

អ្នកស្រី គីម អះអាងថាទំនាក់ទំនង និងការចរចាទ្វេភាគី សម្រាប់មេដឹកនាំពីររូបនេះ គឺគួរគិតជារឿងផ្សេង។ តែសម្រាប់កូរ៉េខាងជើងកំពុង ខិតខំ ធ្វើអ្វីគ្រប់យ៉ាងដើម្បី ការពារដោយខ្លួន ដោយមិនចាំបាច់ស្ថិតក្រោមបរិយាកាសរង់ចាំជំនួយ ពីអាមេរិកនោះទេ។

តែយ៉ាងក៏ដោយអ្នកស្រី Kim Yo Jong បានសរសើរលោកត្រាំ ចំពោះការបញ្ជូនលិខិត នៅពេលនេះ ដែលកូរ៉េខាងជើង ជួបការលំបាកជាច្រើន នៃការពង្រីកចំណងទាក់ទងជាមួយបណ្តាប្រទេសផ្សេងៗ                 ទៀតនោះ។

អ្នកស្រី បន្តថា លិខិតរបស់លោកត្រាំ បានបង្ហាញពីចេតនា ល្អ នៃការផ្សាភ្ជាប់ ទំនាក់ទំនងនៃប្រទេសទាំង២ ហើយលិខិតនេះ ពិតជាបានបង្ហាញ នូវកិច្ចសហការ ទន់ភ្លន់ សំដៅក្នុងការប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃ ជំងឺឆ្លងផ្លូវដង្ហើម ដែលកំពុងផ្ទុះឡើង។ អ្នកស្រីបញ្ជាក់ថា លោកគីមជុងអ៊ុន បានសម្ដែងអរគុណ ជូនលោកត្រាំវិញដែរ។

លិខិតរបស់ លោកប្រធានាធិបតីសរដ្ឋអាមេរិក មកកាន់មេដឹកនាំ នៃរបបកុម្មុយនិស្ត ផ្ដាច់ការនៅអាស៊ីខាងកើត បានធ្វើឡើងចំពេល កូរ៉េខាងជើង បានពន្លឿនការបាញ់កាំជ្រួចផ្ដោងជាច្រើនលើក ដោយការបញ្ជាផ្ទាល់ពីលោក គីមជុងអ៊ុន ដែលព្រឹត្តិការណ៍នេះ អាមេរិក ព្រមានពីការដើរទៅរកភាពតានតឹងឡើងវិញ ជាមួយក្រុងព្យុងយ៉ាង ហើយ ធ្វើអោយអាមេរិក មិនអាចដកទណ្ឌកម្មបានឡើយ។

សេតវិមាន ពុំទាន់ឆ្លើយ នឹងអ្នកស្រី Kim Yo Jong នៅឡើយទេ។ តែ យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៨មករា ឆ្នាំ២០២០ លោកគីមជុងអ៊ុន បានទទួលលិខិត របស់លោកត្រាំ មួយលើកហើយ គឺលិខិតរបស់លោកត្រាំ ពេលនោះ បានចូលរួម អបអរសាទរ ខួបកំណើតរបស់ លោកជុងអ៊ុនចូល វ័យ ៣៦ឆ្នាំ។

ជារួមទៅ លោកត្រាំ និងលោកជុងអ៊ុន បានជួបគ្នា ៣លើកមកហើយ ដោយដំបូងឡើយ នៅឆ្នាំ២០១៨ ក្នុងប្រទេសសិង្ហបុរី  លើកទី២ នៅវៀតណាម នៅឆ្នាំ២០១៩ និង ចុងឆ្នាំ២០១៩ ជួបគ្នាម្ដងទៀតនៅ ព្រំដែន រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។

ក្នុងជំនួបទាំងបីនេះ បានត្រឹមតែ ព្រមព្រៀងគ្នា លើឯកសារនិយាយអំពីការរំសាយចោលកម្មវិធីអាវុធនុយក្លេអ៊ែរនៃប្រទេសកូរ៉េខាងជើង ប៉ុន្តែ មិនអាចអនុវត្តបាន ព្រោះតែកូរ៉េខាងជើងទាមទារអោយ អាមេរិកលុបចោលជាមុនសិននូវការដាក់ទណ្ឌកម្ម លើរបបរបស់គីមជុងអ៊ុន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស