38.8 C
Phnom Penh

លោក ស ខេង ថា ការប្រកាន់ភ្ជាប់ភាពយុត្តិធម៌ ជាបញ្ហាគន្លឹះក្នុងការកសាងសង្គមឱ្យមានស្ថិរភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង បានណែនាំថ្នាក់ដឹកនាំនៅតាមមូលដ្ឋាន មិនត្រូវមើលរំលង និងមើលស្រាលចំពោះបញ្ហាកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ ពិសេសបញ្ហាតូចៗ ដែលនឹងអាចរីកទៅជាបញ្ហាធំបាន។ បន្ថែមពីនេះ លោកថា ការប្រកាន់ភ្ជាប់នូវភាពយុត្តិធម៌ គឺជាគន្លះនៃការកសាងសង្គមជាតិឱ្យមានស្ថិរភាពយូរអង្វែង។

ថ្លែងក្នុងពិធីសម្ពោដាក់ឱ្យប្រើប្រាស់ស្ពានដែកបេឡេទី១  អគារសិក្សានៅស្រុកបាណន់ ខេត្ដបាត់ដំបង កាលពីថ្ងៃទី១៩ ខែសីហា លោក ស ខេង បានថ្លែងថា អាជ្ញាធរមូលដ្ឋានត្រូវផ្ដល់យុត្តិធម៌ដោយ មិនត្រូវអាងលើអំណាច ហើយក៏មិនត្រូវអាងលើសាច់ញាតិ ឬមនោសញ្ចេតនានោះឡើយ។

លោកបន្តថា ត្រូវតែប្រកាន់ភ្ជាប់នូវភាពយុត្តិធម៌ ជាបញ្ហាគន្លឹះក្នុងការកសាងសង្គមឱ្យមានស្ថិរភាព។ លោកថា សព្វថ្ងៃនេះការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដែលនេះជាការល្អណាស់ ហើយកន្លងមកយើងមានវេទិកាសាធារណៈ គឺជាយន្តការមួយ ដើម្បីដោះស្រាយបញ្ហាផងដែរ។

លោកបន្ដថា រាជរដ្ឋាភិបាលបានខិតខំពង្រឹង និងដោះស្រាយទំនាស់ផ្សេងៗ ប្រកបដោយយុត្តិធម៌ ក៏ដូចជាតាមរយៈការខិតខំកសាងសង្គមមួយ ដែលមានយុត្តិធម៌ តាំងពីលើដល់ក្រោម។

លោកបន្ដទៀតថា ទាំងនេះគឺជាភារកិច្ចដ៏សំខាន់របស់មន្ត្រីរាជការ ហើយបន្ដខិតខំធ្វើអំពើល្អជាមួយពលរដ្ឋ ធ្វើសកម្មភាពអ្វីដែលមានផលប្រយោជន៍ដល់ពលរដ្ឋមិនត្រូវរំលោភបំពានទៅលើសិទ្ធិ និងផលប្រយោជន៍របស់ពលរដ្ឋ។ លោកបញ្ជាក់ថា រដ្ឋាភិបាលមួយខ្លាំង គឺដោយសាររដ្ឋាភិបាលនោះមានការគាំទ្រពីពលរដ្ឋ ប៉ុន្តែប្រសិនបើរដ្ឋាភិបាលគ្មានពលរដ្ឋគាំទ្រទេ រដ្ឋាភិបាលនោះក៏មិនខ្លាំងទេ។

យ៉ាងនេះក្តី នេះមិនមែនជាលើកទី១ សម្រាប់ការលើកឡើងពីបញ្ហាយុត្តិធម៌សង្គម របស់លោក ស ខេង ខណៈមតិជាតិនិងអន្តរជាតិមើលឃើញថាប្រព័ន្ធយុត្តិធម៌សង្គមមានភាពទន់ខ្សោយខ្លាំងបំផុត។

លើសពីនេះ ប្រព័ន្ធច្បាប់នៅកម្ពុជា ក៏មានការបែងចែកបក្ខពួក ពិសេសអ្នកមានប្រាក់និងមានអំណាចតែងតែឈ្នះលើអ្នកក្រ ឬអ្នកទន់ខ្សោយ ហើយតុលាការកម្ពុជាត្រូវបានគេមើលឃើញថាជាឧបករណ៍របស់អ្នកនយោបាយមកពីគណបក្សកាន់អំណាចទៀតផង។

កាលពីខែកុម្ភៈ ឆ្នាំ២០២០នេះ របាយការណ៍គម្រោងយុត្តិធម៌ពិភពលោកប្រចាំឆ្នាំ២០២០ បង្ហាញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ស្ទើរតែអាក្រក់បំផុតក្នុងលោក និងអាក្រក់បំផុតក្នុងតំបន់អាស៊ាន។ ក្នុងចំណោម ១២៨ប្រទេស កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ១២៧   គឺស្ថិតនៅចំណាត់ថ្នាក់លើប្រទេសវេណេហ្សូអេឡាតែមួយប៉ុណ្ណោះ៕  

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស