38.8 C
Phnom Penh

អតីតប្រធានគុកទួលស្លែងកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតប្រធានគុកទួលស្លែងឬ ស ២១  ក្នុងសម័យខ្មែរក្រហមឈ្មោះ កាំង ហ្គេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីយប់ថ្ងៃទី៣១ ខែសីហា ក្រោយពេលមានអាការៈធ្ងន់ធ្ងរ។

វិទ្យុបារាំងអន្តរជាតិ RFI បានស្រង់ការលើកឡើងរបស់អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សវនា បានបញ្ជាក់ថា ទណ្ឌិត ឌុច មានអាការធ្ងន់ធ្ងរដោយហត់ និងអស់កម្លាំងខ្លាំង ទើបខាងគ្រូពេទ្យប្រចាំពន្ធនាគារ សម្រេចបញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជំនះ មុននឹងបន្តបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬពេទ្យរុស្ស៊ី។

មកទល់ពេលបច្ចុប្បន្ន អាការៈរបស់អតីតមេគុកទួលស្លែងរូបនេះ នៅមិនទាន់បានប្រសើរនោះទេ ដោយបន្តស្ថិតនៅក្នុងស្ថានភាពសង្រ្គោះបន្ទាន់នៅឡើយ។

កាំង ហ្គេកអ៊ាវ ហៅ ឌុច មានវ័យ៧៨ឆ្នាំ ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលផ្តន្ទាទោសផ្តន្ទាទោស កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ក្នុងនាមលោកជាអតីតប្រធានមន្ទីរ ស-២១ នៅទីក្រុងភ្នំពេញ ពីថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ មករា ឆ្នាំ១៩៧៩។

សៀវភៅប្រវត្តិសាស្ត្រ ដែលមានចំណងជើងថា សំឡេងពីមន្ទីរ ស-២១ របស់ប្រវត្តិវិទូ ដេវីដ ឆេនដល័រ បានឱ្យដឹងថា ឌុច មានស្រុកកំណើតនៅស្រុកស្ទោង ខេត្តកំពង់ធំ ជាអតីតកូនសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ និងជាអតីតសិស្សពូកែផ្នែកគណិតវិទ្យាដែលទទួលបានលេខ២ទូទាំងប្រទេសកាលពីឆ្នាំ១៩៥៦ អំឡុងពេលលោកប្រឡង់បាក់ឌុប និងជាអតីតគ្រូបង្រៀនម្នាក់ផងដែរ។ នៅខែមិថុនា ឆ្នាំ១៩៧៦ ឌុច បានក្លាយជាប្រធានមន្ទីរ ស-២១ រហូតដល់ថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ នៅពេលកងទ័ពវៀតណាមឈ្លានពានចូលក្រុងភ្នំពេញ លោកក៏បាត់ដំណឹងរហូត។

មន្ទីរស-២១ ជាអតីតវិទ្យាល័យព្រះពញាយ៉ាត ក្រោយមកបានប្តូរឈ្មោះទៅជាវិទ្យាល័យទួលស្វាយព្រៃ មុននឹងក្លាយជាមន្ទីរឃុំឃាំង និងសួរចម្លើយអ្នកទោសយ៉ាងសម្ងាត់របស់របបខ្មែរក្រហម។

ក្រោយរបបខ្មែរក្រហមដួលរំលំ លោកឌុច បានសម្ងំរស់នៅលាក់អត្តសញ្ញាណខ្លួនក្នុងស្រុកសំឡូត ខេត្តបាត់ដំបង រហូតនៅឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ១៩៩៩ លោកត្រូវបានចាប់និងឃុំខ្លួនដោយតុលាការយោធាពេលនោះ។ លោក ឌុច ត្រូវបាន បញ្ជូនខ្លួន មកកាន់មន្ទីរឃុំឃាំងរបស់សាលាក្តីខ្មែរក្រហមកាលពីចុងខែកក្កដា ឆ្នាំ២០០៧៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស