28 C
Phnom Penh

ក្រុមអ្នកសារព័ត៌មានដែលគាំទ្ររដ្ឋាភិបាលចាត់ទុកការដឹកនាំរបស់លោក ហ៊ុន សែន ដើរលើបន្ទាត់នយោបាយល្អ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកកាសែតដែលគាំទ្ររដ្ឋាភិបាលអះអាងថា កម្ពុជាអនុវត្តបន្ទាត់នយោបាយដ៏ត្រឹមត្រូវក្នុងការលើកកម្ពស់ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋ ហើយអាចទប់ស្កាត់ដោយជោគជ័យពីការប៉ុនប៉ងនៃការបង្កចលាចល ឬការបំផ្លាញសន្តិភាពរបស់ប្រទេស។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលទីក្រុងភ្នំពេញបានចេញសេចក្តីថ្លែងការណ៍ អបអរសាទរទិវា សិទ្ធិទទួលព័ត៌មាន ដោយបានសរសើរដ្ឋាភិបាលលោក ហ៊ុន សែន ថា កម្ពុជាបានប្តេជ្ញាចិត្តលើបន្ទាត់នយោបាយដ៏ត្រឹមត្រូវមួយ  ក្នុងការបន្តកសាងមិត្តគ្រប់ទិសទី ក្រោមស្មារតីឯករាជ្យ អធិបតេយ្យ ដោយគោរពគ្នាទៅវិញទៅមក ស្មើភាពនិងស្មើសិទ្ធិ ហើយផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

ទិវាអបអរសាទរ អន្តរជាតិស្តីពី សិទ្ធិទទួលព័ត៌មាន នៅថ្ងៃទី២៥ ខែកញ្ញា ព្រឹកម៉ិញនេះ ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ បានប្រកាសកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ក្នុងគោលបំណងបង្កើតឱកាសចូលរួម ដើម្បីពិភពលោកសម្រេចឲ្យបាននូវ គោលដៅអភិវឌ្ឍន៍សហសវត្សរ៍។

យ៉ាងនេះក្តី ក្រុមអ្នកឃ្លាំមើលមើលសិទ្ធិមនុស្សនៅកម្ពុជាបានទាត់ចោលខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានេះទាំងស្រុង ដោយថា សេចក្តីថ្លែងការណ៍របស់ក្រុមនេះមានចេតនាជួយបិទបាំងអំពើអាក្រក់របស់រដ្ឋាភិបាល ហើយមិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងអំពីការគម្រាមកំហែង បំបិទសិទ្ធិបញ្ចេញមតិ និងចាប់ខ្លួនអ្នកតវ៉ាដើម្បីយុត្តិធម៌សង្គមទាំងនោះឡើយ។

របាយការណ៍ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២០ ដែលបានចេញផ្សាយកាលពីថ្ងៃទី១៩ ខែមេសា អះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ ២០២០ នេះ បានថយចុះមួយលេខទៀតហើយ ពោលគឺទទួលបានចំណាត់ថ្នាក់លេខ១៤៤ ក្នុងចំណោមប្រទេសចំនួន១៨០។ របាយការណ៍ដដែលនេះបន្តថា ការអន់ថយនៃចំណាត់ថ្នាក់នេះ គឺបន្ទាប់ពីមានការចាប់ខ្លួនអ្នកកាសែត រួមនិង ការអនុម័តច្បាប់ស្តីពីការដាក់ប្រទេសក្នុងភាពអាសន្នជាដើម។

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) អះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជា បានបន្តធ្លាក់ចុះមួយលេខទៀតបើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលជាប់ចំណាត់ថ្នាក់លេខ ១៤៣ ខណៈឆ្នាំ ២០១៨ជាប់     ចំណាត់ថ្នាក់ ១៤២ ពោលសេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ចុះ ៣ឆ្នាំជាប់ៗគ្នា។

រដ្ឋធម្មនុញ្ញកម្ពុជាតាមមាត្រា ៤១ ដែលបានចែងថាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។

ក្រុមអ្នកវិភាគនយោបាយសង្គមអះអាងថា សេរីភាពសារព័ត៌មានសម្រាប់កម្ពុជារងការគម្រាមកំហែងធ្ងន់ធ្ងរជាប់ៗគ្នាក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ក្នុងនោះពាក់ព័ន្ធនឹងការបិទស្ថានីយ៍វិទ្យុចំនួន ៣២ ស្ថានីយ៍ កាលពីចុងឆ្នាំ២០១៧  ការបង្ខំឱ្យបិទទ្វារកាសែត ឌឹខេមបូឌាដេលី និងការផ្លាស់ប្តូរម្ចាស់កាសែតភ្នំពេញប៉ុស្តិ៍ រួមទាំងការបិទគេហទំព័រចំនួន ១៧ ក្នុងពេលបោះឆ្នោតកាលពីខែកក្កដាឆ្នាំ ២០១៨ កន្លងទៅផងដែរ។

សារព័ត៌មាន The Cambodia daily មិនទាន់អាចសុំការស្រាយបំភ្លឺពីលោក ខៀវ កញ្ញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មានបាននៅឡើយទេ ពាក់ព័ន្ធនឹងបញ្ហានេះ។ ក្រុមសកម្មជនសិទ្ធិមនុស្សបានអះអាងថា បច្ចុប្បន្នអាជ្ញាធរក្រុងភ្នំពេញកំពុងឃុំខ្លួនសកម្មជនការពារព្រៃឈើ សកម្មជនគណបក្សសង្គ្រោះជាតិ និងអ្នកសារព័ត៌មានប្រមាណជាង៥០នាក់ទាំងអយុត្តិធម៌៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស