32.5 C
Phnom Penh

ព្រឹទ្ធសភាអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន តាមការចង់បានរបស់លោក ហ៊ុន សែន ដោយគ្មានការកែប្រែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រឹទ្ធសភា នៅថ្ងៃសុក្រនេះ បានបើកិច្ចប្រជុំវិសាមញ្ញ ដោយអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ដោយឥតមានអ្វីកែប្រែឡើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃ១៧ ខែមេសានេះ ស្តីពីលទ្ធផលប្រជុំវិសាមញ្ញព្រឹទ្ធសភា បានឱ្យដឹងថា ស្ថាប័នកំពូលរបស់ជាតិមួយនេះ បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើ សេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ លើសំឡេង៥៤ នៃសមាជិកព្រឹទ្ធសភាទាំងមូលដោយគ្មានសំឡេងជំទាស់ឡើយ។

ប្រភពដដែល បញ្ជាក់ថាសេចក្តីព្រាងច្បាប់នេះ មានគុណប្រយោជន៍ក្នុងការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពមានអាសន្ន ដែលអាច    ផ្តល់ជាមូលដ្ឋានគតិយុត្តជាក់លាក់លើការអនុវត្តមាត្រា ២២ថ្មី មាត្រា ៨៦ មាត្រា ១០២ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា។ 

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន មាន៥ ជំពូក និងមាន ១២មាត្រា ដែលរងការរិះគន់ថាច្បាប់នេះមានចរិតរិតត្បិតសិទ្ធិស៊ីវិលរបស់ពលរដ្ឋនឹងត្រូវបានដកហូតស្ទើរតែទាំងស្រុង ព្រមទាំកំណត់ដាក់ទោសទណ្ឌធ្ងន់ធ្ងរលើអ្នកបំពានបម្រាមនៃច្បាប់នោះថែមទៀតផង។

ទោះបីជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានអំពាវនាវទៅពលរដ្ឋ និងអង្គការសង្គមស៊ីវិល ថាកុំឱ្យមានការបារម្ភចំពោះច្បាប់នេះក៏ដោយ ប៉ុន្តែពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន នៅតែបង្ហាញក្តីបារម្ភអំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ ដោយរដ្ឋាភិបាលនឹងយកច្បាប់នេះជាលេសដើម្បីបង្ក្រាបសំឡេងប្រឆាំង ឬអ្នកហ៊ានរិះគន់រដ្ឋាភិបាល។ បន្ថែមពីនេះការអនុវត្តច្បាប់នេះនឹងលើសពីកម្រិតទប់ស្កាត់ស្ថានភាពជំងឺកូវីដ១៩ ថែមទៀតផង។

យ៉ាងនេះក្តី ថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការធ្វើច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន គឺគោរពតាមឆន្ទៈ និងការពារប្រយោជន៍របស់ពលរដ្ឋខ្មែរសុទ្ធសាធ ស្របតាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ មិនមែនធ្វើឡើងតាមការទាមទារ ឬការចង់បានរបស់អង្គក្រៅរដ្ឋាភិបាលណាមួយនោះទេ។

បន្ថែមពីនេះ លោកថា ជនទាំងឡាយដែលមានគំនិតប្រឆាំងច្បាប់នេះ ជាក្រុមជនទុច្ចរិត មានគំនិតការពារប្រយោជន៍សួនតូររបស់ខ្លួន ជាជាងប្រយោជន៍របស់ពលរដ្ឋ ព្រមទាំងមានចេតនាចង់បង្កភាពចលាចលក្នុងប្រទេសកម្ពុជា។

បន្ទាប់ពីព្រឹទ្ធសភាអនុម័តយល់ព្រមហើយ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យមើលធម្មនុញ្ញភាព មុននឹងដាក់ថ្វាយព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ទោះបីជាច្បាប់នេះ នៅមិនទាន់ចេញជាក្តី ប៉ុន្តែមានមនុស្សយ៉ាងហោចណាស់៤០នាក់ ដោយក្នុងចំណោមមនុស្សទាំងនោះភាគច្រើនជាអ្នកគាំទ្រ ឬជាសកម្មជនគណបក្សសង្រ្គោះជាតិដែលត្រូវបានចាប់ខ្លួន ចោទប្រកាន់ពីបទញុះញង់ និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធជំងឺកូវីដ១៩។ ជាមួយគ្នានោះ មនុស្សជាង២០នាក់ ត្រូវបានបញ្ជូនទៅតុលាការ និងបានឃុំខ្លួនជាបណ្តោះអាសន្នទៀតផង។  

កាលពីថ្ងៃទី ៩ មេសា ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានសម្តែងក្តីព្រួយបារម្ភចំពោះការចាត់វិធានការលើការបញ្ចេញមតិឬ រិះគន់រដ្ឋាភិបាល ពាក់ព័ន្ធជំងឺកូវិដ១៩នេះ ដោយរដ្ឋទាំងឡាយមិនត្រូវអនុវត្តវិធានការរបស់ខ្លួនដោយមិនគិតពីកាតព្វកិច្ចសិទ្ធិមនុស្សនោះឡើយ។

ស្ថាប័នពិភពលោកមួយនេះ បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនពីភាពចាំបាច់ក្នុងការគោរពសិទ្ធិមនុស្ស ពិសេសសិទ្ធិបញ្ចេញមតិដែលពលរដ្ឋលើកឡើងពីបញ្ហាដែលពួកគេជួបប្រទះ ឬភាពខ្វះចន្លោះផ្សេងៗរបស់រដ្ឋាភិបាល ក្នុងអំឡុងពេលប្រទេសនីមួយៗពេលមានវិបត្តិកូវីដ១៩។

មន្ត្រីជាន់ខ្ពស់ស្ថាប័នកំពូលរបស់ពិភពលោកមួយនេះបង្ហាញក្ដីបារម្ភរបស់ខ្លួនជាខ្លាំងចំពោះសិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិរបស់ប្រជាជន នៅពេលពួកគេទទួលបានព័ត៌មានជាបន្តបន្ទាប់ពីដាក់ទណ្ឌកម្ម និងការចាប់ខ្លួនអ្នកសារព័ត៌មាន និងពលរដ្ឋ ដោយគ្រាន់តែពួកគេរាយការណ៍ និងបញ្ចេញយោបល់នៅលើបណ្ដាញសង្គមពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស