32.5 C
Phnom Penh

ព្រះសង្ឃលួន សុវ៉ាត អះអាងថា តំណាងកម្ពុជាបានរំខានដល់ការថ្លែងការណ៍របស់ព្រះអង្គក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះសង្ឃដែលជាសកម្មជនសិទ្ធិមនុស្ស បរិស្ថាន និងសង្គម ព្រះតេជព្រះគុណ លួន សុវ៉ាត បានអះអាងថា ព្រះអង្គត្រូវបានតំណាងកម្ពុជា ដែលមានវត្តមានក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ហាមឃាត់មិនឱ្យព្រះអង្គអាចថ្លែងការណ៍អំពីការរំលោភសិទ្ធិមនុស្ស និងស្ថានភាពនយោបាយដ៏អាក្រក់នៅកម្ពុជា។

លើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គនៅថ្ងៃសុក្រនេះ ព្រះតេជព្រះគុណលួន សុវ៉ាត អះអាងថា ព្រះអង្គបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ជាទីកន្លែងដែលព្រះអង្គទើបភៀសខ្លួនពីការចាប់ខ្លួនរបស់អាជ្ញាធរក្រុងភ្នំពេញ។ ក្នុងកិច្ចប្រជុំលើកទី៤៥ កាលពីថ្ងៃម្សិលមិញនោះ ព្រះអង្គបានថ្លែងការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អំពីបញ្ហារំលោភសិទ្ធិមនុស្ស ភាពអយុត្តិធម៌សង្គម បញ្ហានយោបាយ ការសម្លាប់លទ្ធិប្រជាធិបតេយ្យ ការចោទ និងចាប់សកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយដាក់ពន្ធនាគារ ព្រមទាំងការភៀសខ្លួនពីប្រទេសកម្ពុជា ពីការធ្វើទុក្ខបុកម្នេញ និងអំពើហិង្សា នានានៅក្នុងប្រទេសកម្ពុជា។

ព្រះតេជព្រះគុណ លួន សុវ៉ាត បញ្ជាក់ថា នៅពេលព្រះអង្គថ្លែងការណ៍នោះ មន្ត្រីតំណាងកម្ពុជាដែលមានវត្តមានក្នុងកិច្ចប្រជុំនោះ បានបង្ហាញប្រតិកម្មយ៉ាងខ្លាំង ហើយព្យាយាមហាមឃាត់ និងស្នើទៅប្រធានដឹកនាំកិច្ចប្រជុំ ដោយមិនអនុញ្ញតឱ្យព្រះអង្គបាននិយាយចំនួន៣លើក។ ការហាមឃាត់នោះ មន្ត្រីតំណាងកម្ពុជា ចោទព្រះអង្គថា គ្មានសិទ្ធិបញ្ចេញមតិនិយាយស្តី អំពីបញ្ហាអ្វីៗ ក្នុងប្រទេសកម្ពុជា នៅក្នុងកិច្ចប្រជុំនោះឡើយ និងចោទព្រះអង្គថា ជាព្រះសង្ឃក្លែងក្លាយទៀតផង។

ប្រភពដដែលបន្តថា ការរារាំង និងទប់ស្កាត់មិនឱ្យព្រះអង្គមានថេរដីកាក្នុងកិច្ចប្រជុំនោះ ក៏មានការគាំទ្រពីមន្ត្រីតំណាងប្រទេសសម្ព័ន្ធមិត្តនៃរដ្ឋាភិបាលឯកបក្ស ហើយដែលជារដ្ឋាភិបាលកុម្មុយនីស្ត និងផ្តាច់ការដូចកម្ពុជាដែរ រួមមានរុស៊្សី ចិន វេណេហ្ស៊ុយអេឡា និងប្រទេសគុយបាជាដើម។

ក្រោយមានភាពចម្រូងចម្រាស់នោះ  ទីបំផុតលោកប្រធានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានអនុញ្ញាតឱ្យព្រះតេជព្រះគុណ លួន សុវ៉ាត បន្តអានសេចក្តីថ្លែងការណ៍របស់ព្រះអង្គ ប៉ុន្តែមិនបានចប់តាមការព្រាងទុកនោះឡើយ ដោយសារតែមានការរំខានបែបនេះ។

ព្រះអង្គមិនបានបញ្ជាក់ថា តំណាងកម្ពុជាដែលរំខានព្រះអង្គនោះ                  ជាមន្ត្រីមួយណានោះទេ ប៉ុន្តែក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សដែលតំណាងឱ្យកម្ពុជាកន្លងមក គេតែងឃើញវត្តមានរបស់អគ្គរាជទូត                កម្ពុជា ប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិក្នុងទីក្រុង                          ហ្សឺណែវ គឺលោក អាន សុខខឿន ដែលតែងប្រតិកម្មតបចំពោះការចោទប្រកាន់ទាំងឡាយមកលើកម្ពុជា។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងកិច្ចប្រជុំកាលពីថ្ងៃម្សិលមិញនោះ អ្នកជំនាញសិទ្ធិមនុស្សទទួលបន្ទុកនៅកម្ពុជា នៃអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rohna Smith) បានថ្លែងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅតែបន្តធ្លាក់ចុះឥតឈប់ឈរ។

អ្នកស្រី បន្តថាលំហសង្គមស៊ីវិល និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបន្តធ្លាក់ចុះ ហើយមានភស្តុតាងតិចតួចណាស់ ដែលបង្ហាញពីការផ្លាស់ប្ដូរឆ្ពោះទៅរកការផ្សះផ្សាខាងនយោបាយនៅក្នុងប្រទេសក្រីក្រមួយនេះ។ លើសពីនេះ សមាជិកសង្គមស៊ីវិល រួមមានអ្នកការពារសិទ្ធិមនុស្ស សហជីព និងសកម្មជនបរិស្ថានជាដើម ត្រូវរងការគំរាមកំហែង និងយាយីពីសំណាក់អាជ្ញាធរឥតស្រាកស្រាន្ត។

មិនខុសពីរបាយការណ៍របស់អ្នកស្រីដែលបានបង្ហាញក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សមុនៗឡើយ ដោយការលើកឡើងទាំងនេះ ត្រូវបានអគ្គរាជទូតកម្ពុជាប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានច្រានចោលទាំងស្រុង។

យ៉ាងណាព្រះតេជព្រះគុណ លួន សុវ៉ាត បានស្នើក្នុងកិច្ចប្រជុំនោះ ឱ្យសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ ជួយធានាការពារ និងជួយសង្រ្គោះអាយុជីវិតលទ្ធិប្រជាធិបតេយ្យ និងជំរុញឱ្យមានការគោរពសិទ្ធិមនុស្សយ៉ាងពិតប្រាកដមួយនៅកម្ពុជា។

ដោយឡែក អ្នកវិភាគចាស់វស្សា លោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងថា ដើម្បីកុំឱ្យខ្មាស់ពិភពលោកបន្តទៀត កម្ពុជាគួរជាប្រទេសធំពេញវ័យ និងមានការទទួលខុសត្រូវខ្ពស់ដោយខ្លួនឯង ហើយគោពរធ្វើតាមអ្វីដែលជាការសន្យារបស់ខ្លួនកាលពីជិត៣០ឆ្នាំមុន ដែលថាខ្លួនគោរព និងការពារសិទ្ធិមនុស្ស របស់ប្រជាពលរដ្ឋខ្លួនឯង។ លោកបន្តថា ឈប់ឱ្យអ្នកដទៃនៅតាមមើល ស្តីបន្ទោស និង ឈ្លោះប្រកែកក្នុងរឿងគោរព ឬមិនគោរពសិទ្ធិមនុស្សទៀតទៅ។

លោកបន្ថែមថា ជាប្រជាជាតិមួយដែលមានអធិបតេយ្យភាព ឯករាជ្យ ត្រូវធ្វើតាមការសន្យារបស់ខ្លួន ហើយឈប់រស់នៅក្រោមអាណាព្យាបាលរបស់អង្គការសហប្រជាជាតិក្នុងវិស័យសិទ្ធិមនុស្សនេះតទៅទៀត៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស