34 C
Phnom Penh

បក្សប្រឆាំងនៅក្រៅប្រទេសជំរុញឱ្យរដ្ឋាភិបាលមានវិធានការជាក់លាក់ដោះស្រាយបញ្ហាបំណុលរបស់ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសបានជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ដាក់ចេញនូវវិធានការជាក់លាក់ ដើម្បីដោះស្រាយបញ្ហាបំណុលរបស់ពលរដ្ឋក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃម្សិលមិញ គណបក្សសង្រ្គោះជាតិបានលើកឡើងថាវិបត្តិនៃជំងឺកូវីដ១៩ បានធ្វើឱ្យពលរដ្ឋខ្មែររាប់លាននាក់ជួបប្រទះបញ្ហាប្រឈមក្នុងជីវភាពយ៉ាងខ្លាំង និងបាត់បង់ប្រាក់ចំណូល  ពិសេសត្រូវប្រឈមបញ្ហាប្រាក់បំណុលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែម្តង។

ប្រភពដដែលបន្តថា កន្លងមករដ្ឋាភិបាលលោកហ៊ុន សែន បានដាក់ចេញនូវវិធានការមួយចំនួន ដោយលើកទឹកចិត្តដល់ធនាគារឬមីក្រូហិរញ្ញវត្ថុទាំងនោះពិនិត្យលទ្ធភាពសងបំណុលរបស់ពលរដ្ឋទៅតាមភាពជាក់ស្តែងនីមួយៗ ប៉ុន្តែវិធានការទាំងនោះពុំមានប្រសិទ្ធភាពនិងមិនបានទូលំទូលាយឡើយ។

បក្សប្រឆាំងបន្តថាពលរដ្ឋខ្មែរដែលជំពាក់បំណុលនៅតែមិនទទួលបានការពន្យារពេលនៃការសងបំណុលទាំងប្រាក់ដើម និងការប្រាក់ ហើយត្រូវបង្ខំចិត្តលក់កេរ្តិ៍អាករ ឬ រកខ្ចីប្រាក់ឯកជនដែលមានការប្រាក់ខ្ពស់ឬចំណាកស្រុកទៅប្រទេសថៃជាថ្មីទៀតទាំងប្រថុយប្រថាន ដើម្បីរកប្រាក់សងបំណុលធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

វិបត្តិនេះ គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសបានជំរុញជាថ្មីទៀតទៅរដ្ឋាភិបាលលោកហ៊ុន សែន ឱ្យចាត់វិធានការជាក់លាក់ និងម៉ឹងម៉ាត់ បន្ថែមទៀត ដើម្បីធានាឱ្យមានការពន្យារពេល ព្យួរ និងផ្អាកការសងបំណុលរបស់ប្រជាពលរដ្ឋ ទាំងប្រាក់ដើម និងការប្រាក់ ទៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់។  បន្ថែមពីនេះ ធ្វើយ៉ាងណាដោះស្រាយការងារនេះឱ្យមានប្រសិទ្ធភាពពេញលេញនិងទូលំទូលាយ សម្រាប់រយៈពេលសមរម្យយ៉ាងហោចណាស់៣ខែទៅមុខទៀត។

ជាមួយគ្នានេះ រដ្ឋត្រូវធានា មិនឱ្យមានការរឹបអូសទ្រព្យសម្បត្តិឬទ្រព្យបញ្ចាំរបស់ពលរដ្ឋ ដែលដាក់ទៅធនាគារនិងមីក្រូហិរញ្ញវត្ថុទាំងនោះ។

សេចក្តីថ្លែងការណ៍បក្សប្រឆាំងដដែល ក៏បានជំរុញឱ្យរដ្ឋអំណាចត្រូវបញ្ចេញកញ្ចប់ថវិកាជាតិជាបន្ទាន់មួយ ជួយទ្រទ្រង់ដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដើម្បីធានាដល់និរន្តរភាពនៃការផ្តល់ប្រាក់កម្ចីឥណទាន ព្រមទាំងដើម្បីធានាដល់ប្រតិបត្តិការណ៍ឬដំណើរការរបស់ស្ថាប័នពួកគេ។

ថ្លែងនៅក្នុងសិក្ខាសាលាមួយក្នុងខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែឧសភា  ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានលើកឡើងពីវិធានការ និងអនុសាសន៍មួយចំនួន ដើម្បីដោះស្រាយបញ្ហារវាងកូនបំណុល និងម្ចាស់បំណុល។

លោកក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវចូលរួមសហការយ៉ាងជិតស្និទ្ធ ដើម្បីទប់ស្កាត់សកម្មភាពដែលមានចេតនាបំពុលបរិយាកាស និងញុះញង់បង្កជាបញ្ហាសង្គម និងអស្ថិរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានអះអាងនៅក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្ត្រីនាថ្ងៃអង្គារ៍ថា រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយប្រើគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហាបំណុលរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក មិនដូចការចោទប្រកាន់របស់គណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិលមួយចំនួនទេ។ 

របាយការណ៍របស់សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្ហាញថា គិតត្រឹមដំណាច់ត្រីមាសទីមួយឆ្នាំ២០២០ អ្នកខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានចំនួនជាង ២លាន ២សែននាក់ សរុបទឹកប្រាក់ជាង ៣០ម៉ឺនលានរៀល ឬស្មើនឹងជាង ៧ពាន់លានដុល្លារសហរដ្ឋអាមេរិក។

គិតត្រឹមចុងសប្តាហ៍មុន សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអះអាងថាមានពលរដ្ឋជិត២០ម៉ឺននាក់ បានស្នើសុំអន្តរាគមន៍ ព្រោះពួកគាត់មិនអាចមានលទ្ធភាពសងប្រាក់ដែលពួកគាត់ជំពាក់ទៅធនាគារឬមីក្រូហិញ្ញវត្ថុក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩នេះបាន៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស