39.4 C
Phnom Penh

ក្រសួងមហាផ្ទៃសម្រេចផ្អាកការងាររបស់ស្នងការរងខេត្តកណ្តាល ដែលធ្លាប់បង្អួតទឹកប្រាក់រាប់សិបម៉ឺនដុល្លារដើម្បីដណ្តឹងប្រពន្ធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសម្រេចផ្អាកការងារ                   ស្នងការរងនគរបាលខេត្តកណ្តាល លោក ស្រេង សុខា បណ្តោះអាសន្ន ចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ តទៅ បន្ទាប់ពីមានសំណើរបស់អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្តែក្រសួងមិនបានបញ្ជាក់អំពីមូលហេតុនៃការផ្អាកការងាររបស់មន្រ្តីរូបនោះនៅឡើយទេ។

កាលពីថ្ងៃម្សិលមិញ ក្នុងសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ទោះបីជាលោក ស្រេង សុខា ត្រូវបានក្រសួងមហាផ្ទៃផ្អាកការងារបណ្ដោះអាសន្នក៏ដោយ ប៉ុន្តែអតីតស្នងការរងរូបនេះ ត្រូវទៅបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិកជារៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំការសម្រេចជាថ្មី។

សារព័ត៌មានសំឡេងប្រជាធិបតេយ្យវី.អូ.ឌី បានដកស្រង់សម្តីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ចុះផ្សាយនៅថ្ងៃនេះថា មូលហេតុដែលអគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នើសុំឱ្យក្រសួងមហាផ្ទៃផ្អាកការងារលោក ស្រេង សុខា ដោយសារ លោកមានកំហុសពាក់ព័ន្ធនឹងការអនុវត្តតួនាទី ប៉ុន្តែក៏មិនបានបញ្ជាក់ច្បាស់ពីកំហុសនោះដែរ។

កាលពីដើមឆ្នាំ២០១៩ មានរូបភាព និងព័ត៌មានជាច្រើនបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយបានបង្ហាញពីសកម្មភាពអតីតស្នងការរងខេត្តកណ្តាលរូបនេះ បានភ្ជាប់ពាក្យជាមួយស្ត្រីម្នាក់ និងបានជូនថ្លៃបណ្ណាការចំនួន ១០ម៉ឺនដុល្លារ ចិញ្ចៀនពេជ្រ និងរថយន្ដ Luxus ៥៧០ មួយគ្រឿងដែលមានតម្លៃ ២២ម៉ឺនដុល្លារអាមេរិកថែមទៀតផង។

ក្រោយមក នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU បានប្រកាសបើកការស៊ើបអង្កេតទ្រព្យសម្បត្តិស្នងការរងខេត្តកណ្ដាល លោក ស្រេង សុខា ប៉ុន្តែអង្គភាពមួយនេះមិនបានចាត់វិធានការអ្វីនោះឡើយ ក្រោមហេតុផលថាជាចំនួនទឹកប្រាក់ និងសម្ភារៈដែលបង្គាប់ថ្លៃបណ្ណាការក្លែងក្លាយប៉ុណ្ណោះ។

កាលពីដើមឆ្នាំមុនដដែលនោះ ករណីអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនៈគិរី ឧត្តមសេនីយត្រី ឬផ្កាយ១ លោក គឹម រស្មី បានប្រកាសក្នុងវីដេអូឃ្លីបមួយ ដោយបានសម្ញែងទ្រព្យសម្បត្តិ និងប្រកាសចែកប្រាក់ដល់កូនៗរបស់ខ្លួន ៥នាក់ ដោយម្នាក់ទទួលបាន១០ម៉ឺនដុល្លារ ក្នុងពិធីខួបកំណើតរបស់ខ្លួននៅពេលនោះ។

ក្រោយមកនៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យលុបឈ្មោះអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី  រូបនេះ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ បន្ទាប់ពីមានការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ទោះបីជាយ៉ាងនេះក្តី អង្គភាពប្រឆាំងអំពើពុករលួយក៏គ្មានវិធានការអ្វីនោះដែរ ហើយមកទល់ពេលនេះសំណុំរឿងនេះក៏ស្ងាត់សូន្យឈឹងថែមទៀត។

មន្ដ្រីអង្គការសង្គមស៊ីវិល ធ្លាប់លើកឡើងថា គឺជារឿងចម្លែកដែលមន្ត្រីកម្លាំងប្រដាប់អាវុធរបស់រដ្ឋទាំងនោះ សម្ញែងទ្រព្យសម្បត្តិមហាសាលរបស់ខ្លួន ដែលធ្វើឱ្យមហាជនសង្ស័យថាទ្រព្យសម្បត្តិរបស់ពួកគេអាចពាក់ព័ន្ធការប្រព្រឹត្តិអំពើពុករលួយ ប៉ុន្ដែ អង្គភាពប្រឆាំងអំពើពុករលួយ បែរជារកមិនឃើញពីកំហុសពួកគេនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស