38.8 C
Phnom Penh

រដ្ឋាភិបាលអះអាងថា ពលរដ្ឋក្រីក្រនិងងាយរងគ្រោះចំនួន៥៣ម៉ឺនគ្រួសារបានទទួលប្រាក់ឧបត្ថម្ភ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលតាមរយៈរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាលោក វង សូត អះអាងថាគិតត្រឹមថ្ងៃទី២០ ខែកក្កដានេះ រដ្ឋបានបើកប្រាក់ឧបត្ថម្ភជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ-១៩ បានចំនួន៥៣ម៉ឺនគ្រួសារ។

លោក វង សូត បានថ្លែងក្នុងសិក្ខាសាលា ស្តីពីនីតិវិធី និងដំណើរការនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា។ លោក វង សូត បញ្ជាក់ថារាជរដ្ឋាភិបាល បានបើកសាច់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រី និងងាយរងគ្រោះ ក្នុងវិបត្តិកូវីដ១៩ បានចំនួន ៥៣ម៉ឺនគ្រួសារ ក្នុងចំណោមពលរដ្ឋក្រីក្រនិងងាយរងគ្រោះជិត៦០ម៉ឺនគ្រួសារ។

ជាមួយគ្នានេះលោក បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សូមជូនដំណឹងដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលនៅសេសសល់មិនទាន់បានបើកប្រាក់ ឱ្យរួសរាន់មកបើកឱ្យបានមុនថ្ងៃកំណត់ សម្រាប់ជុំទី១នេះ ដែលបានអនុវត្ដន៍ ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែកក្កដា ។

កាលពីខែមិថុនា រដ្ឋាភិបាលបានប្រកាសផ្តល់កញ្ចប់សាច់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងវិបត្តិកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ ប៉ុន្តែវិធានការនេះសង្គមស៊ីវិលថាហាក់មានភាពយឺតយ៉ាវបន្តិច។

បន្ថែមពីនេះ វិធានការនេះបានបង្កឱ្យមានការតវ៉ានៅតាមតំបន់មួយចំនួន ដោយពួកគេលើកឡើងថាគ្រួសារក្រីក្រពិតប្រាកដខ្លះមិនទទួលបានសាច់ប្រាក់ឧបត្ថម្ភនេះឡើយ ព្រោះពួកគេគ្មានប័ណ្ណក្រីក្រ។ រីឯ អ្នកមានជីវភាពធូធារខ្លះបានដែលជាប់សាច់ឈាមរបស់អាជ្ញាធរមូលដ្ឋាន បែរជាមានប័ណ្ណក្រីក្រ និងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។ 

យ៉ាងនេះក្តីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានចាត់វិធានការច្បាប់ចំពោះអាជ្ញាធរទាំងឡាយណាដែលឃុបឃិតគ្នាដាក់សែស្រឡាយខ្លួន ដើម្បីបានប័ណ្ណក្រីក្រ មកទទួលប្រាក់ឧបត្ថម្ភនេះ ប៉ុន្តែមកទល់ពេលនេះមិនទាន់ឃើញប្រមុខរដ្ឋាភិបាលចាត់វិធានការអាជ្ញាធរណាម្នាក់នោះឡើយ ខណៈមន្ត្រីជំនាញថ្មីៗនេះ បញ្ជាក់ថាបានដកហូតប័ណ្ណក្រីក្រ ពីគ្រួសារដែលមានជីវភាពប្រសើរជិត៤ពាន់គ្រួសារ។

បញ្ហានេះក្រុមអ្នកតាមដានសង្គមទាមទារឱ្យមានការស៊ើបអង្កេតនិងដាក់ទោសទណ្ឌដែលអ្នកប្រព្រឹត្តល្មើស ត្បិតពួកគេយល់ឃើញថា ការកេងបន្លំធ្វើប័ណ្ណក្រីក្រនឹងមិនអាចធ្វើទៅរួចឡើយ ប្រសិនបើគ្មានការឃុបឃិតគ្នាពីអាជ្ញាធរនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស