31 C
Phnom Penh

GMAC និង​សមាគម២ទៀត ស្នើ​សហភាព​អឺរ៉ុប​ពន្យារពេល​ក្នុង​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA ២០​%ពី​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា GMAC រួម​នឹង​សមាគម​ចំនួន២ទៀត របស់​ក្រុម​ថៅកែ​រោងចក្រ និង​អ្នក​ជំនួញ​ធំៗ​នៅ​កម្ពុជា បាន​ស្នើ​ទៅ​សហភាព​អឺរ៉ុប​ជាថ្មី​ទៀត​ឲ្យ​ពន្យារ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA​) ដើម្បី​ជួយសង្គ្រោះ​ការងារ​របស់​ពលរដ្ឋខ្មែរ​ដែល​កំពុង​បាត់បង់​ដោយសារ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ពី​វិបត្តិ​កូ​វីដ១៩។

សមាគម​រោងចក្រ​កាត់ដេរ GMAC សមាគម​រោងចក្រ​ស្បែកជើង CFA និង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា កាលពី​ថ្ងៃម្សិលមិញ​បាន​ចេញ លិខិត​រួមគ្នា​មួយ ស្នើ​ទៅ​អឺរ៉ុប​ពន្យារពេល​ដក EBA ដោយសារ​វិបត្តិ កូ​វីដ១៩ កំពុង​ប៉ះទង្គិច​ធ្ងន់ធ្ងរ​ដល់​រោងចក្រ​ផលិត​ទំនិញ​ធ្វើដំណើរ សម្លៀកបំពាក់ និង​ស្បែកជើង រួម​ទាំង​កម្មករ​ធ្វើការ​នៅ​តាម​រោងចក្រ​ទាំងនោះ។

សមាគម​ទាំង៣លើកឡើង​ទៀត​ថា រោងចក្រ​នៅ​កម្ពុជា​ប្រមាណ២៥០ដែល​ផលិត​ទំនិញ​ទាំងនោះ បាន​បង្ខំចិត្ត​ផ្អាក​ប្រតិបត្តិ​ការ​ទាំងស្រុង ខណៈ​រោងចក្រ​ភាគច្រើន​ផ្សេងទៀត កំពុង​កាត់បន្ថយ​សង្វាក់​ផលិតកម្ម ដោយសារ​ការ​ធ្លាក់ចុះ​នៃ​ការ​បញ្ជាទិញ។លិខិត​ដដែល​លើកឡើង​ទៀត​ថា កម្មករ​ជាង១សែន ៣ម៉ឺន​នាក់ ក្នុង​វិស័យ​ទាំងនេះ ដែល​ភាគច្រើន​ជា​ស្រ្តី​បាន​បាត់បង់​ការងារ ហើយ​តួលេខ​នេះ នឹង​កើនឡើង​ខ្លាំង​នៅ​ប៉ុន្មាន​សប្តាហ៍ និង​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត។

កាលពី​ខែកុម្ភៈ គណៈកម្មការ​អឺរ៉ុប សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយ ពី​កម្ពុជា លើ​ផលិតផល៤០ប្រភេទ ហើយ​នីតិវិធី​នេះ​នឹង​អនុវត្ត​ចាប់ពី​ខែសីហា​ខាងមុខ ដែល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​ខាតបង់​ប្រាក់បង់​ពន្ធ​ប្រមាណ១០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ។

ការសម្រេច​នេះ ដោយ​អឺរ៉ុប​រក​ឃើញ​ពី​ការរំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ សិទ្ធិ​ការងារ សហជីព សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ពិសេស​ការ​ងាក​ឆ្ងាយ​ពី​គន្លង​លទ្ធិប្រជាធិបតេយ្យ ហើយ​រដ្ឋាភិបាល​លោក​ហ៊ុន សែន នៅ​មិនទាន់​ធ្វើ​ឱ្យ​ប្រសើរ​នូវ​ស្ថានភាព​ទាំងនេះ​ឡើងវិញ​នៅឡើយ​ទេ បើ​ទោះបីជា​អឺរ៉ុប​បាន​ទុក​ពេល​ឱ្យ​រដ្ឋាភិបាល​កែប្រែ​ស្ថានភាព​ទាំងនេះ​យ៉ាងណា​ក្តី​នោះ។

កាលពី​ថ្ងៃទី១មិថុនា លោក​ហ៊ុន សែន បាន​ប្រកាស​ពី​ខេត្ត​ព្រះសីហនុ​ថា​គិត​ត្រឹម​ថ្ងៃទី២៩ ឧសភា​ឆ្នាំ២០២០ រោងចក្រ​កាត់ដេរ និង​សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន ៤២៥ ទីតាំង បាន​ព្យួរការងារ ដែល​ប៉ះពាល់​កម្មករ​ជាង១៤ម៉ឺន​នាក់។លោក​ថា ការ​ព្យួរការងារ​នៅពេល​នេះ ដោយសារ​គ្មាន​អ្នកបញ្ជា​ទិញ ខណៈ បណ្ដា​ប្រទេស​បញ្ជាទិញ​ទាំងនោះ កំពុង​រង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ធ្ងន់ធ្ងរ។

យ៉ាងនេះ​ក្តី ប្រមុខ​រដ្ឋាភិបាល​រូប​នេះ​អះអាង​ថា សម្រាប់​កម្មករ​ព្យួរការងារ​ទាំងនោះ​នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន៧០ដុល្លារ ដោយ​រដ្ឋ​ចេញ៤០ដុល្លារ វិស័យ​ឯកជន​ចេញ៣០ដុល្លារ ប៉ុន្តែ​ក្រុម​អ្នក​តាមដាន​សង្គម​នៅតែ​មើលឃើញ​ថា​រដ្ឋាភិបាល​មិនទាន់​បង្ហាញ​ភាព​ជាក់លាក់​ក្នុង​ការ​ជួយ​ដល់​កម្មករ ព្រមទាំង​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​កូ​វីដ១៩នៅឡើយ​ទេ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស