32.5 C
Phnom Penh

តើឥណ្ឌាបានត្រៀមហើយឬនៅ ដើម្បី ប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឥណ្ឌាជា ប្រទេសធំទី២ នៃពិភពលោក បន្ទាប់ពីប្រទេសចិន។ ឥណ្ឌាមានប្រជាជនជិត ១ពាន់ ៣៤០លាននាក់ ច្រើនជាងប្រជាជននៃទ្វីបអឺរ៉ុប ជិត៣ដង។ ជាមួយសមាគមអាស៊ាន ឥណ្ឌា មានប្រជាជនច្រើន ជាង២ដង ហើយច្រើនជាងអាមេរិក ដល់ទៅ៤ដងឯណោះ។

ឥណ្ឌា ជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំទី៥ក្នុងពិភពលោក ដែលមានព្រំដែន ជាប់នឹងចិន ដែលជាប្រភពនៃការផ្ទុះមេរោគកូរ៉ូណាដ៏កំណាច។

រហូតមកទល់ពេលនេះ ឥណ្ឌាមានអ្នកផ្ទុកមេរោគកូរ៉ូណា ចំនួន ៥០០នាក់ និងស្លាប់ ១០នាក់ គិតត្រឹមថ្ងៃទី២៤ ខែមីនានេះ។ ទោះជាឥណ្ឌាមាន ប្រជាជនច្រើន ដ៏លើសលុបនេះក៏ដោយ តែឥណ្ឌា ដែលជាប្រទេសមួយ សំបូរសហមគមន៍ក្រីក្រ តែបែរជានៅពេលនេះ បញ្ចៀសបាន នូវការរីករាលដាលនៃការឆ្លងមេរោគកូរ៉ូណាទៅវិញ។ នៅពេលដែល វិរុស កូរ៉ូណា កំពុងផ្ទុះខ្លាំងក្លានៅចិន ពេលនោះឥណ្ឌា បានបិទព្រំដែន និងបិទជើងហោះហើរជាមួយចិនតែម្តង។

ឥឡូវនេះ ការរីករាលដាល នៃមេរោគ កូរ៉ូណា ឬCovid-19 បានក្លាយជាឃាតករឈាមស្រស់សម្លាប់ មនុស្ស រាប់ម៉ឺននាក់ទៅហើយ នៅទូទាំងពិភពលោក។

គិតត្រឹមថ្ងៃអង្គារនេះ អ្នកឆ្លងមេរោគកូរ៉ូណា មានចំនួនដល់ទៅ៣សែន ៨ម៉ឺន ២ពាន់ ១០៨នាក់ និងអ្នកស្លាប់ ១ម៉ឺន ៦ពាន់ ៥៧៤នាក់ នៅទូទាំងពិភពលោក។ នេះ បើយោងតាមតួលេខ នៃបណ្ដាញផ្សាយព័ត៌មាន CNN ដែលបានធ្វើបច្ចុប្បន្នភាព នៃស្ថានភាពជំងឺ Covid-19 នៅទូទាំងពិភពលោក ដែលតួលេខនេះ CNN បានស្រង់របាយការណ៍របស់ អង្គការសុខភាពពិភពលោក។

យ៉ាងណា ក៏ដោយសម្រាប់ឥណ្ឌា នៅតែបារម្ភថា ប្រសិនបើមេរោគនេះ ឆ្លងរីករាលដាលធ្ងន់ធ្ងរក្នុងប្រទេសឥណ្ឌាមែន ពេលនោះនឹងមានអ្នកស្លាប់ដល់ទៅរាប់ពាន់នាក់ឯណោះ។

អ្នកជំនាញ បានបង្ហាញនូវការប្រុងប្រយ័ត្នថា ឥណ្ឌា អាចនឹងប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ព្រោះ ពលរដ្ឋប្រទេសនេះ មានវប្បធម៌ និងសាសនា ខុសគ្នាច្រើន ហើយម្យ៉ាងទៀត ទំនៀមទំលាប់ ពីរដ្ឋមួយទៅរដ្ឋមួយ ក៏មានលក្ខណៈផ្សេងៗគ្នាដែរ។

ប៉ុន្តែសម្រាប់រដ្ឋាភិបាល ឥណ្ឌា មិនបានថ្វេសប្រហេស ឬមើលស្រាលចំពោះ ឥទិ្ធពលនៃមេរោគនេះឡើយ។ ក្នុងមួយសប្ដាហ៍ រដ្ឋាភិបាល ឥណ្ឌា បានធ្វើតេស្ត កំហាករបស់ប្រជាជនដើម្បីរកមេរោគនេះ ដល់ទៅ៧ម៉ឺននាក់ឯណោះ។ នេះ ជាការអះអាងរបស់ លោក Balram Bhargava អគ្គនាយក នៃក្រុមប្រឹក្សា ស្រាវជ្រាវឱសថ នៃប្រទេសឥណ្ឌា ដែលបណ្ដាញផ្សាយព័ត៌មាន CNN ស្រង់សម្តីយកមកចុះផ្សាយ។

ឥណ្ឌា បើប្រៀមធៀបនឹងអតីតអាណានិគមរបស់ខ្លួន គឺចក្រភពអង់គ្លេស ដែលប្រជាជនអង់គ្លេស មានតែជាង៦៦លាន ប៉ុណ្ណោះ ដែលមានអ្នកឆ្លងជម្ងឺកូរ៉ូណាដល់ទៅចំនួន៦ពាន់ ៦៥០ និងស្លាប់ ៣៣៥នាក់។ លោក Balram Bhargava អះអាងថា ចាប់ពីពេលនេះទៅ ឥណ្ឌានឹងបង្កើន ការធ្វើតេស្ត អោយបាន ២ម៉ឺន៥ពាន់ក្នុងមួយថៃ្ង។

លោកបន្តថា នេះជាវិធានការដែល ឥណ្ឌា ទប់ស្កាត់អ្នកឆ្លងមេរោគដ៏កំណាចនេះ។ លោកថា បើមនុស្សណាម្នាក់ឡើងកំដៅ ខុស ធម្មតា គឺត្រូវឃាត់ទុក ដើម្បីរកមើលមេរោគកូរ៉ូណាតែម្តង។ រហូតមកទល់ពេលនេះរដ្ឋាភិបាលឥណ្ឌា នៅមិនទាន់ប្រកាសថា ឥណ្ឌាកំពុងឆ្លងគ្រោះថ្នាក់ ស្លាប់មនុស្ស ដោយមេរោគនេះនៅឡើយទេ។

ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេស នេះបានផ្សព្វផ្សាយ យ៉ាងខ្លាំង អោយពលរដ្ឋម្នាក់ៗ ត្រូវមានការប្រុងប្រយ័ត្ន និងត្រូវសម្អាត អនាម័យខ្លួនប្រាណ និងលំនៅដ្ឋានអោយបានជាប់ជានិច្ច។

ឥណ្ឌា ជាប្រទេសក្នុងតំបន់អាស៊ីខាងកើត និងជាប្រទេសក្ដៅខ្លាំង បើធៀបនឹងប្រទេសផ្សេងៗទៀតនៃពិភពលោក។ សព្វថ្ងៃនេះ សីណ្ហភាព ឬស្ថានភាពកំដៅថ្ងៃ នៃប្រទេសឥណ្ឌា គឺមានពី៣៣អង្សាសេ ទៅ៤០អង្សាសេ។

ឥណ្ឌា ជាញឹកញាប់ ច្រើន តែមានមនុស្សស្លាប់ដោយសារស្ថានភាព អាកាសធាតុក្ដៅខ្លាំង ហើយស្ថានភាពនេះ ធ្វើអោយទន្លេ បឹង ព្រែក រីងហួតហែង ជាប្រចាំដែរ។

ចំពោះវិធានការទប់ស្កាត់មេរោគកូរ៉ូណា មានប្រទេសធំមួយជាប់ឥណ្ឌា គឺប្រទេសប៉ាគិស្ថាន ដែលមានប្រជាជន ជិត២០០លាននាក់ ភាគច្រើនបំផុតកាន់សាសនាម៉ូស្លីម បានដាក់ពង្រាយកងទ័ពនៅទូទាំងប្រទេស ដើម្បីជួយសង្រ្គោះពលរដ្ឋ ដែលឆ្លងមេរោគកូរ៉ូណា ។ ប៉ាគីស្ថានមានអ្នកឆ្លងមេរោគដ៏កំណាច ចំនួន ៨៩២នាក់ និងស្លាប់៦នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស