36 C
Phnom Penh

តើមានអ្វីនៅពីក្រោយគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យ អ្នកស្រី ជាប សុធារី ប្រធានសមាគមអាដហុកប្រចាំខេត្តព្រះសីហនុ ដួលម៉ូតូរងរបួសធ្ងន់ នៅឃុំបិតត្រាង?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្រី ជាប សុធារី ប្រធានសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ ផ្ញើសារចាក់ដោត តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ក្រោយពេលអ្នកស្រីបានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅតាមកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យអ្នកស្រីរងរបួសធ្ងន់សន្លប់វង្វេងបាត់ស្មារតី រកគិតអ្វីលែងចង់យល់ ហើយទើបមានស្មារតីល្អប្រសើរឡើងវិញ នៅដើមខែតុលា ឆ្នាំ២០២០នេះ។

ខាងក្រោមនេះជាសារ របស់អ្នកស្រី ជាប សុធារី ដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក នៅព្រលប់ថ្ងៃទី២៨ ខែកញ្ញា មានខ្លឹមសារទាំងស្រុងដូច្នេះ៖ “ឱនសម្លឹងមើលរូបកាយស្លូកស្តឹងលើកគ្រែ។ ខំប្រឹងបិតភ្នែក ប្រមូលអារម្មណ៍ រំលឹកឡើងវិញ នូវរឿងរ៉ាវទាំងឡាយដែលបានកើតកន្លងមក។ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ខ្ញុំបានធ្វើដំណើរទៅជួបលោកនាយកសាលាបិតត្រាង ពិភាក្សាគ្នាអំពីកម្មវីធីបង្រៀន របៀបតស៊ូមតិលើវិវាទអ្វីមួយ ដោយសន្តិវិធី និងអហិង្សា នៅថ្ងៃទី២៥ និង២៦ ខែកញ្ញា”។

អ្នកស្រី ជាប សុធារី បន្តថា “ខ្ញុំបានធ្វើដំណើរតាមផ្លូវជាតិលេខ០៤ មកដល់តំបន់ ដីមានដោតទង់ពណ៌ជាច្រើន របស់លោកខកញ៉ា លី យ៉ុងផាត់…រួចខ្ញុំក៏លែងចាំអ្វីទាំងអស់តែម្តង”។ អ្មកស្រីបន្តថា “អរគុណមច្ចុរាជ ឲ្យខ្ញុំដឹងស្មារតីធម្មតាវិញ។ ខ្ញុំយល់ព្រមទទួលយក ការឈឺចាប់រូបកាយទាំងអស់នេះ ខ្ញុំមិនបន្ទោស មិនខឹង និង មិនចងគំនុំ អ្នកតាមព្យាបាទអ្នកស្រីទេ ព្រោះជាផល នៃអំពើកម្មរបស់ខ្ញុំ។ ពោលគឺខ្ញុំបន្តសន្សំតែសេចក្តីល្អ ចៀសវាងអោយបាន ការខឹងស្អប់ គំនុំគំគួន ប្រកាន់ច្រើន និងច្រណែនច្រើន ទាំងនេះគឺជាអំពើអកុសល។ ហើយខ្ញុំព្យាយាម ធ្វើតែអំពើមនុស្សធ៌ម រំលែកនូវសេចក្តីទុក្ខព្រួយ សោកសង្រេង របស់ប្រជាពលរដ្ឋរួមជាតិរបស់ខ្ញុំ ដោយយកពាក្យអប់រំ របស់ព្រះអង្គមកផ្សព្វផ្សាយ។

អ្នកស្រី ជាប សុធារី ឲ្យដឹងដូច្នេះ រួចបញ្ជាក់បន្ថែមឲ្យ The Cambodia Daily ដឹងថា អ្នកស្រីមានភារកិច្ចច្រើនណាស់ ត្រូវធ្វើបំរើសេចក្តីត្រូវការ របស់ជនរួមជាតិ។ ដូច្នេះអ្នកស្រីមិនខ្លាចអ្នក ដែលបង្កគ្រោះថ្នាក់ចរាចរណ៍មកលើខ្លួនអ្នកស្រីនោះទេ ទោះជាអ្នកធ្វើអោយអ្នកស្រីជួបគ្រោះថ្នាក់បែបនេះក៏ដោយ ក៏អ្នកស្រីនៅតែជូនពរមនុស្សទាំងឡាយ ជួបសេចក្តីសុខចំរើន ហើយត្រឡប់មកដើរលើផ្លូវត្រូវវិញ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានទទួលស្គាល់ថា អ្នកស្រី ជាប សុធារី ប្រធានសមាគមន៍អាដហុក ប្រចាំខេត្តព្រះសីហនុ ពិតជាជួបគ្រោះថ្នាក់ចរាចរណ៍រងបួសធ្ងន់សន្លប់បាត់ស្មារតី និងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សមត្ថកិច្ចបន្តថា អ្នកស្រី ជាប សុធារី ជួបគ្រោះចរាចរណ៍នៅតាមកំណាត់ផ្លូវជាតិលេខ០៤ ស្ថិតក្នុងមូលដ្ឋានឃុំបិតត្រាង ពិតប្រាកដមែន ។ ប៉ុន្តែមន្ត្រីនគរបាលឃុំបិតត្រាង បានបដិសេធមិនបញ្ជាក់លម្អិតអំពីដើមហេតុ នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស