28 C
Phnom Penh

រដ្ឋាភិបាល​លោក ហ៊ុន សែន គ្រោង​ចំណាយ​ថវិការដ្ឋ​ចំនួន ២៥លាន​ដុល្លារ​ក្នុង​មួយ​ខែៗ ជួយ​ពលរដ្ឋ​ជាង ៦០ម៉ឺន​គ្រួសារ​អំឡុង​វិបត្តិ​កូ​វីដ១៩​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន អះអាង​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​ចំណាយ​ថវិការ​ជាតិប្រមាណ២៥លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​ដល់​ជីវភាពរស់នៅ​របស់​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩។

ថ្លែង​ក្នុង​ពិធី​ពិនិត្យមើល​ដំណើរការ​សាងសង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី ស្ថិតនៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី២២ ខែមិថុនា លោក ហ៊ុន សែន មានប្រសាសន៍​ថា នៅ​អំឡុង​វិបត្តិ​ជំងឺ​កូ​វីដ១៩ រដ្ឋាភិបាល​លោក​គ្រោង​នឹង​ចំណាយ​ថវិការដ្ឋ​ប្រមាណ ២៥លាន​ដុល្លារ​ជា​រៀងរាល់​ខែ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ជាង ៦០ម៉ឺន​គ្រួសារ។លោក​បន្ត​ថា ថវិការ​ដែល​គ្រោង​ចំណាយ​នោះ គឺ​បាន​មក​ពី​ចំណូល​ចរន្ត​របស់​រដ្ឋ​ប្រចាំខែ​ដែល​ជា​ចំណូល​ធម្មតា។ លោក​អះអាង​ថា​ចំណូល​ធម្មតា​នេះ ប្រមូល​បាន​យ៉ាងហោចណាស់៤០០លាន​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​ត្រូវ​ចំណាយ​លើ​ប្រាក់បៀវត្សរ៍​មន្ត្រី​រាជការ​ជាង២០០លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។លោក​ហ៊ុន សែន លើកឡើង​ថា ក្រុម​អ្នក​ដែល​មាន​មតិ​ប្រឆាំង មិន​ត្រូវ​មើលស្រាល​សមត្ថភាព​រដ្ឋាភិបាល ពិសេស​មិន​ត្រូវ​មើលស្រាល​សមត្ថភាព​របស់​លោក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​វិបត្តិ​ជាស​កល​នេះ​ឡើយ ត្បិត​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ការ​អត់បាយ ហើយ រដ្ឋាភិបាល​មិនបាន​ដឹង និង​មិនបាន​ដោះស្រាយ​ក្នុង​អំឡុង​វិបត្តិ​កូ​វីដ១៩នោះ​ឡើយ។

កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាល​សម្រេច​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជួយ​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​កូ​វីដ១៩។ក្នុង​អនុក្រឹត្យ​នោះ សម្រេច​ឧបត្ថម្ភ​ជូន​ពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​ទីប្រជុំជន​មិនមែន​រាជធានី​ភ្នំពេញ សម្រាប់​គ្រួសារ​មាន​ប័ណ្ណ​សមធម៌​ប្រភេទ១ និង២ ឬ ក្រ​ប្រភេទ១ និង​ប្រភេទ២ នូវ​ទឹកប្រាក់ ១២ម៉ឺន​រៀល។ ចំណែក​សមាជិក​គ្រួសារ​ម្នា​ក់ៗ រួម​ទាំង​ជន​ងាយ​រងគ្រោះ ដូចជា កុមារ ជន​ពិការ អ្នក​ផ្ទុកមេរោគ​អេដស៍ និង​មនុស្សចាស់​អាយុ​ចាប់ពី ៦០ឆ្នាំ​ឡើង រដ្ឋាភិបាល​ចំណាយ​ថវិកា​ចន្លោះ​ពី ២ម៉ឺន ៨ពាន់​រៀល ទៅ ៥ម៉ឺន ២ពាន់​រៀល។ដោយឡែក សម្រាប់​ពលរដ្ឋ​ក្រីក្រ​ទាំងពីរ​ប្រភេទ និង​ជន​ងាយ​រងគ្រោះ​នៅ​តាម​ទី​ជនបទ នឹង​ទទួល​បាន ៨ម៉ឺន​រៀល​ក្នុង១ខែ ហើយ​សមាជិក​គ្រួសារ​ម្នាក់ និង​ប្រភេទ​ជន​ងាយ​រងគ្រោះ​ផ្សេងទៀត នឹង​ទទួល​បាន​ថវិកា​ចន្លោះ​ពី ១ម៉ឺន ៦ពាន់​រៀល ទៅ ២ម៉ឺន ៤ពាន់​រៀល។

ទោះបីជា​យ៉ាងនេះ​ក្តី លោក ហ៊ុន សែន មិនបាន​ប្រកាស​លម្អិត​អំពី​វិធី​អនុវត្ត និង​ពេលវេលា​អនុវត្ត​កម្មវិធី​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​នេះ​នៅឡើយ​ទេ ដោយ​លោក​ថា​នឹង​ប្រកាស​នៅ​ថ្ងៃទី២៤ ខែមិថុនា។ក្រោយ​រក​ឃើញ​អ្នកជំងឺ​កូ​វីដ១៩ នៅ​កម្ពុជា​តាំងពី​ខែមករា មក គឺ​រយៈពេល​ប្រមាណ៦ខែ​មក​ហើយ ដែល​ជំងឺ​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ ពិសេស​ធ្វើ​ឱ្យ​កម្មករ បុគ្គល​ក្រុមហ៊ុន ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ ព្រមទាំង​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពីក្រៅ​ប្រទេស​ពិសេស​ប្រទេស​ថៃ រាប់​សិប​ម៉ឺន​នាក់ កំពុង​បាត់បង់​ការងារ​ធ្វើ បាត់បង់​ប្រាក់ចំណូល និង​ត្រូវ​ប្រឈម​បញ្ហា​សងបំណុល​ធនាគារ ឬ មីក្រូហិរញ្ញវត្ថុ​ថែមទៀត​ផង។

រី​ឯវិធានការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ ពីសំណាក់​រដ្ឋាភិបាល​វិញ ត្រូវ​បាន​ក្រុម​អ្នកឃ្លាំមើល យល់ឃើញ​ថា​មិនទាន់​មាន​ភាព​ច្បាស់លាស់ និង​ចេះតែ​អូស​បន្លាយពេល​ក្នុង​ការ​ដោះស្រាយ​ថែមទៀត​ផង ដែល​ខុសពី​រដ្ឋាភិបាល​ប្រទេសជិតខាង ជាពិសេស​ថៃ វៀតណាម និង​សិង្ហបុរី​ជាដើម។ ពួក​គេ​និយាយ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ បាន​បញ្ចេញ​កញ្ចប់​ថវិការ​ជាតិ​រាប់​សិប​ពាន់​លាន​ដុល្លារ ព្រមទាំង​មានកម្ម​វិធី​ពិ​សេស​ៗ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​របស់​គេ ដូចជា​ផ្តល់​កញ្ចប់​ថវិការ​ដល់​ពលរដ្ឋ​ក្រីក្រ​ដោ​យត្រង់ៗ បញ្ចុះ​ឬ មិន​យក​ថ្លៃ​ទឹក ភ្លើង ចែកចាយ​ស្បៀងអាហារ​ជូន​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ក្នុង​ស្ថានភាព​ជំងឺ​កូ​វីដ១៩នេះ ជាដើម​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស