30.4 C
Phnom Penh

ក្រសួងការងារអះអាងថា កម្មករប្រមាណ១០ម៉ឺននាក់រងផលប៉ះពាល់ ក្រោយរោងចក្រជាង១៣០បានព្យួរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃនេះ បានអះអាងថាមានរោងចក្រជាង១៣០ បានព្យួរការងារដែលបណ្តាលឱ្យប៉ះពាល់ដល់កម្មករ និយោជិតនៅកម្ពុជាប្រមាណ១០ម៉ឺននាក់។

ថ្លែងក្នុងសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រីនារសៀលថ្ងៃច័ន្ទនេះ អ្នកនាំពាក្យក្រសួងការងារហេង សួរ  មានប្រសាសន៍ថាដោយសារការរាតត្បាតនៃជំងឺកូវីដ១៩(COVID-19) នៅលើពិភពលោក និងនៅកម្ពុជា បានធ្វើឱ្យកម្មករនិយោជិតខ្មែរប្រមាណ១០ម៉ឺននាក់បានបាត់បង់ការងារធ្វើ បន្ទាប់ពីរោងចក្រសហគ្រាសជាង១៣០បានព្យួរការងារជាបណ្តោះអាសន្ន។  

អ្នកនាំពាក្យរូបនេះ ឱ្យដឹងថា ភាគច្រើនភាគីរោងចក្រទាំងនោះ គឺចង់បិទទ្វាររោងចក្ររបស់ខ្លួនទាំងស្រុងតែម្តង ប៉ុន្តែដោយសារមានការពិភាក្សារកដំណោះស្រាយជាមួយរដ្ឋាភិបាល ទើបថៅកែរោងចក្រសម្រេចចិត្ត ត្រឹមព្យួរការងារកម្មករមួយរយៈសិន។

ការប្រកាសចង់បិទទ្វារទាំងស្រុងនេះ ក្រោយពេលសមាគមរោងចក្រកាត់ដេរនៅកម្ពុជាធ្លាប់អះអាងថា ខ្លួនមិនមានលទ្ធភាពបើកប្រាក់បៀវត្ស៤០% ជូនកម្មករនៅពេលព្យួរការងារទេ ដោយសារគ្មានអ្នកបញ្ជាទិញផលិតផលរបស់ខ្លួន។

យ៉ាងនេះក្តី លោក ហេង សួរ បន្ថែមថា រដ្ឋាភិបាលក៏ចូលរួមសម្របសម្រួលជាមួយភាគីអ្នកបញ្ជាទិញ ដើម្បីឱ្យពួកគេ អនុវត្ត និងរក្សានូវកិច្ចសន្យាបញ្ជាទិញទំនិញពីកម្ពុជា ប៉ុន្តែពួកគេ មិនទាន់ឱ្យកម្ពុជា នាំទំនិញចូលទីផ្សាររបស់ពួកគេនោះឡើយ ដោយសារបារម្ភពីបញ្ហាកូវីដ១៩។ មកទល់ពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២២នាក់ ដោយក្នុងនោះព្យាបាលជាសះស្បើយចំនួន១១៩នាក់ និងនៅសល់ ៣នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ។

យ៉ាងនេះក្តី មន្ត្រីជំនាញសុខាភិបាលប្រកាសថា ជំងឺកូវីដ១៩នៅកម្ពុជា គឺជាចំណុចចាប់ផ្តើមប៉ុណ្ណោះ ដោយលទ្ធភាពនៃការឆ្លងរីករាលដាលជំងឺនេះនឹងកើតឡើងជាទ្រង់ទ្រាយធំ ប្រសិនបើពលរដ្ឋមានការធ្វេសប្រហែស។

ក្រៅពីបញ្ហាកូវីដ១៩ ដែលធ្វើឱ្យកម្ពុជាប្រឈមបិទទ្វាររោងចក្រ បញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% របស់សហភាពអឺរ៉ុប ក៏បានជំរុញឱ្យថៅកែរោងចក្រ អាចប្រឈមបិទទ្វារផងដែរ។

បញ្ហាប្រឈមនោះ ក្រោយអឺរ៉ុបរកឃើញថាកម្ពុជាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ សិទ្ធិការងារ និងសិទ្ធិនយោបាយជាប្រព័ន្ធ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះនៅកម្ពុជាកាន់តែអាក្រក់ ហើយក្រុមហ៊ុនអ្នកបញ្ជាទិញធំៗ ក៏បានផ្លាស់ប្តូរគោលដៅរបស់ខ្លួនងាកទៅរកប្រទេសដែលមានភាពអនុគ្រោះពន្ធពីអឺរ៉ុប និងជាប្រទេសមានការគោរពសិទ្ធិមនុស្សល្អប្រសើរជាងកម្ពុជា។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅថាGMAC ធ្លាប់ចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ថា ប្រសិនបើវិស័យឧស្សាហ៍កម្មកាត់ដេរនៅកម្ពុជារងផលប៉ះពាល់ឬ បិទទ្វារ នឹងប៉ះពាល់ដោយផ្ទាល់ដល់កម្មករនិយោជិតលើវិស័យនេះជិត១លាននាក់ និងធ្វើឱ្យប៉ះពាល់ដល់ក្រុមគ្រួសាររបស់ពួកគេរាប់លាននាក់ទៀតដោយប្រយោល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស